អវកាសចិន

ចិន​ទទួល​ជោគជ័យ ក្នុងការបាញ់បង្ហោះយានដឹកសម្ភារៈ​សម្រាប់​សាងសង់​ស្ថានីយ៍​អវកាស

រ៉ុកកែត Long March 7 ដែល​ផ្ទុកយានដឹកសម្ភារៈ ទៅកាន់ម៉ូឌុល ស្នូលក្នុង​គន្លងតារាវិថី កាលពីថ្ងៃ​សៅរ៍ទី ២៩ ឧសភា ២០២១
រ៉ុកកែត Long March 7 ដែល​ផ្ទុកយានដឹកសម្ភារៈ ទៅកាន់ម៉ូឌុល ស្នូលក្នុង​គន្លងតារាវិថី កាលពីថ្ងៃ​សៅរ៍ទី ២៩ ឧសភា ២០២១ REUTERS - CHINA DAILY

នៅ​ថ្ងៃ​ទី​២៩ មេសា ចិន​បាន​បាញ់បង្ហោះ Tianhe (ចៀនហេ) ម៉ូឌុល​ទី១ ក្នុងចំណោម​ម៉ូឌុល ៣ សម្រាប់​សាងសង់​ស្ថានីយ៍អវកាស​លើកដំបូង​របស់ខ្លួន។ នៅ​មួយខែ​ក្រោយ គត់ គឺ​ថ្ងៃ​ទី ២៩ ខែ​ឧសភា ម្សិលមិញ ចិនបាន​បាញ់បង្ហោះ​ដោយ​ជោគជ័យ យាន​ដឹកសម្ភារៈ ឧបករណ៍​សម្រាប់ដំណើរការ​សាងសង់​ស្ថានីយ៍អវកាសចិន ឈ្មោះ Tiangong ដែលប្រែជាភាសា​ខ្មែរថា វិមានសួគ៌។ ការបាញ់បញ្ជូន​យាន​ដឹកសម្ភារៈ​ជាបេសកកម្ម​មួយទៀត ក្នុង​ចំណោម​បេសកកម្ម​សរុបចំនួន ១១​ដែល​ទីភ្នាក់ងារ​អវកាស​ចិន ត្រូវធ្វើពី​ពេលនេះដល់ឆ្នាំ២០២២ ដើម្បី​អាច​សម្រេច​គោលដៅ សាងសង់​ជាស្ថាពរ និងដាក់​ឲ្យ​ដំណើរការ ជាផ្លូវការ ស្ថានីយ៍​អវកាស​ចិន នៅ​អំឡុង​ឆ្នាំ ២០២២។

ផ្សាយពាណិជ្ជកម្ម

ចិន​ចាប់សម្រុក​បេសកកម្ម​សាងសង់ ស្ថានីយ៍អវកាស​របស់ខ្លួន ដោយ​មិនបង្អង់ដៃ។ ​បន្ទាប់ពីបញ្ជូន ម៉ូឌុលស្នូល ដែល​ជា កន្លែងស្នាក់នៅ និងទីបញ្ជាការដ្ឋាន​នៃ​អនាគត ស្ថានីយ៍អវកាស ទីភ្នាក់ងារ​អវកាស​ចិន​បានបាញ់​បង្ហោះរ៉ុកកែត  កាលពី​យប់​ថ្ងៃ​សៅរ៍ម្សិលមិញ ដើម្បីនាំ​យក​យាន​ដឹកសម្ភារៈ ទៅកាន់​គន្លងតារាវិថី។ ដូចលើកមុន រ៉ុកកែត Long March  7 ដែលមាន​ទម្ងន់ ១៤​តោន ត្រូវ​បាញ់​ចេញ​ពី​មណ្ឌល​អវកាស Wenchang នៃ​កោះ​ហៃណាន។

តាម​ទីភ្នាក់ងារ អវកាស​ចិន ដែល​ដកស្រង់ ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ថ្មី យានដឹកសម្ភារៈ ចៀនចូ ២ (Tianzhou2) ឬ​យានសួគ៌​បាន​ផ្តាច់ខ្លួន ដោយ​ជោគជ័យ ពី​រ៉ុកកែត ដើម្បី ទៅ​ហោះអណ្តែត និងលាតត្រដាង ផ្ទាំងស្រូបកំដៅព្រះអាទិត្យ នៅក្នុង​គន្លងតារាវិថី។ បន្ទាប់​មក យាន​ដឹកសម្ភារៈ Tianzhou2 នឹង​ទៅ​ភ្ជាប់ខ្លួន ដោយ​ស្វ័យប្រវត្តិ​នឹងម៉ូឌុល​ទី១ ដែល​ជា​ម៉ូឌុលស្នូល នៃ​អនាគត​ស្ថានីយអវកាស​ចិន។

តាមលោក Hao Chun ​ប្រធានទីភ្នាក់ងារ​អវកាសចិន ដែល​ដកស្រង់សំដី​ដោយ ទីភ្នាក់ងារព័ត៌មាន​ចិន​ថ្មី នៅក្នុង​ដំណាក់កាល​ដំបូង គេ​បាន​បញ្ជូន ស្បៀង សម្ភារៈ សម្រាប់​សាងសង់​ស្ថានីយ៍ និងវត្ថុប្រើប្រាស់​ចាំបាច់​ផ្សេងទៀត ដូចជា​ប្រេង​ជាដើម​ទៅកាន់​ម៉ូឌុល​ស្នូល ដែល​ចិន​បាន​បញ្ជូន​ទៅក្នុង​គន្លងតារាវិថី កាលពី​មួយខែ​មុន។ នៅពេល យានដឹកសម្ភារៈ ទៅ​តភ្ជាប់ពេញលេញ ជាមួយ ម៉ូឌុល​ស្នូល Tianhe ហើយ នោះ ចិន​នឹង​ចាប់ផ្តើម រៀបចំ បញ្ជូន អវកាសយានិក បីនាក់ ជាបន្តទៀត។

ចិន​មាន​គម្រោង​ចង់បញ្ចប់ ការសាងសង់ និង​ដាក់​ឲ្យ​ដំណើរការ ស្ថានីយ៍អវកាស​ចិន នៅ​ឆ្នាំ ២០២២។ នៅពេលនោះ ស្ថានីយ៍អវកាស​ចិន Tiangong ឬ វិមានសួគ៌ ដែល​អាច​ដំណើរការ​រយៈពេល ១៥ឆ្នាំ នឹង​ក្លាយ​ជា​ស្ថានីយ៍​អវកាស​តែមួយ ក្នុងលោក នៅបន្ទាប់ពី ស្ថានីយ៍អវកាស​អន្តរជាតិ ដែល​កសាងឡើង​ដោយ​សហរដ្ឋអាមេរិក រុស្ស៊ី និង​ជប៉ុន ត្រូវ​បញ្ចប់​បេសកកម្ម​ទាំងស្រុង នៅ​ឆ្នាំ ២០២៨។

ចាប់ពីពេលនេះ រហូត​ដល់​ឆ្នាំ ២០២២ ចិន​នឹង​មាន​បេសកកម្ម​អវកាស យ៉ាងតិច ៨ ដែលនៅក្នុង​នោះ មាន​៤ ជា​បេសកកម្ម​បញ្ជូន​អវកាសយានិក។ ដើម្បី​ទៅ​បង្រ្គប់ បញ្ចប់ ការសាងសង់​ស្ថានីយ៍អវកាស ចិន​នឹង​បញ្ជូន ម៉ូឌុល ២ផ្សេងទៀត នៅ​ឆ្នាំក្រោយ ដោយ​ប្រើ​រ៉ុកកែត Long March 5B ដែល​ជារ៉ុកកែត​មានកម្លាំងខ្លាំង​ជាងគេបំផុត និង​មាន​សមត្ថភាព​ដឹកជញ្ជូន​យាន ទម្ងន់ ដល់ទៅ​២៥​តោន។ ចិន​ធ្លាប់​បាន​ប្រើ រ៉ុកកែត ប្រភេទ Long March 5B នេះម្តងហើយ ដើម្បី នាំយក ម៉ូឌុល ស្នូល ចៀនហេ ទៅកាន់​គន្លងតារាវិថី​ទាប កាលពីខែ​មេសា។

នៅ​ដើម​ខែ​ឧសភានេះ ចិន​បាន​រងការរិះគន់ ពី​អាមេរិក និងអ្នកជំនាញ ខាងអវកាស ថា បាន​បណ្តោយ​ឲ្យ​រ៉ុកកែត ធ្លាក់ចុះ មក​ផែនដី វិញ ដោយ​សេរី ដោយគ្មាន​បញ្ជា គ្រប់គ្រង​ត្រឹមត្រូវ។ ចិន​ខ្លួនឯងផ្ទាល់​មិនដឹងថា តើ​បំណែករ៉ុកកែត ទម្ងន់​យ៉ាងតិច ១៨តោន ត្រូវ​ធ្លាក់​មកផែនដី​វិញ នៅ​ពេលណា និង​នៅទីកន្លែងណា​នៃផែនដីទេ។ ការណ៍​នេះ​បានធ្វើ​ឲ្យ​គេ​នឹកទៅដល់ បំណែក​យានអវកាស​ចិន ដែលបាន​ធ្លាក់​មកផែនដីវិញ ទៅលើ​ភូមិមួយ នៅ​ប្រទេស​កូតឌីវ័រ កាលពី​ឆ្នាំ មុន ដោយ​មិន​បាន​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជីវិត​មនុស្សទេ។ សំណាងល្អ នៅ​ថ្ងៃទី ៩ឧសភានេះ ទីភ្នាក់ងារ​អវកាស​ចិន បាន​អះអាងថា  រ៉ុកកែត របស់​ចិន​បានធ្លាក់​ទៅក្នុង​មហាសមុទ្រ​ឥណ្ឌា ក្បែរ ប្រទេស​កោះម៉ាល់ឌីវ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI