ចិន-​នុយក្លេអ៊ែរ

ក្រុម​ហ៊ុន​​បារាំង​ស៊ើប​អង្កេត​ជុំវិញ​លទ្ធភាព​នៃ​ការ​លេច​ធ្លាយ​វិទ្យុ​សកម្ម​នៅ​រោងចក្រEPR​របស់​ចិន

រ៉េអាក់ទ័រ EPR ទាំងពីរបានដំណើរការនៅឆ្នាំ ២០១៨ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរថៃសាន ស្ថិតក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន។
រ៉េអាក់ទ័រ EPR ទាំងពីរបានដំណើរការនៅឆ្នាំ ២០១៨ នៅឯរោងចក្រថាមពលនុយក្លេអ៊ែរថៃសាន ស្ថិតក្នុងខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិន។ Peter Parks AFP/Archivos

ក្រុមហ៊ុន​នុយក្លេអ៊ែរ​បារាំង​មួយ​ឈ្មោះ​ហ្វ្រាម៉ាតូម (Framatome) បាន​និយាយនៅ​ថ្ងៃចន្ទ​ ១៤ មិថុនាថា​ ខ្លួន​កំពុង​ធ្វើការ​ដើម្បីដោះស្រាយ​បញ្ហា​នៅឯ​រោងចក្រ​ថាមពល​មួយ​ស្ថិត​ក្នុង​ខេត្តក្វាងទុង​ភាគខាងត្បូង​ប្រទេសចិន​។ ការ​ប្រកាស​របស់​ក្រុមហ៊ុន​បារាំង​នេះ​ធ្វើឡើង​ ក្រោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ CNN​ បាន​រាយការណ៍​អំពី​លទ្ធភាពក្នុងការ​លេច​ធ្លាយ​វិទ្យុសកម្ម​នៅទីនោះ​។

ផ្សាយពាណិជ្ជកម្ម

ទូរទស្សន៍​ CNN​ របស់​អាមេរិក​បាន​រាយការណ៍ថា​ រដ្ឋាភិបាល​ក្រុងវ៉ាស៊ីនតោន​កំពុង​វាយ​តម្លៃ​លើ​របាយការណ៍​ស្តីអំពី​លទ្ធភាពនៃ​ការ​លេចធ្លាយវិទ្យុសកម្ម​នៅឯ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ថៃសាន (Taishan) របស់ចិន​ បន្ទាប់ពី​ក្រុមហ៊ុន​នុយក្លេអ៊ែរបារាំង ​ហ្វ្រាម៉ាតូម​ ទាញ​សញ្ញា​អាសន្នពី​ការ​គំរាម​កំហែង​វិទ្យុសកម្ម​ដែល​អាចនឹងកើតមាននៅទីនោះ។

ថៃសាន​ គឺជា​រោងចក្រ​ថាមពល​នុយក្លេអ៊ែរមួយ​ មាន​ទីតាំង​ស្ថិត​នៅក្នុង​ខេត្តក្វាងទុង​ ភាគខាងត្បូងប្រទេសចិន​។ គម្រោង​របស់​ថៃសាន​ មាន​ការ​ចូលរួម​សហការគ្នា​ពី​ក្រុមហ៊ុនចិន​ដែល​មាន​ភាគហ៊ុន​ ៧០%​ និង ៣០ %​ ជារបស់​ក្រុមហ៊ុនអគ្គិសនីយក្សបារាំង​ EDF​។

ក្រុមហ៊ុន​ ហ្វ្រាម៉ាតូម​ ដែល​ជា​កម្មសិទ្ធិ​មួយ​របស់​សម្ព័ន្ធ​ក្រុមហ៊ុន EDF បានប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា​ខ្លួន​កំពុង​ធ្វើការ​ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​កំពុង​កើតឡើង​។

យោង​ទៅតាម​ ទិន្នន័យដែល​អាចរកឃើញ​ រោងចក្រ​ថាមពលនុយក្លេអ៊ែរថៃសាន​ កំពុង​ដំណើរការ​ដោយមាន​សុវត្ថិភាពធម្មតា ហើយ​នាពេលនេះ​ ក្រុមការងារ​របស់ក្រុមហ៊ុន​ហ្វ្រាម៉ាតូម​ កំពុងធ្វើការជាមួយក្រុមអ្នកជំនាញ​ ដើម្បី​វាយតម្លៃពី​ស្ថានភាព​ និង​លើក​ស្នើ​ពីវិធី​ដើម្បីដោះស្រោយបញ្ហា​ដែល​អាច​នឹងកើនមានឡើង​។

ដោយ​ដកស្រង់លិខិត​របស់​ក្រុមហ៊ុនបារាំង​ ហ្វ្រាម៉ាតូម ផ្ញើទៅ​នាយកដ្ឋាន​ថាមពល​អាមេរិក​ សារព័ត៌មាន​CNN បាននិយាយ​ថា​ ការ​ទាញសញ្ញាអាសន្ន​រួមមាន​ ការ​លើកឡើង​ដែលថា​អាជ្ញាធរ​សុវត្ថិភាពរបស់ចិន​កំពុង​បង្កើន​ចំនួនកំណត់ដែលអាចទទួលយកបានសម្រាប់វិទ្យុសកម្ម​​នៅខាងក្រៅ​រោងចក្រ​ដើម្បីជៀសវាង​កុំឲ្យ​គេបិទ​រោងចក្រ​ខ្លួន។

ទាក់ទងរឿងនេះ​ បុគ្គលិក​របស់ក្រុមហ៊ុន​នុយក្លេអ៊ែរថៃសានរបស់ចិន​​ ( China General Nuclear Power) បាន​និយាយនៅក្នុង​សេចក្តីថ្លែងការណ៍មួយ​ កាលពី​ល្ងាចថ្ងៃ​អាទិត្យ ទី១៣ មិថុនា​ថា​ បរិយាកាស​នៅរោងចក្រ​ថាមពលនុយក្លេអ៊ែរថៃសាន​ និង​តំបន់ជុំ​វិញនោះ គឺធម្មតា​ ពោលគឺគ្មាន​តម្រុយអ្វី​កើតឡើង​គួរឲ្យសង្ស័យថាអាចមានការ​លេចធ្លាយ​វិទ្យុសកម្មឡើយ។

យ៉ាងណាក៏ដោយ ក្រុមហ៊ុន​ EDF របស់បារាំង បានបញ្ជាក់នៅព្រឹក​ថ្ងៃចន្ទ​ម្សិល​មិញ​ថា​ ខ្លួនត្រូវបានគេជូនដំណឹងរួចហើយ អំពីការកើនឡើងនៃកំហាប់ឧស្ម័នកម្រនៅក្នុង​សៀគ្វីរបស់​រ៉េអាក់ទ័រលេខ ១​ ក្នុងចំណោមរ៉េអាក់ទ័រ EPR ចំនួនពីរដែលដំណើរការនៅឯ​រោង​ចក្រ​ថាមពល​នុយក្លេអ៊ែរថៃសាន​ក្នុងប្រទេសចិន។ ដោយឡែក ទោះបីជាមានការ​ជូនដំណឹង​​គួរឲ្យព្រួយបារម្ភពីក្រុមហ៊ុនបារាំង ក៏រដ្ឋបាលរបស់លោកចូ បៃដិន ជឿថា​រោងចក្រថាមពលចិននេះមិនទាន់ស្ថិតនៅក្នុងកម្រិតធ្ងន់ធ្ងរខ្លាំនៅឡើយទេ។ នេះបើយោងទៅតាមប្រភពដែលនិយាយប្រាប់សារព័ត៌មាន CNN៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI