អាមេរិក-តៃវ៉ាន់

ទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាអាមេរិកនៅតៃវ៉ាន់ជាមួយនឹងការសន្យាផ្តល់ជំនួយវ៉ាក់សាំងចំនួន ៧៥០ ០០០ដូស

ទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាអាមេរិកនៅតៃវ៉ាន់ជាមួយនឹងការសន្យាផ្តល់ជំនួយវ៉ាក់សាំងចំនួន ៧៥០ ០០០ដូស ថ្ងៃទី៦ មិថុនា ២០២១
ទស្សនកិច្ចរបស់សមាជិកព្រឹទ្ធសភាអាមេរិកនៅតៃវ៉ាន់ជាមួយនឹងការសន្យាផ្តល់ជំនួយវ៉ាក់សាំងចំនួន ៧៥០ ០០០ដូស ថ្ងៃទី៦ មិថុនា ២០២១ AFP - ADEN HSU

នៅ​ថ្ងៃ​អាទិត្យ ទី៦ មិថុនា សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំនួន ៣នាក់ ក្នុង​នោះ មាន ២នាក់​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​ម្នាក់​មក​ពី​គណបក្ស​សាធារណរដ្ឋ​បាន​ទៅ​ដល់​ទឹកដី​តៃវ៉ាន់​តាម​ជើង​យន្តហោះ​យោធា។ នៅ​ក្នុង​ទឹកដី​តៃវ៉ាន់ គណៈប្រតិភូ​អាមេរិក​ទាំង ៣រូប​ប្រកាស​ពី​ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង​ឲ្យ​តៃវ៉ាន់​ចំនួន ៧៥០ ០០០ដូស។ វត្តមាន​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង ៣នាក់​នៅ​តៃវ៉ាន់​ពេល​នេះ​ធ្វើ​ឡើង ខណៈ​ដែល​តៃវ៉ាន់​កំពុង​ប្រឈម​នឹង​សន្ទុះ​កំណើន​ករណី​ឆ្លង​កូវីដ១៩ និង​ចំ​ពេល​ដែល​តៃវ៉ាន់​កំពុង​ខ្វះ​វ៉ាក់សាំង។

ផ្សាយពាណិជ្ជកម្ម

គឺ​នៅ​អាកាសយានដ្ឋាន​សុងឆាន​ក្នុង​ទីក្រុង​តៃប៉ិក​ដែល​យន្តហោះ​យោធា​មួយ​គ្រឿង​ដឹក​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំនួន ៣រូប​បាន​ចុះ​ចត។ សមាជិក​ព្រឹទ្ធសភា​អាមេរិក​ទាំង ៣រូប​ដែល​មាន ២នាក់​មក​ពី​គណបក្ស​ប្រជាធិបតេយ្យ និង​ម្នាក់​មក​ពី​គណបក្ស​សាធារណរដ្ឋ គឺ​លោកស្រី Tammy Duckworth លោក Christopher Coons និង​លោក Dan Sullivan។ « យើង​នៅ​ទី​នេះ​ក្នុង​នាម​ជា​មិត្ត​របស់​តៃវ៉ាន់ ព្រោះ​យើង​ដឹង​ថា​សព្វថ្ងៃ តៃវ៉ាន់​កំពុង​ប្រឈម​នឹង​ការ​លំបាក​ជា​ច្រើន។ នេះ​ហើយ​ជា​ហេតុផល​សំខាន់​នៃ​វត្តមាន​របស់​យើង​ទាំង ៣នាក់​មក​ពី​គណបក្ស​ទាំង​ពីរ » នេះ​ជា​ការ​ថ្លែង​របស់​លោកស្រី Tammy Duckworth។

ទោះ​បី​លោកស្រី Tammy មិន​បាន​បញ្ជាក់​ពី​ការ​លំបាក​ដែល​តៃវ៉ាន់​កំពុង​ជួប​ការ​លំបាក​ក៏​ដោយ​ក៏​គេ​ដឹង​ថា តៃវ៉ាន់​កំពុង​ប្រឈម​នឹង​សន្ទុះ​ករណី​ឆ្លង​កូវីដ១៩ និង​កំពុង​ខ្វះ​វ៉ាក់សាំង​បង្ការ​កូវីដ១៩។ គួរ​រម្លឹក​ថា​តាំង​ពី​ផ្ទុះ​កូវីដ១៩ ដំបូង តៃវ៉ាន់​គ្រប់គ្រង​ជំងឺ​ឆ្លង​មួយ​នេះ​បាន​ល្អ​ដោយ​មាន​ករណី​ឆ្លង​ត្រឹម​រយនាក់ និង​មាន​ស្លាប់​តិច​ជាង ១០នាក់។ តែ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុង​ក្រោយ​នេះ ចំនួន​ករណី​ឆ្លង​បាន​ស្ទុះ​ឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ដែល​មាន​ប្រមាណ ១០ ០០០នាក់ និង​មាន​ស្លាប់ ១៦៦នាក់​គិត​ត្រឹម​ថ្ងៃ​អាទិត្យ ទី៦ មិថុនា។ ទាក់ទង​នឹង​វ៉ាក់សាំង តៃវ៉ាន់​ដែល​មាន​ពលរដ្ឋ​ចំនួន ២៣លាន​កន្លះ​នាក់​ទើប​ទទួល​បាន​វ៉ាក់សាំង AstraZeneca តែ​ចំនួន ៧២៦ ៦០០ដូស និង​វ៉ាក់សាំង Moderna ចំនួន ១៥០ ០០០ដូស។

ភាព​យឺតយ៉ាវ​នៃ​ការ​ទទួល​វ៉ាក់សាំង​ត្រូវ​បាន​តៃវ៉ាន់​ចង្អុល​មុខ និង​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​ដាក់​ចិនដីគោក។ តាម​រយៈ​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​ចំនួន ៣នាក់​នៅ​តៃវ៉ាន់​ពេល​នេះ រដ្ឋបាល​អាមេរិក​ប្រកាស​ផ្តល់​វ៉ាក់សាំង​ចំនួន ៧៥០ ០០០ដូស​ឲ្យ​តៃវ៉ាន់។ គួរ​រម្លឹក​ថា អាមេរិក​បាន​ផ្តាច់​ទំនាក់ទំនង​ការទូត​ជា​មួយ​តៃវ៉ាន់​ក្នុង​ឆ្នាំ ១៩៧៩ ដើម្បី​ទទួល​ស្គាល់​ចិនដីគោក​ជា​តំណាង​ចិន​ផ្លូវការ​តែ​មួយ។ តែ​ក្នុង​ពេល​ជាមួយ​គ្នា អាមេរិក​បន្ត​ស្ថិត​ជា​មិត្ត​ចាក់ទឹកមិនលេច​របស់​តៃវ៉ាន់ និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ទី១ ឲ្យ​តៃវ៉ាន់។ ក្រៅ​ពី​អាមេរិក ជប៉ុន​ក៏​បាន​ប្រកាស​ក្នុង​ថ្ងៃ​សុក្រ ទី៤ មិថុនា​ពី​ការ​ផ្តល់​ជំនួយ​វ៉ាក់សាំង AstraZeneca ចំនួន ១លាន ២សែន​ដូស​ឲ្យ​តៃវ៉ាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI