ភូមា ៖ សវនាការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី នឹងចាប់បើកធ្វើនៅថ្ងៃទី ១៤មិថុនា
ចុះផ្សាយនៅថ្ងៃ៖
លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំភូមា ដែលក្រុមយោធាបានធ្វើរដ្ឋប្រហារទម្លាក់ពីតំណែងកាលពីថ្ងៃទី ១កុម្ភៈ២០២១ រងការចោទប្រកាន់ចំនួន៦ ករណី មានតាំងពីការប្រព្រឹត្តអំពើពុករលួយ ទទួលសំណូក ញុះញង់ឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ ដល់បទរំលោភការសម្ងាត់រដ្ឋ។ ឥលូវដល់ពេលត្រូវកាត់ទោសហើយ ! សវនាការកាត់ទោសលោកស្រី នឹងចាប់បើកនៅថ្ងៃទី ១៤មិថុនា២០២១ សប្តាហ៍ក្រោយ។ នេះបើតាមក្រុមមេធាវីការពារលោកស្រីបញ្ជាក់ប្រាប់ភ្នាក់ងារសារព័ត៌មានបារាំង AFP នៅថ្ងៃចន្ទទី ៧មិថុនា២០២១។
សវនាការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី លើសំណុំរឿងទីមួយ នឹងត្រូវចាប់ផ្តើម នៅថ្ងៃចន្ទទី ១៤មិថុនា នៅតុលាការក្រុងណៃពិដោរ។ ចំណែកសំណុំរឿង ទីពីរ ដែលតុលាការបានចោទប្រកាន់ លោកស្រី និងអតីតប្រធានាធិបតី ភូមា លោក វីន មីង ពីបទញុះញង់ឱ្យមានការបះបោរ នឹងបើកធ្វើ ចាប់ពីថ្ងៃអង្គារទី ១៥មិថុនា នៅក្រុងណៃពិដោរដែរ។ សវនាការកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ទាំងពីរករណីនឹងត្រូវចប់ នៅចុងខែកក្កដា ២០២១។ នេះបើតាមការអះអាងរបស់លោកស្រីមេធាវី Min Min Soe ក្រោយពីបានជួបសន្ទនាជាមួយកូនក្តី លោកស្រី អ៊ុងសានស៊ូជី រយៈពេល៣០នាទី និងជាលើកទីពីរប៉ុណ្ណោះ គិតចាប់តាំងពីថ្ងៃចាប់ខ្លួនមក។
ចំណែកបទចោទប្រកាន់ ដែលមានលក្ខណៈធ្ងន់ធ្ងរខ្លាំងជាងគេ ស្តីពីការរំលោភច្បាប់សម្ងាត់រដ្ឋ (ច្បាប់កាលពីសម័យក្រោមអាណានិគម) នឹងត្រូវតុលាការក្រុងរ៉ង់ហ្គូនកោះហៅនៅពេលក្រោយ។
ជាឆាកឈុតសវនាការដែលរបបខុសច្បាប់ភូមាបានរៀបចំប្រឌិតឡើងដើម្បីទម្លាក់ប្រជាប្រិយភាពរបស់មេដឹកនាំដែលប្រសូតចេញពីការបោះឆ្នោតតែប៉ុណ្ណោះ។ នេះបើតាមការបរិហាររបស់អ្នកសង្កេតការណ៍។
ធ្លាប់ជាប់ឃុំឃាំងក្នុងគេហដ្ឋានអស់រយៈពេល១៥ឆ្នាំ លោកស្រី ដែលមានអាយុ៧៥ឆ្នាំទៅហើយ អាចនឹងត្រូវជាប់ពន្ធនាគារជាច្រើនឆ្នាំ និងពុំអាចធ្វើនយោបាយបានទៀតទេ ប្រសិនបើតុលាការរកឃើញថាលោកស្រី ពិតជាបានប្រព្រឹត្តកំហុសមែន។
លោកស្រីជ័យលាភីណូបែលសន្តិភាពឆ្នាំ១៩៩១ ត្រូវបានក្រុមយោធាភូមា ចាប់ខ្លួននៅព្រឹកព្រហាមថ្ងៃទី ១ កុម្ភៈ និងយកទៅឃុំនៅទីកន្លែងសម្ងាត់មួយ ដោយទើបតែអាចលេចជាសាធារណៈជាលើកទីមួយ នៅចំពោះមុខតុលាការ នៅថ្ងៃទី ២៤ឧសភា២០២១។ ក្រុមយោធាភូមា ថែមទាំងបានគំរាមរំលាយគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរបស់លោកស្រីអ៊ុងសានស៊ូជីទៀតផង ពីបទលួចបន្លំសន្លឹកឆ្នោតនៅក្នុងសម័យបោះឆ្នោតសភាកាលពីឆ្នាំ២០២០។ ការអង្កេតបានបញ្ចប់ហើយ សេចក្តីសម្រេចនឹងត្រូវប្រកាសឱ្យដឹងនៅក្នុងពេលឆាប់ៗ ដោយគណៈកម្មការរៀបចំបោះឆ្នោត ស្និទ្ធនឹងក្រុមឧត្តមសេនីយ៍កាន់អំណាច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ