ចិន-លុយឌីជីថល

ចិន​ចាប់​ខ្លួន​មនុស្ស​ជាង​១ពាន់​នាក់​ពីបទ​ប្រើលុយឌីជីថល​ដើម្បី​លាង​លុយ​កខ្វក់

bitcoin លុយ​ឌីជីថល​ដែលល្បី ជាងគេ
bitcoin លុយ​ឌីជីថល​ដែលល្បី ជាងគេ REUTERS - DADO RUVIC

នៅក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បណ្តាញរកស៊ីបន្លំ​​​បោកប្រាស់ ​ អាជ្ញាធរ​ចិន​បាន​ចាប់​ខ្លួន​មនុស្ស​ជាង​មួយពាន់​នាក់​ ដែល​ជាប់ពាក់ព័ន្ធ​នឹង​ការ​​ប្រើ​លុយ​ឌីជីថល​ ដើម្បី​លាង​លុយ​កខ្វក់។ នេះ​បើ​តាម​សេចក្តីជូន​ដំណឹង​របស់​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន។ កាលពីពេលមុន​ចិន​ ​ជាប់​ឈ្មោះល្បី​ខាងកន្លែង​ផលិត​​​លុយ​ឌីជីថល​ (Bitcoin Cryptomonnaies …) ដ៏​ធំនិង​សកម្មមួយ​។

ផ្សាយពាណិជ្ជកម្ម

តាំងពី​ឆ្នាំ​២០១៩​មក ប៉េកាំង​មានរបត់​នយោបាយ​ថ្មី ទាក់ទង​នឹង​ការ​ប្រើ​លុយ​ឌីជីថល ដោយ​ចាត់​ទុក​ការ​ប្រើ​លុយ cryptomonnaies ​ ជា​ឧបករណ៍​បម្រើ​សេវាកម្ម​បែប​ឧក្រិដ្ឋ។ កាលពី​ខែមុនចិន​បាន​រំលឹក​វិន័យ​នៃការ​ប្រើប្រាស់​លុយ​ឌីជីថល​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​តម្លៃលុយ bitcoin ​​ដាំ​ក្បាលចុះ​ជា​ខ្លាំង។

ហើយនៅ​​ថ្ងៃពុធ​ទី ៩​មិថុនា២០២១ មានមនុស្ស​​ជា​សរុប ​១១០០​នាក់ រស់​នៅប៉េកាំង និងបណ្តាខេត្ត​ផ្សេងៗ​ ​ពេញ​​ផ្ទៃនៃ​ប្រទេស​ចិន ត្រូវ​បាន​ចាប់​ខ្លួន ពី​បទ​សង្ស័យ​ថា​ពួក​គេ​ជា​បណ្តាញ​ក្រុម​ឧក្រិដ្ឋ ដែល​ប្រើប្រាស់​លុយ​ឌីជីថល​សម្រាប់​លាង​លុយ​កខ្វក់ បាន​មក​ពី​សកម្មភាព​បន្លំ​បោកប្រាស់​តាម​​ទូរស័ព្ទ និង​តាមអ៊ីនធ័រនែត។ ប៉ុន្តែ​អាជ្ញាធរចិន​មិន​បាន​បញ្ជាក់​អំពី​ទំហំ​​​ទឹក​ប្រាក់​ ឬ​ប្រភេទ​លុយ​ឌីជីថល របស់​ក្រុម​​នោះ​ទេ។

ចិន​អនុគ្រោះ​ឱ្យ​ពល​រដ្ឋ​ទិញ​លុយ​ឌីជីថល​ ប៉ុន្តែ​ប៉េកាំង​ព្រួយ​បារម្ភ​ខ្លាច​ការ​បំប៉ោង​លុយ​ឌីជីថល​ ដែល​គ្មានដាន​និងគ្មាន​​ឈ្មោះ​ម្ចាស់ បង្ក​ហានិភ័យ​ដល់​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ចិន​និង​ស្ថិរភាព​សង្គម​ចិន​។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​តាំងពី​ប៉ុន្មាន​សប្តាហ៍​មក​នេះ ចិន បាន​កំរិត​សកម្មភាពផលិត​លុយ​ឌីជីថល​ ដែ​ល​ជា​ដំណើរការ​ស៊ីថាមពល​ខ្លាំង​ ឬ​ហាមឃាត់​តែម្តងនៅ​តាមខេត្ត​ជាប់ព្រំដែន​ទីបេ និង​តំបន់​ស៊ីនជាំង។ តំបន់​ម៉ុងហ្គោលី​ខាង​ក្នុង​ ដែល​ស្ថិត​នៅ​ភាគ​ខាង​ជើង​បំផុតនៃ​ប្រទេស និង​ដែល​ធ្លាប់​ជា​កន្លែង​មាន​សកម្មភាពផលិត​​លុយ​ឌីជីថល crytomonnaies ​ ខ្លាំង ក៏​បាន​ប្រកាស​ហាមឃាត់​រួច​ហើយ​កាលពី​ខែ​ឧសភា ដោយ​ឈរ​លើ​ហេតុផល​បរិស្ថាន។

កាលពី​​ខែ​ឧសភា អាជ្ញាធរ​ចិនធ្លាប់​​បាន​បំបែក​បណ្តាញ​​ឆបោក​លុយ​ឌីជីថល cryptomonnaies ​មួយ​ក្រុម​ដែរ ដោយ​មានចាប់ខ្លួនមនុស្ស​ជាង​២ពាន់​នាក់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI