ចិន-G7

ចិន​បរិហារ​សេចក្តី​ថ្លែងការណ៍​រួម​របស់​ក្រុមប្រទេស​មហាឧស្សាហកម្មG៧

ប្រធានាធិបតី​អាមេរិក​ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ក្នុង​ជំនួប​ប្រជុំ​ G7
ប្រធានាធិបតី​អាមេរិក​ និង​នាយករដ្ឋមន្ត្រី​អង់គ្លេស ក្នុង​ជំនួប​ប្រជុំ​ G7 REUTERS - POOL

នៅ​ថ្ងៃ​ចន្ទទី ១៤​មិថុនា​នេះ ចិន​បាន​ប្រកាស​បរិហារ​ សេចក្តី​ថ្លែងការណ៍​រួម របស់​មេដឹកនាំ​នៃ​ក្រុមប្រទេ​សមហាឧស្សាហកម្ម​G៧ ដែល​រិះគន់​ចិន។ សម្រាប់​ប៉េកាំង​សេចក្តី​ថ្លែងការណ៍​នោះ​ ជា​ការ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​ចិន និ​ងមាន​ទម្រង់​ជា​ការ មួល​បង្កាច់​ការ​ពិត​ដែល​កើត​ឡើង​នៅក្នុង​ប្រទេស​។ ប៉េកាំង​បាន​ជំរុញ​ឱ្យ​ក្រុម​មហាអំណាច​បញ្ឈប់​សកម្មភាព​​បរិហារកេរ្ត៍ចិន​ ព្រោះ​ការ​អធន​របស់​ចិន​មាន​កំរិត​។

ផ្សាយពាណិជ្ជកម្ម

តាម​រយៈ​ស្ថានទូត​ចិន​ប្រចាំ​ទីក្រុង​ឡុងដ៍ ប៉េកាំង​បាន​សម្តែង​ការ​ខឹង​សម្បារ និង​ការ​ប្រឆាំង​យ៉ាង​ដាច់​ណាត់ ចំពោះ​​សេចក្តី​ថ្លែងការណ៍របស់​G៧ ដែល​មានសរសេរទាក់ទង​នឹង​​តំបន់​ស៊ីនជាំង ហុងកុង និង​តៃវ៉ាន់  ព្រោះ​វា​បាន​ប្តូរ​ទម្រង់​នៃហេតុការណ៍​​ និង​ជា​ការលាត​ត្រដាង​នូវ​ចេតនារបស់​ប្រទេស​ខ្លះ ដូច​យ៉ាង​សហរដ្ឋ​អាមេរិក។

“ចិន​ជា​ប្រទេស​សន្តិនិយម ដែល​ផ្តល់​តម្លៃ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ  ប៉ុន្តែ​ការ​អធន​របស់​ចិន​មាន​កំរិត ! ដូច្នេះ​សូម​កុំ​ជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង​ចិន សូមកុំ​មួល​បង្កាច់ និង​ធ្វើ​ឱ្យ​ខូច​ឈ្មោះ ​ឬ​លួច​ប្រយោជន៍​ចិន​ឱ្យ​សោះ ! នេះ​បើ​តាម​សំណេរ​របស់​ស្ថានទូត​ចិន​ ដោយ​លម្អិត​ទៀត​ថា ចិន​ការពារ​យ៉ាង​មុះមុត​អធិបតេយ្យភាព​ជាតិ សន្តិសុខ និង​ផលប្រយោជន៍​អភិវឌ្ឍន៍​ជាតិ ហើយ​ប្រឆាំង​ដាច់​ខាត​រាល់​គ្រប់​ទម្រង់​នៃ​ភាព​អយុត្តិធម៌ និង​ការ​រំលោភ​ប៉ះពារ​លើចិន។”

​សម្រាប់​ចិន ​ក្នុង​ខណៈ​នេះ សហគមន៍​អន្តរជាតិ​ ត្រូវ​ការ​ការ​រួបរួម​គ្នា​និង​កិច្ចសហប្រតិបត្តិការ​ជាមួយគ្រប់​ប្រទេស​ ដើម្បី​ប្រឈម​នឹង​ជំងឺ​រាតត្បាត​សាកល​កូវីដ​១៩ និង​ស្រោច​ស្រង់​សេដ្ឋកិច្ច​ពិភពលោក ​មិនមែន​ត្រូវ​ការ​នយោបាយ​បែប​បង្ហាញ​អំណាច​សាប​ព្រោះ​ការ​បែក​បាក់​ទេ។ សហរដ្ឋ​អាមេរិក​និង​ក្រុមប្រទេស​ G៧ គួរ​តែ​គោរព​និង​យល់​អំពីស្ថានការណ៍ ហើយឈប់​​បង្ក​ភាពប្រឈម​ដាក់​ចិន​ និងឈប់​​ធ្វើ​នយោបាយ​លើ​​ការ​អង្កេត​រក​ប្រភព​ជំងឺ​កូវីដ​១៩​។ នេះ​បើ​តាមស្ថានទូត​ចិន​ដដែល។

​សូម​បញ្ជាក់​ថា នៅ​ល្ងាច​​ថ្ងៃអាទិត្យ​ទី ១៣​មិថុនា ក្រោយ​ការ​បិទ​បញ្ចប់​ជំនួប​ប្រជុំ​កំពូល​របស់​ខ្លួន ​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​G៧ បាន​ចេញ​សេចក្តីថ្លែងការណ៍​​រួម​ អំពាវនាវ​ឱ្យ​ចិន​គោរព​សិទ្ធិមនុស្ស​ នៅ​តំបន់​ស៊ីនជាំង​ដែល​មាន​ប្រជាពលរដ្ឋ​ភាគ​ច្រើន​កាន់​សាសនាអ៊ីស្លាម ​បង្កើន​ស្វ័យភាព​ដល់​ហុងកុង​ឱ្យ​បាន​ច្រើន​ជាង​មុន​ និង​ផ្តល់តម្លៃ​ដល់​សន្តិភាព និង​ស្ថិរភាព​តំបន់​​ច្រក​សមុទ្ទ​តៃវ៉ាន់ ព្រមទាំងទាមទារ​បើក​អង្កេត​ស៊ីជម្រៅ​និង​ពេញ​លេញ​រក​ប្រភព​នៃ ​កូរ៉ូណាវីរ៉ុស​​ទៀត។ ​ជា​សេចក្តី​ថ្លែងការណ៍​រួមដែល​បញ្ជាក់​អំពី​ភាព​ចាំបាច់​នៃ​ការរួម​កម្លាំង​គ្នា​  ដើម្បីប្រឈម​ និង​ទប់ទល់​​​ចិន​ តាំង​ពី​ ក្នុង​បុព្វហេតុការពារ​ប្រជាធិបតេយ្យ​រហូត​ដល់​ការ​ប្រជែង​ផ្នែក​បច្ចេកវិទ្យា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI