តួកម៉េនីស្ថាន-បំណុលចិន

តួកម៉េនីស្ថាន​ប្រកាសថា ខ្លួន​បាន​សង​ប្រាក់បំណុលចិន​រួចរាល់​អស់ហើយ

ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង និង​ប្រធានាធិបតី​តួកម៉េនីស្ថាន លោក​Gurbanguly Berdymukhamedov ក្នុង​ពិធីសម្ពោធទីតាំង​ផលិត​ឧស្ម័ន​នៅ​ភាគខាងត្បូង​តួកម៉េនីស្ថាន​នៅឆ្នាំ ២០១៣
ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង និង​ប្រធានាធិបតី​តួកម៉េនីស្ថាន លោក​Gurbanguly Berdymukhamedov ក្នុង​ពិធីសម្ពោធទីតាំង​ផលិត​ឧស្ម័ន​នៅ​ភាគខាងត្បូង​តួកម៉េនីស្ថាន​នៅឆ្នាំ ២០១៣ AP

ប្រធានាធិបតី​របស់​ប្រទេស​តួកម៉េនីស្ថាន បាន​ប្រកាស​ថា ប្រទេស​របស់លោក​បាន​សងបំណុល រាប់ពាន់​លាន​ដុល្លារ ដែល​តួកម៉េនីស្ថាន​ធ្លាប់​បាន​ខ្ចី​ពី​ប្រទេស​ចិន សម្រាប់​សាងសង់ បំពង់​បង្ហូរឧស្ម័ន ហើយ​និង​គម្រោងការ​ធ្វើអាជីវកម្ម​ឧស្ម័ន​ផ្សេងទៀត។ នេះ​បើ​តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុង​ស្រុក​តួកម៉េនីស្ថាន កាលពី​ថ្ងៃ​សៅរ៍។ ចិន​បាន​វិនិយោគ​ប្រាក់រាប់ពាន់​លាន​ដុល្លារ លើ​ឧស្សាហកម្ម​ផលិតប្រេងឧស្ម័ន​របស់​ប្រទេស​អាស៊ីកណ្តាល​មួយនេះ សម្រាប់​បំពេញតម្រូវការនាំចូល​ទៅស្រុកចិន។

ផ្សាយពាណិជ្ជកម្ម

មេដឹកនាំ​របស់​ប្រទេស​អាស៊ីកណ្តាល តួកម៉េនីស្ថាន​បាន​អះអាងថា ប្រទេស​របស់​លោកបាន​សងប្រាក់បំណុល​ចិន គ្រប់ចំនួន និង​តាមពេលវេលា​កំណត់។ តាម​ការចុះផ្សាយ​របស់​កាសែត​ក្នុងស្រុក ឈ្មោះ Neutralny Turkmenistan ប្រធានាធិបតី តួកម៉េនីស្ថាន លោក​Gurbanguly Berdymukhamedov បាន​ប្រកាស​ថា ប្រាក់បំណុល​រាប់ពាន់​លាន​ដុល្លារ ដែល​តួកម៉េនីស្ថាន​បាន​ខ្ចី​ពី​ប្រទេស​ចិន សម្រាប់ សាងសង់ បំពង់បង្ហូរ​ឧស្ម័ន និង​គម្រោងអភិវឌ្ឍន៍ តំបន់ប្រេង Galkynysh គឺត្រូវ​បាន​តួកម៉េនីស្ថាន​សង​រួចរាល់​អស់ហើយ។

នៅក្នុង​អត្ថបទ​ចុះផ្សាយ​របស់​កាសែតផ្លូវ​រដ្ឋ​ខាងលើ ឧបនាយករដ្ឋមន្រ្តី​ទទួល​បន្ទុក​ប្រេង និង​ឧស្ម័ន តួកម៉េនីស្ថាន Shakhum Abdurakhmanov បាន​និយាយ​ដែរថា ធនាគារ​អភិវឌ្ឍន៍​ចិន ក៏បាន​ទទួល​ដំណឹង​ពី​ការបង់​សងប្រាក់បំណុល​ទាំងអស់ ពី​តួកម៉េនីស្ថាន​រួចហើយដែរ។

ទាំង​ប្រធានាធិបតី និង​ឧបនាយករដ្ឋមន្រ្តី​តួកម៉េនីស្ថាន​មិន​បាន​បញ្ជាក់​ពី​ទំហំប្រាក់បំណុល ដែល​តួកម៉េនីស្ថាន​អះអាងថា បាន​សងរួចរាល់​ទៅប្រទេសចិន​នោះទេ។ ប៉ុន្តែ នៅក្នុង​អំឡុង​ទស្សនកិច្ច​ទៅ​តួកម៉េនីស្ថាន នៅ​ឆ្នាំ ២០១១ ប្រធាន​ធនាគារ​អភិវឌ្ឍ​ចិន នៅ​ជំនាន់នោះ គឺ​លោក​Jiang Chaoliang បាន​និយាយថា ធនាគារ​បាន​ផ្តល់​ប្រាក់កម្ចី ចំនួន ៨,១ពាន់​លាន​ដុល្លារ សម្រាប់​ឲ្យ​តួកម៉េនីស្ថាន សាងសង់​បំពង់បង្ហូរប្រេង និង សម្រាប់​គម្រោង តំបន់​ប្រេង Galkynysh ដែល​ជា​តំបន់ប្រេង ឧស្ម័ន​ធំលេខពីរ ក្នុង​ពិភពលោក។

តួកម៉េនីស្ថាន ប្រទេស​ក្នុង​អតីត​សហភាព​សូវៀត ដែល មាន​ប្រជាជន​ជាង ៦លាននាក់ ទើបរកឃើញ​ជង្រុកប្រេង និង​ឧស្ម័ន​ដ៏​សំខាន់ នៅ​ឆ្នាំ ២០០៦។ ប្រទេស​ចិន ដែលស្ថិតនៅ រំលង​មួយ​ប្រទេស ពី​តួកម៉េនីស្ថាន​បាន​វិនិយោគ​ទឹកប្រាក់​រាប់ពាន់​លានដុល្លារ សម្រាប់ ក្លាយ​ជា​ប្រទេស ទិញនាំចេញ​ឧស្ម័ន និង​ប្រេង​ធំជាង​គេ​របស់​តួកម៉េនីស្ថាន។

ដោយ​ឆ្លងកាត់ប្រទេស អ៊ូប៊ែរគីស្ថាន និង​កាហ្សាក់ស្ថាន បំពង់បង្ហូរឧស្ម័ន ដែលមាន​ឈ្មោះថា ចិនអាស៊ី​កណ្តាល បាន​ចាប់ផ្តើម​បង្ហូរឧស្ម័ន ទៅ​ប្រទេស​ចិន តាំង​ពី​ឆ្នាំ ២០០៩។ សព្វថ្ងៃនេះ បំពង់បង្ហូរឧស្ម័ននេះ មាន​បែងចែក​ជា​បីខ្សែ ចំណែក​ខ្សែ​ទី៤ ដែល​ត្រូវ​ឆ្លងកាត់​ប្រទេស​អាស៊ីកណ្តាល​ពីរទៀត គឺ គៀរហ្ស៊ីគីស្ថាន និង​តាហ្ស៊ីគីស្ថាន កំពុង​ស្ថិតក្នុង​គម្រោងការសាងសង់។

ក្នុង​មួយឆ្នាំៗ តួកម៉េនីស្ថាន​នាំចេញ ឧស្ម័នប្រមាណ ៣០ពាន់លាន​ម៉ែត្រគូប ទៅ ប្រទេស​ចិន ពោល​គឺ ដល់ទៅ ៦ ឬ ៧ដង ​ច្រើន ជាង រុស្ស៊ី ដែលជាប្រទេស​ជិតខាង ទិញឧស្ម័ន​ដ៏ច្រើន​ពី​តួកម៉េនីស្ថាន។

ជារឿយៗ តួកម៉េនីស្ថាន បង្ហាញ​កំណើន​សេដ្ឋកិច្ច ក្នុងស្រុក ប៉ុន្តែ របាយការណ៍​របស់​ក្រុម​ការពារ​សិទ្ធិមនុស្ស អន្តរជាតិធ្លាប់​និយាយ​ពី​វិបត្តិរូបិយប័ណ្ណ ស្បៀងអាហារ​សម្រាប់ប្រជាជន។ នៅ​ដើមឆ្នាំនេះ ជា​រឿង​ដែលកម្របំផុត ប្រធានាធិបតី តួកម៉េនីស្ថាន ដែល​ដឹកនាំ​ប្រទេស ១៤ឆ្នាំមកហើយ បាន​ចេញមុខ ទទួលស្គាល់ថា ប្រទេសរបស់​លោក​មានបញ្ហា​សេដ្ឋកិច្ច និងទទូច​សុំ​ ឲ្យ​ម្ចាស់បំណុល ពន្យារទុកពេល​ឲ្យ​បន្ថែមទៀត។ ៩០ភាគរយ នៃ​ប្រេងឧស្ម័ន​របស់​តួកម៉េនីស្ថាន ត្រូវ​លក់នាំចេញ​ទៅបរទេស ដូច្នេះ តួកម៉េនីស្ថាន អាច​ជួបវិបត្តិ​សេដ្ឋកិច្ច ដោយងាយ នៅពេល តម្លៃប្រេង​ធ្លាក់ចុះ​ថ្លៃ នៅទីផ្សារអន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI