អាហ្វហ្កានីស្ថាន

ក្រុម​តាលីបង់ គំរាម​ថា​កងកម្លាំង​បរទេស ត្រូវតែ​ដកចេញ​ឲ្យ​អស់​ពីដី​​អាហ្វហ្កានីស្ថាន តាម​ការកំណត់

ឧត្ថម្ភាគចក្រហោះពីលើក្រុងកាប៊ូល រដ្ធធានីអាហ្វហ្កានីស្ថាន ថ្ងៃទី ២៩ មិថុនា ២០២០
ឧត្ថម្ភាគចក្រហោះពីលើក្រុងកាប៊ូល រដ្ធធានីអាហ្វហ្កានីស្ថាន ថ្ងៃទី ២៩ មិថុនា ២០២០ REUTERS - Omar Sobhani

កាលពីថ្ងៃសៅរ៍ ទី១២មិថុនា ក្រុមតាលីបង់ បានចេញលិខិតប្រកាសមួយ ដោយបានគំរាម​ថា កងកម្លាំងបរទេសទាំងអស់ ត្រូវតែដកចេញឲ្យអស់ ពីទឹក​ដីអាហ្វហ្កានីស្ថាន ទៅតាមការកំណត់។ សូមបញ្ជាក់ថា តាមការគ្រោងទុក សហរដ្ឋអាមេរិក នឹងដកទ័ពចេញពីអាហ្វហ្កានីស្ថាន ឲ្យ​នៅថ្ងៃទី១១ ខែកញ្ញា តែយ៉ាងណាមានដំណឹងលេចឮថា តួកគីចង់បន្តរក្សាទ័ពនៅក្រុងកាប៊ូល ក្នុងក្របខណ្ឌអង្គការអូតង់។ ទន្ទឹមគ្នានេះ ស្ថានភាពសន្តិសុខនៅ​អាហ្វហ្កានីស្ថាន ហាក់មិនទាន់ល្អប្រសើរទេ។ ជាក់ស្តែងកាលពីថ្ងៃទី​១២មិថុនាម្សិលមិញនេះ អំពើភេរវកម្មបំផ្ទុះរថយន្ត២ផ្ទួនគ្នា បានសម្លាប់មនុស្ស​យ៉ាងហោច ៧នាក់ នៅក្រុងកាប៊ូល។

ផ្សាយពាណិជ្ជកម្ម

ដីគ្រប់​ចម្អាមរបស់អាហ្វហ្កានីស្ថាន គឺត្រូវតែ​ស្ថិតក្រោមការគ្រប់គ្រងសន្តិសុខ របស់​អាហ្វហ្កានីស្ថាន។​ នេះគឺជាការលើកឡើង កាលពីថ្ងៃទី ១២មិថុនា នៅក្នុង​សេចក្តីប្រកាសរបស់ ក្រុមតាលីបង់ ដែលហៅខ្លួនឯងថា “​អេមៀរ៉ាតអ៊ីស្លាម”។​ ក្រុមតាលីបង់ បាន​ប្រកាស ហៅឲ្យ​កងកម្លាំងបរទេសទាំងអស់ ត្រូវតែដកចេញ​​ពី​ទឹកដីអាហ្វហ្កានីស្ថាន។ ការ​ការពារសន្តិសុខ មិនថា​នៅព្រលានយន្តហោះ ឬ នៅតាមស្ថានទូតបរទេសនានានោះទេ គឺត្រូវតែ​ស្ថិតក្រោមការចាត់ចែង របស់​កងកម្លាំង​អាហ្វហ្កានី​ស្ថាន។

លិខិតនេះបានបញ្ជាក់បន្ថែមថា ប្រសិនបើកងក​ម្លាំងបរទេសណាមួយ នៅតែបន្តមានវត្តមានលើដីអាហ្វហ្កានីស្ថាន នោះក្រុមអេមៀរ៉ាតអ៊ីស្លាម នឹងចាត់ទុកកងកម្លាំងបរទេសនោះ ថាជា​កងកម្លាំងឈ្លានពាន។ ក្នុងន័យនេះ ក្រុមអេមៀរ៉ាតអ៊ីស្លាម នឹងធ្វើការវាយ​បកសងសិក ដូចដែលធ្លាប់បានធ្វើកន្លងមក ទល់នឹងកងទ័ពបរទេស ដែលមកឈ្លានពាន​អាហ្វហ្កានីស្ថាន​។

គួរបញ្ជាក់ថា​ លិខិតគំរាម​​របស់ក្រុមតាលីបង់នេះ គឺធ្វើឡើងបន្ទាប់ពី បណ្តាញ​ព័ត៌មានតួកគី បានចុះផ្សាយថា តួកគីអាចនឹងរក្សាកងទ័ពខ្លួនមួយផ្នែក ដើម្បីរក្សាសន្តិសុខ នៅព្រលានយន្តហោះអន្តរជាតិ ហាមីដ កាហ្សៃ ក្រុងកាប៊ូល។ រដ្ឋមន្ត្រីការពារជាតិ​តួកគី បានអះអាងថា នេះគឺជាជំរើសមួយមែន ដែលគេកំពុងពិចារណា​​ជាមួយសហរដ្ឋអាមេរិក​។ លោកបញ្ជាក់ថា បើអង្គការ​អូតង់អនុញ្ញាត និងផ្តល់ជាមធ្យោបាយហិរញ្ញវត្ថុ នោះតួកគី អាចនឹងបន្តវត្តមាននៅអាហ្វហ្កានីស្ថាន។

តាមការគ្រោងទុក នៅថ្ងៃ​ចន្ទ ដើមសប្តាហ៍ក្រោយនេះ អង្គការអូតង់នឹងបើកការប្រជុំនៅក្រុងព្រុចសែល ដោយមានវត្តមាន​របស់​លោក​ប្រធានាធិបតីចូ បៃដិន។ ក្រៅពីបញ្ហាកំណែទម្រង់ និង​តួនាទីរបស់​អូតង់ អង្គការនេះនឹង​ជជែកគ្នា​លំអិតផងដែរ អំពីវត្តមានរបស់កងកម្លាំងខ្លួន នៅអាហ្វហ្កានីស្ថាន។ មានតែអូស្ត្រាលីប៉ុណ្ណោះ ដែលបានដកទ័ពរួចរាល់អស់ទាំងស្រុង ពីអាហ្វហ្កានីស្ថាន។ លោកចូ បៃដិន បានសម្រេចថា​ អាមេរិក នឹង​ដកទ័ពឲ្យអស់ពីអាហ្វហ្កានីស្ថាន ​នៅថ្ងៃទី១១កញ្ញា ជាថ្ងៃខួប​២០ឆ្នាំ នៃភេរវកម្មនៅទីក្រុងញូយ៉ក បង្កឡើងដោយ​ក្រុម​អាល់កៃដា។ គិតមកត្រឹមពេលនេះ ការដកទ័ពរបស់អាមេរិក​ បានធ្វើទៅ​រួចរាល់ជាង៥០%ហើយ។

តែទន្ទឹមនឹងនេះ មានការព្រួយបារម្ភជាប្រចាំ អំពី​ភាពចលាចល អសន្តិសុខ នៅអាហ្វហ្កានីស្ថាន នៅពេលណា អស់កងទ័ពបរទេស។ ក្រុមភេរវកម្មអាល់កៃដា ក្រុមជីហាតអង្គការរដ្ឋអ៊ីស្លាម អាចនឹងធ្វើសកម្មភាព វាយប្រហារភេរវកម្ម កាន់តែញឹកញាប់ ទៅលើ​កងទ័ព​អាហ្វហ្កានីស្ថាន និង​សហគ​មអ្នកកាន់សាសនា​អ៊ីស្លាមឈីអ៊ីត​ ក៏ដូចជាអ្នកកាន់សាសនាគ្រិស្តជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI