រ៉ូហ៊ីងយ៉ា-បង់ក្លាដែស

អ.ស.ប ព្រួយបារម្ភ​អំពី​​ស្ថានភាព​​របស់​ប្រជាជន​រ៉ូហ៊ីងយ៉ា ដែល​បង់ក្លាដែស​​យកទៅ​ទុកនៅ​លើ​កោះ Bhashan Char

ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ប្រមាណ​១៨០០០នាក់ ត្រូវបាន​អាជ្ញាធរបង់ក្លាដែស ដឹកពី​ជំរំ Cox's Bazar យកទៅទុកនៅ​លើ​កោះ Bhashan Char។ ថ្ងៃទី ៤ ធ្នូ ២០២០
ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា ប្រមាណ​១៨០០០នាក់ ត្រូវបាន​អាជ្ញាធរបង់ក្លាដែស ដឹកពី​ជំរំ Cox's Bazar យកទៅទុកនៅ​លើ​កោះ Bhashan Char។ ថ្ងៃទី ៤ ធ្នូ ២០២០ AP

ឧត្តមស្នងការដ្ឋានជាន់ខ្ពស់ ទទួលបន្ទុកជនភៀសខ្លួន នៃអង្គការសហប្រជាជាតិ បានថ្លែងការព្រួយបារម្ភ ទាក់ទិននឹង​ស្ថានភាពរស់នៅ របស់​ប្រជាជនរ៉ូហ៊ីងយ៉ាជាច្រើនម៉ឺននាក់ ដែលអាជ្ញាធរបង់ក្លាដែស បានយកទៅទុកនៅលើកូនកោះមួយ ឈ្មោះ Bhashan Char។ ដោយជួបការលំបាកពេក មាន​ជនរ៉ូហ៊ីងយ៉ាមួយចំនួន បាន​ព្យាយាម​រត់គេច​ចេញ​ពីកោះនោះ ហើយត្រូវបានអាជ្ញាធរបង់ក្លាដេស​ចាប់ដាប់​មន្ទីរ​ឃុំឃាំង។ អង្គការ​សហប្រជាជាតិ អំពាវនាវ ឲ្យ​បង់ក្លាដែស ពិនិត្យ​ឡើងវិញ​​អំពី​លក្ខខណ្ឌ​នៃ​ការ​យកជន​ភៀសខ្លួន​រ៉ូហ៊ីងយ៉ា ទៅទុក​នៅលើ​កោះ​​នោះ។

ផ្សាយពាណិជ្ជកម្ម

គិត​ចាប់​ពីខែធ្នូ ឆ្នាំ​២០២០​មក រដ្ឋាភិបាលបង់ក្លាដែល បានបញ្ជូន​ជនភៀស​ខ្លួន​រ៉ូហ៊ីងយ៉ា ចំនួន​១៨០០០នាក់ ពីជំរំ Cox's Bazar យកទៅ​ដាក់​នៅលើ​កូនកោះមួយ ឈ្មោះ Bhashan Char ដែល​ស្ថិត​នៅក្នុង​ឈូង​សមុទ្របង់ហ្កាល់។ គេមានគម្រោង ​បញ្ជូន​ជនភៀសខ្លួន​ប្រមាណ​​១សែននាក់​បន្ថែមទៀត យក​ទៅដាក់​នៅ​លើ​កោះនេះ បន្ទាប់ពី​បានរៀបចំ​សាងសង់​សំណង់​ស្នាក់នៅ​ ចប់រួចរាល់ ​ដើម្បី​រំដោះ​ជនភៀសខ្លួន​នៅជំរំ Cox's Bazar ដែល​មាន​ចំនួន​ដល់ទៅ​ជាង​៨សែននាក់។

ក៏ប៉ុន្តែ មាន​ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា​ ជាច្រើននាក់ បានលើកឡើង​អំពី​លក្ខខណ្ឌ​រស់នៅ​ដ៏លំបាក នៅលើ​កោះ​ទីតាំងថ្មី ហើយ​​បាន​ព្យាយាម​រត់គេច​ចេញ តែត្រូវ​បាន​​អាជ្ញាធរ​​បងក្លាដែស ចាប់​ដាក់​ឃុំ។ តំណាង​២នាក់ របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ជនភៀសខ្លួន UNHCR ដែល​​បាន​ចុះទៅពិនិត្យ​ផ្ទាល់ នៅ​ជំរំ​លើកោះ Bhashan Char បាន​ចេញលិខិត​មួយ​​កាល​ពីថ្ងៃ​ពុធទី ២មិថុនា ​ដោយ​​បាន​ថ្លែង​ការព្រួយបារម្ភ​ អំពី​លក្ខខណ្ឌរស់នៅ របស់​ជនភៀសខ្លួន ព្រមទាំង​បាន​ស្នើសុំពិភាក្សា​យោបល់ ជាមួយ​​រដ្ឋាភិបាល​បង់ក្លាដែស។

ដោយទទួលស្គាល់អំពី សក្តានុពលភាពនៃទីតាំងថ្មី តែអ្នកជំនាញ​អង្គការសហប្រជាជាតិ បានលើកឡើងថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ត្រូវការជំនួយ​ឧបត្ថម្ភច្រើនមុខណាស់ ដើម្បី​ជួយឲ្យ​​ពួកគេអាច​តាំងទី​ រស់នៅ​ដោយ​​សមរម្យ​នៅ​ទីតាំងថ្មី។ ក្រៅពីត្រូវ​មាន​​មុខរបរ​ចិញ្ចឹមជីវិត សកម្មភាពសេដ្ឋកិច្ច​ គេត្រូវរៀបចំ​ឲ្យ​មាន​​សេវា​អប់រំ​បណ្តុះបណ្តាល សាលារៀន មន្ទីរពេទ្យ ព្រមទាំង​សាច់​ប្រាក់​មួយចំនួន ក្នុងការ​ចំណាយ​ចាយវាយ។ លោក Gillian Triggs ឧត្តមស្នងការរង​ទទួល​បន្ទុកសិទ្ធិ​មនុស្ស បាន​សង្កត់ធ្ងន់ថា ទោះ​ជាក្នុង​លក្ខខណ្ឌ​ណាក៏ដោយ ការទៅតាំងទីរស់នៅលើ​កោះ Bhashan Char គឺត្រូវតែឈរ​លើ​គោលការណ៍​ស្ម័គ្រចិត្ត។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា អាច​មានសិទ្ធិ ទៅជំរំ Cox's Bazar ដើម្បីជួបជុំ​ញាតិមិត្ត​បងប្អូន ឬត្រលប់​ទៅរស់នៅ​ទីនោះវិញ។​

ទោះជាយ៉ាង​នេះក្តី អង្គការ UNHCR បានអបអរចំពោះទឹកចិត្តមនុស្សធម៌​ របស់​រដ្ឋាភិបាល​បង់ក្លាដែស ដែល​បាន​ទទួល​យកជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា រាប់សែននាក់ នៅលើ​ទឹកដី​ខ្លួន។ ជាមួយ​នឹងវិបត្តិនយោបាយ​ដ៏ធ្ងន់ធ្ងរ​ក្រោយ​រដ្ឋប្រហារ​យោធា​នៅភូមា ​គេមិន​សង្ឃឹមថា ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ អាចនឹង​ត្រលប់​ទៅ​កាន់​ភូមិស្រុក នៅក្នុង​រដ្ឋរ៉ាឃីន​វិញ ក្នុង​ពេល​ឆាប់ៗនេះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI