ចិន-អាមេរិក-តៃវ៉ាន់

សហរដ្ឋ​អាមេរិក នឹង​ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាមួយ​កោះ​តៃវ៉ាន់

Taipei Grand Hotel បើកភ្លើងបំភ្លឺ ''USA'' ដើម្បីអរគុណសហរដ្ឋអាមេរិក ដែលផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ចំនួន​ ៧៥០០០០ដូស។ ក្រុងតៃប៉ិ ថ្ងៃទី ៦ មិថុនា ២០២១
Taipei Grand Hotel បើកភ្លើងបំភ្លឺ ''USA'' ដើម្បីអរគុណសហរដ្ឋអាមេរិក ដែលផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ​១៩ ចំនួន​ ៧៥០០០០ដូស។ ក្រុងតៃប៉ិ ថ្ងៃទី ៦ មិថុនា ២០២១ AP - Chiang Ying-ying

សហរដ្ឋអាមេរិក នឹងចាប់ផ្តើមចរចា ដើម្បីចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ជាមួយកោះតៃវ៉ាន់។ នេះបើផ្អែក​តាមការ​លើកឡើង របស់​លោក អង់តូនី ប្លីងកិន​ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក។ គួរបញ្ជាក់​ថា គម្រោងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្ម​ជាមួយ​តៃវ៉ាន់នេះ គឺជា​ការ​បោះជំហាន ទៅកាន់តែ​ជ្រៅ ក្នុង​ការគាំទ្រ ​ជួយ​តៃវ៉ាន់ ពី​សំណាក់​សហរដ្ឋអាមេរិក។ គោលជំហរ​កាន់តែ​ច្បាស់នេះ អាចធ្វើឲ្យ​​ចិន និង​អាមេរិក ​មើលមុខ​គ្នា កាន់តែ​លែង​ត្រង់។

ផ្សាយពាណិជ្ជកម្ម

នៅចំពោះមុខអង្គសភា កាលពីថ្ងៃចន្ទ​ទី​៧មិថុនា លោក​អង់តូនី ប្លីងកិន ប្រមុខ​ការទូត​អាមេរិក បាន​បញ្ជាក់​ថា សហរដ្ឋ​អាមេរិក មាន​គម្រោង​បើកការ​ចរចា​ជាមួយតៃវ៉ាន់ ដើម្បី​​បង្កើត​កិច្ច​ព្រមព្រៀងពាណិជ្ជកម្ម​មួយ។ សេចក្តី​​លំអិត​យ៉ាងណា ទាក់ទិន​នឹង​ការចរចា​នេះ គឺលោកស្រី កាតឺរីន តៃ​ មន្ត្រីអាមេរិក​ទទួល​បន្ទុក​កិច្ចការ​ពាណិជ្ជកម្ម នឹង​​មក​​ឆ្លើយ​បំភ្លឺ​នៅថ្ងៃខាងមុខ។

គួរកត់សំគាល់​ថា ប្រសិនបើសហរដ្ឋអាមេរិក ចុះ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាមួយ​​កោះ​តៃវ៉ាន់​មែននោះ នោះ​ចិន​ប្រាកដ​ជាមិន​សប្បាយ​ចិត្តនោះទេ ព្រោះ​ថាសម្រាប់ចិន តៃវ៉ាន់​គឺស្ថិត​នៅ​ក្នុងដែន​អធិបតេយ្យ​របស់ខ្លួន ដោយ​គ្មាន​នរណា​អាច​រំលងចិន ទៅចុះ​កិច្ច​ព្រមព្រៀង​ជាមួយ​តៃវ៉ាន់ ដោយផ្ទាល់​បានឡើយ។

សូមរំលឹកថា សហរដ្ឋអាមេរិក បានសម្រេចទទួលស្គាល់ សាធារណរដ្ឋចិន​ប្រជាមានិត នៅ​ឆ្នាំ​១៩៧៩ ហើយ​បាន​​ផ្តាច់​ចំណង​ការទូត​ជាផ្លូវការ ជាមួយ​តៃវ៉ាន់។ ក៏ប៉ុន្តែ យ៉ាងណា​ក៏ដោយ សហរដ្ឋ​អាមេរិក នៅតែ​រក្សា​ទំនាក់ទំនង​មិនផ្លូវការ​ជាមួយតៃវ៉ាន់ ហើយ​​អាមេរិក​គឺជា​អ្នកផ្គត់ផ្គង់ ​គ្រឿងសព្វាវុធ​ច្រើន​ជាង​គេ​បង្អស់​ ទៅឲ្យ​តៃវ៉ាន់។ យ៉ាងណាមិញ កាលពីថ្ងៃ​ចន្ទ លោករដ្ឋមន្ត្រី​ការបរទេស​អាមេរិក បាន​បញ្ជាក់ថា តៃវ៉ាន់​មាន​សិទ្ធិ​ការពារខ្លួន ហើយ​សហរដ្ឋ​អាមេរិក នឹងនៅ​តែបន្ត ផ្គត់ផ្គង់សម្ភារៈ​សព្វាវុធ ដើម្បី​ជួយ​តៃវ៉ាន់ ក្នុង​ការ​ការពារខ្លួន។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ចិន​បាន​បង្ហាញ​សញ្ញា​​ជាញឹកញាប់ ប្រាប់​ទៅតៃវ៉ាន់​ ថាចិននឹង​ប្រើកម្លាំង វាយ​សង្គ្រប់​នៅថ្ងៃណា​មួយ​ដែល​ចាំបាច់ ប្រសិនបើ​តៃវ៉ាន់ ហ៊ាន​ប្រកាស​ឯករាជ្យ។

ដោយឡែក កាលពីថ្ងៃអាទិត្យ សប្តាហ៍កន្លង​ទៅ គណប្រតិភូ​សមាជិក​ព្រឹទ្ធសភា​អាមេរិក មាន​គ្នា​៣នាក់ បាន​ទៅដល់​ទីក្រុងតៃប៉ិ ហើយ​​បាន​ប្រកាសថា អាមេរិកនឹង​ផ្តល់​ជំនួយ​​ជាវ៉ាក់សាំង ចំនួន​​៧៥​ម៉ឺនដូស ដល់​កោះតៃវ៉ាន់។ ទាក់ទិន​បញ្ហាកូវីដ​១៩នេះ តៃវ៉ាន់​បាន​ចោទចិន ថាបាន​​ប្រើមធ្យោបាយ​ផ្សេងៗ រារាំង​មិនឲ្យ​​តៃវ៉ាន់ អាច​ទទួល​បាន​ឱសថ​​ព្យាបាល និង​​វ៉ាក់សាំង​ប្រឆាំង​កូវីដ​១៩។ តៃវ៉ាន់​ដែល​មាន​ប្រជាជន​ប្រមាណ​​ជាង​២៣​លាននាក់ រហូត​មកទល់​ពេលនេះ បាន​ទទួលវ៉ាក់សាំង ​AstraZeneca ចំនួន​ជាង​​៧២​ម៉ឺនដូស និង​វ៉ាក់សាំង​​ Moderna ​ចំនួន ១៥ម៉ឺន​ដូស តែប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI