ចិន-វ៉ាក់សាំងបង្ការកូវីដ

ចិនអនុញ្ញាតឲ្យចាក់វ៉ាក់សាំងSinovac ដល់ក្មេង ចាប់ពីអាយុ ៣ឆ្នាំឡើងទៅ

វ៉ាក់សាំងចិន Sinovac
វ៉ាក់សាំងចិន Sinovac AP - Ng Han Guan

ចិន​នឹង​ក្លាយ​ជាប្រទេស​ដំបូងគេ លើលោក ដែល​នឹង​អនុញ្ញាត​ឲ្យ​គេ​ប្រើប្រាស់​វ៉ាក់សាំង​បង្ការកូវីដ សម្រាប់​ចាក់កូនក្មេង អាយុ ចាប់ពី​៣ឆ្នាំ​ឡើងទៅ។ តាម​ក្រុមហ៊ុន​ផលិតឱសថ​ចិន Sinovac ដែល​បាន​បញ្ជាក់ព័ត៌មាននេះ ទៅ ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP នៅ​ថ្ងៃ​អង្គារនេះ វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Sinovac ត្រូវ​បាន​អាជ្ញាធរ​ចិន អនុញ្ញាត​ឲ្យប្រើប្រាស់ បន្ទាន់ សម្រាប់​កុមារ មានអាយុ​ចាប់ពី​៣ឆ្នាំ រហូត​ដល់​អាយុ ១៧ឆ្នាំ។

ផ្សាយពាណិជ្ជកម្ម

តាម​ក្រុមហ៊ុន​ផលិត​ឱសថ​ចិន Sinovac ប្រទេស​ចិន កំពុង​ត្រៀម​ចាក់វ៉ាក់សាំង​បង្ការ​កូវីដ ដល់​កុមារ ចាប់ពី​អាយុ ៣ឆ្នាំឡើងទៅ។ ការណ៍នេះ​នឹង​ធ្វើ​ឲ្យ​ចិន ក្លាយ​ជា​ប្រទេស​ដំបូងគេ ក្នុង​ពិភពលោក ដែល​អនុញ្ញាត​ឲ្យ​គេ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺកូវីដ ដល់​មនុស្ស​វ័យក្មេង​បំផុត។

តាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន Sinovac អាជ្ញាធរ​ចិន បាន​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​បន្ទាន់ វ៉ាក់សាំង​បង្ការកូវីដ របស់​ក្រុមហ៊ុន Sinovac សម្រាប់​កុមារ ចាប់ពី​អាយុ ៣ ទៅ ១៧ឆ្នាំ។ គេ​នៅមិនទាន់​ដឹងថា តើ​ដំណើរការ​ចាក់វ៉ាក់សាំង សម្រាប់​កុមារ​នឹង​ចាប់ផ្តើម​ឡើង នៅពេលណានោះទេ។ បើតាម​ក្រុមហ៊ុន Sinovac គឺ​អាជ្ញាធរ​សុខាភិបាល​ចិន ដែល​ជា​អ្នកកំណត់​កាលបរិច្ឆេទ។

ក្រុមហ៊ុន​ Sinovac​ទើប​បាន​បញ្ចប់​ដំណាក់កាល ធ្វើតេស្តសាកល្បង វ៉ាក់សាំង ជាមួយ កុមារ និង​ក្មេងជំទង់។ នៅ​ចុងសប្តាហ៍មុន ទូរទស្សន៍រដ្ឋ​ចិន CCTV បាន​ដកស្រង់​សំដី របស់​មន្រ្តី​ក្រុមឆ្លើយតប​ជំងឺរាតត្បាត នៃក្រុមប្រឹក្សារដ្ឋ​ចិន ដែល​ថា វ៉ាក់សាំង​របស់​Sinovac មាន​សុវត្ថិភាព និង​មាន​ប្រសិទ្ធិភាព សម្រាប់​កុមារ។ តាមអ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ផលិត​ឱសថ​ Sinovac លទ្ធផល​នៃប្រសិទ្ធិភាព​របស់​វ៉ាក់សាំង នឹង​ត្រូវ​ចុះផ្សាយ នៅក្នុង​ទស្សនាវដ្តី សុខភាព​ដ៏ល្បីឈ្មោះ Lancet ​នៅពេល​ឆាប់ៗ​ខាងមុខ។

វ៉ាក់សាំង​របស់​ក្រុមហ៊ុន​ Sinovac​ស្ថិតក្នុង​ចំណោម​វ៉ាក់សាំង ចំនួន​៣ ដែល​អាជ្ញាធរ​ចិន​បើកភ្លើងខៀវ​ឲ្យ​ប្រើប្រាស់​សម្រាប់​មនុស្ស​ចាស់ ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ។ ក្រៅពី Sinovac មាន​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំងមួយទៀត គឺ Sinopharm ដែលអះអាងថា វ៉ាក់សាំង​របស់ខ្លួន ក៏មាន​ប្រសិទ្ធិភាព សម្រាប់ការពារ​កុមារ​ពីជំងឺកូវីដដែរ។ ប៉ុន្តែ ក្រុមហ៊ុន​មិន​បាន​បញ្ជាក់​ថា តើវ៉ាក់សាំង របស់​ Sinopharm បាន​ទទួល​ភ្លើងខៀវ​ពី​អាជ្ញាធរ​ដែរឬ​យ៉ាងណា​នោះទេ។

ប្រទេស​ចិន ដែលបាន​គ្រប់គ្រង​ស្ថានភាព​កូវីដ បានទាំងស្រុង ចាប់តាំង​ពី​ពាក់កណ្តាល​ឆ្នាំមុន បាន​ពន្លឿន យុទ្ធនាការ​ចាក់វ៉ាក់សាំង ដល់​ប្រជាជន​របស់ខ្លួន រហូត ដល់​បាន ៧៧៧​លាន​នាក់។ ដោយ សម្រេច ចាក់វ៉ាក់សាំង ដល់​កុមារ ចាប់ពី​អាយុ ៣ឆ្នាំ ឡើងទៅ ប្រទេស​ចិន ចង់​សម្រេច​គោលដៅ របស់ខ្លួន នោះ គឺ​ការចាក់វ៉ាក់សាំង​បង្ការកូវីដ ឲ្យបាន ៧០ភាគរយ​នៃ​ប្រជាជន​សរុប ជាង ១៤០០​លាននាក់ ពីពេលនេះ រហូត​ដល់​ចុងឆ្នាំ ២០២១។

ទទួល​ស្គាល់​ដោយ​អង្គការ​សុខភាព​ពិភពលោក វ៉ាក់សាំង របស់ក្រុមហ៊ុន​ចិន Sinovac និង Sinopharm ​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យប្រើប្រាស់ នៅក្នុង​បណ្តាប្រទេស​ជាច្រើន សម្រាប់​មនុស្ស ចាប់​ពី​អាយុ ១៨ឆ្នាំឡើងទៅ។

សូមបញ្ជាក់ថា នៅពេល​អង្គការ​សុខភាព​ពិភពលោក នៅមិនទាន់ អនុញ្ញាត​ឲ្យ​គេ​ប្រើប្រាស់ វ៉ាក់សាំង សម្រាប់​ក្មេង អាយុ ក្រោម ១៨ឆ្នាំ បណ្តា​ប្រទេស​អ្នកមាន មួយចំនួន ដូចជា អាមេរិក កាណាដា អង់គ្លេស សិង្ហបុរី និង សហភាព​អឺរ៉ុប បាន​ចាប់ផ្តើម​រួចហើយ ដំណើរការ ចាក់វ៉ាក់សាំង ដល់ក្មេងជំទង់ ចាប់ពី ១២​ឆ្នាំឡើងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI