ចិន

Amnesty International៖ទង្វើរបស់ចិនលើជនជាតិភាគតិចអ៊ុយហ្គួរជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

លោកស្រី Agnès Callamard អគ្គនាយក Amnesty International
លោកស្រី Agnès Callamard អគ្គនាយក Amnesty International AP - Christophe Ena

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១០ មិថុនា អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ Amnesty International បាន​ចេញ​ផ្សាយ​របាយការណ៍​មួយ​ស្តីពី​ស្ថានភាព​របស់​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​នៅ​ក្នុង​ខេត្ត​ស៊ីនជាំង ប្រទេស​ចិន។ របាយការណ៍​ដែល​មាន​កម្រាស់ ១៦០ទំព័រ​បាន​លើក​ឡើង​ពី​ទង្វើ​របស់​ចិន​លើ​ពួក​អ៊ុយហ្គួរ និង​ក្រុម​ជនជាតិ​ភាគតិច​ផ្សេង​ទៀត ដូច​ជា​ការ​ចាប់​ឃុំ ការ​ធ្វើ​ទារុណកម្ម និង​ការ​ធ្វើ​ទុក្ខបុកម្នេញ​តាម​រូបភាព​ច្រើន​ទៀត។ Amnesty International បាន​ចាត់​ទុក​ទង្វើ​របស់​ចិន​លើ​ជនជាតិ​អ៊ុយហ្គួរ​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​របាយការណ៍​កម្រាស់ ១៦០ទំព័រ Amnesty International បាន​ស្រង់​សម្តី​សាក្សី​ថ្មីៗ​ប្រមាណ​ជាង ១០នាក់​ដែល​សុទ្ធសឹង​ជា​អតីត​អ្នក​ទោស​អ៊ុយហ្គួរ​នៅ​ជំរំ​ឃុំឃាំង​ស្ថិត​ក្នុង​តំបន់​ស្វយ័ត​ស៊ីនជាំង។ អតីត​អ្នកទោស​អ៊ុយហ្គួរ​ទាំង​នោះ​បាន​រៀបរាប់​ពី​វិធានការ​ជ្រុលនិយម​របស់​រដ្ឋអំណាច​ចិន​ទៅ​លើ​ជនជាតិ​ភាគតិច​អ៊ុយហ្គួរ​តាំង​ពី​ឆ្នាំ ២០១៧ ក្នុង​គោលដៅ​គាស់​ទាំង​ឫស​នូវ​ទំនៀមទម្លាប់ប្រពៃណី​សាសនា ការ​ប្រតិបត្តិ​វប្បធម៌ និង​ភាសា។ សាក្សី​ជា​អតីត​អ្នកទោស​អ៊ុយហ្គួរ​ដដែល​ក៏​បាន​លើក​ឡើង​ពី​ការ​អប់រំ​ដោយ​បង្ខំ​នៅ​ក្នុង​ជំរំ​ដើម្បី​ឲ្យ​ពួក​អ៊ុយហ្គួរ​បោះបង់​ចោល​ជំនឿ​សាសនា​អ៊ីស្លាម បោះបង់​ចោល​ភាសា​ដើម​ដោយ​ងាក​ទៅ​រៀន​ភាសា​ចិន​ដូច​ពលរដ្ឋ​ចិន​ទូទៅ និង​រៀន​ទ្រឹស្តី​ឃោសនា​របស់​គណបក្ស​កុម្មុយនិស្ត។

Amnesty International បាន​បញ្ជាក់​ថា អតីត​អ្នកទោស​អ៊ុយហ្គួរ​ទាំង​អស់​បាន​លើក​ឡើង​ដូច​គ្នា​ពី​ការ​ធ្វើ​ទារុណកម្ម ការ​វាយដំ ទាត់ធាក់ រួម​ទាំង​ការ​មាន​ដំណេក និង​អាហារ​មិន​គ្រប់គ្រាន់។ តាម Amnesty International  មាន​អ្នកទោស​ម្នាក់​បាន​ស្លាប់​ដោយ​ចង​ជាប់​នឹង​កៅអី​រយៈពេល ៧២ម៉ោង​នៅ​ពី​មុខ​អ្នកទោស​ផ្សេង​ទៀត។ លោកស្រី Agnès Callamard អគ្គនាយក Amnesty International បាន​បញ្ជាក់​ដោយ​មិនលាក់លៀម​ថា ជនជាតិ​ភាគតិច​អ៊ុយហ្គួរ កាហ្សា និង​ជនជាតិ​ភាគតិច​ផ្សេង​ទៀត​អ្នក​កាន់​សាសនា​អ៊ីស្លាម​កំពុង​ប្រឈម​នឹង​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ទង្វើ​រំលោភសិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​ផ្សេង​ទៀត។

លោកស្រី Agnès Callamard បាន​អំពាវនាវ​ឲ្យ​បិទជំរំ​នៅ​ខេត្ត​ស៊ីនជាំង និង​ស្នើ​ឲ្យ​អង្គការ​សហប្រជាជាតិ​បើក​ការ​ស៊ើបអង្កេត​មួយ។ គួរ​រម្លឹក​ថា យោង​តាម​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ មាន​ជនជាតិ​ភាគតិច​អ៊ុយហ្គួ​ជាង ១លាននាក់​ត្រូវ​បាន​រដ្ឋអំណាច​ចិន​ឃុំ​នៅ​ក្នុង​ជំរំ​លត់ដំ​មួយ​ដ៏​ធំ​ស្ថិត​ក្នុង​តំបន់​ស្វយ័ត​ស៊ីនជាំង។ តែ​ចិន​តែង​ចេញ​មុខ​បដិសេធ និង​បញ្ជាក់​ច្រើន​ដង​ថា ជំរំ​នោះ​មិនមែន​ជា​ជំរំ​លត់ដំ​ស្អី​ទេ តែ​ជា​មជ្ឈមណ្ឌល​អប់រំ​វិជ្ជាជីវៈ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI