ភូមា

ភូមា ៖ តុលាការ​បើក​សវនាការជា​ផ្លូវការ​​កាត់​ទោស​លោកស្រី អ៊ុងសាន ស៊ូជី

ទិដ្ឋភាព​នៃ​អង្គ​សវនាការ​កាត់ទោស​លោកស្រីអ៊ុងសានស៊ូជី​
ទិដ្ឋភាព​នៃ​អង្គ​សវនាការ​កាត់ទោស​លោកស្រីអ៊ុងសានស៊ូជី​ MRTV via REUTERS - REUTERS TV

នៅ​ថ្ងៃ​ចន្ទទី ១៤​មិថុនា ២០២១​នេះ​ តុលាការ​ភូមាបាន​​បើក​សវនាការ​ជា​ផ្លូវការ​ និង​ជា​លើក​ទីមួយ កាត់​ទោស​លោកស្រី អ៊ុងសាន ស៊ូជី អតីតមេដឹកនាំ​​ភូមា​ ដែល​ក្រុមយោធា​បាន​ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ពី​តំណែង​កាលពី​ថ្ងៃទី ១​កុម្ភៈ​២០២១។ លោកស្រី អ៊ុងសានស៊ូជី រង​ការ​ចោទ​ប្រកាន់​ចំនួន​៦ ​ករណី មាន​តាំង​ពី​​ការ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ ទទួល​សំណូក ញុះ​ញង់​ឱ្យ​​ខូច​សណ្តាប់​ធ្នាប់​សាធារណៈ ដល់​បទ​​រំលោភ​ការ​សម្ងាត់​រដ្ឋ។ ប៉ុន្តែ​សម្រាប់​ក្រុម​អ្នក​សង្កេត​ការណ៍ នេះ​ជា​សវនាការ​នយោបាយ​ ដែលជា​ល្ខោន​កាត់​ក្តី​​ដើម្បី​ទម្លាក់​កំហុស​ដាក់​លោកស្រី​ជ័យលាភី​រង្វាន់​ណូបែល​សន្តិភាព​ឆ្នាំ​១៩៩១​តែប៉ុណ្ណោះ។

ផ្សាយពាណិជ្ជកម្ម

មាន​ការ​ការពារ​ខ្លាំង តុលាការក្រុង​ណៃពិដរ ដែល​បាន​រៀប​ចំ​ដំណើរការ​​សវនាការ​​ជា​​ពិសេស​ដើម្បី​កាត់​ទោ​សលោកស្រី​អ៊ុងសានស៊ូជី​ ត្រូវ​ចាប់​បើក​ នៅថ្ងៃ​ចន្ទ​ទី ១៤​មិថុនា ជាមួយ​នឹង​សំណុំ​រឿង​ក្តី​ ស្តីពីការ​នាំ​ចូល​អាយកូម​ដោយ​ខុស​ច្បាប់ និង​ពីបទ​រំលោភ​វិធានការ​ទប់​ស្កាត់​វិបត្តិ​កូវីដ​១៩ និង​ពី​បទ​រំលោភ​ច្បាប់​ទូរគមនាគមន៍។ ក្នុងថ្ងៃ​​ចាប់​ផ្តើម​ តុលាការ​ត្រូវ​ស្តាប់​សាក្សី​នៃ​ដើម​ចោទ (រដ្ឋ​អាជ្ញា)។ ឯលោកស្រី​អ៊ុងសានស៊ូជី ដែល​បើ​តាម​មេធាវី មាន​ “សុខភាព​ល្អ” មិន​ថ្លែង​អ្វីទាំង​អស់​នៅ​ថ្ងៃ​នេះ។ នេះ​បើ​តា​មការ​គូស​បញ្ជាក់​របស់លោក ឃីន មូងហ្ស ​Khin Maung Zaw មេធាវី​ម្នាក់​របស់​លោកស្រី​អ៊ុងសានស៊ូជី។

នៅ​ក្នុង​សំណុំ​រឿង​ទីពីរ​ ពី​បទ​ញុះញង់​ឱ្យ​មាន​ការ​បះបោរ លោកស្រី អ៊ុងសានស៊ូជី ត្រូវ​ចូល​មក​បង្ហាញ​ខ្លួន​នៅ​ក្នុង​អង្គ​សវនាការ​ជាមួយ​លោក វីង​មីង អតីត​ប្រធានាធិបតី​ភូមា នៅ​ថ្ងៃ​អង្គារ​ទី ១៥​មិថុនា។

ក្នុង​វ័យ​៧៥​ឆ្នាំ លោកស្រី​អ៊ុងសានស៊ូជី រង​ការ​ចោទ​ប្រកាន់​ដែល​ធ្ងន់ធ្ងរ​ខ្លាំង​ជា​ច្រើន​ទៀត ដូច​ជា​ពី​បទ​​​​រំលោភច្បាប់​​សម្ងាត់​​រដ្ឋ ពុករលួយ​ដោយ​ទទួល​សំណូក​ចំនួន​កន្លះ​លាន​ដុល្លារ និង​មាស​ជាង​១០​គីឡូក្រាម។

លោកស្រី​អាច​នឹង​ត្រូវ​ជាប់​ពន្ធនាគារជាច្រើនឆ្នាំ និង​ពុំអាច​ធ្វើ​នយោបាយ​បាន​ទៀត​ទេ។ នេះ​បើតាម​លោក​មេធាវី ដែល​បាន​​បរិហារ​ទៀត​ថាសវនាការ​នេះ ត្រូវ​បាន​គេតាក់តែង​រៀប​ចំ​ឡើង​ដើម្បី​ទម្លាក់​ប្រជាប្រិយភាព និង​កម្ចាត់​​លោកស្រី​ពី​ឆាក​នយោបាយ។ សម្រាប់​អ្នក​សម្របសម្រួល​បណ្តាញAlternative ASEAN លោកស្រី Debbie Stothard ​មេដឹកនាំយោធា​ភូមា​ដាច់​ខាត​​មិន​ឱ្យ​លោកស្រី​​ដែល​មាន​វ័យ​៧៥​ឆ្នាំ​ទៅ​ហើយនោះ ​អាច​ត្រលប់​មក​ប្រលូក​នយោបាយ​វិញ​បាន​ទេ​។​

ដើម្បី​ការពារសកម្មភាព​ដណ្តើម​អំណាច​ដោយ​ធ្វើ​រដ្ឋប្រហារ​ ក្រុមយោធា​ភូមា​បាន​យក​លេស​ថា​មាន​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត​ក្នុង​សម័យ​បោះឆ្នោត​សភា​ កាលពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០ ដែល​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​របស់​លោកស្រី​អ៊ុងសានស៊ូជី បាន​ទទួល​ជោគជ័យ​យ៉ាង​ត្រចះ​ត្រចង់។ ក្រុម​ឧត្តមសេនីយ៍​ភូមា​ថែម​ទាំង​បាន​គំរាម​រំលាយ​គណបក្ស​នេះ​ និង​សន្យា​រៀប​ចំ ការ​បោះឆ្នោត​ជា​ថ្មី នៅ​ពីរ​ឆ្នាំ​ខាង​មុខ។

ធ្លាប់​​ជាប់​ឃុំ​ឃាំង​ក្នុង​គេហដ្ឋាន​អស់​រយៈ​ពេល​១៥​ឆ្នាំ លោកស្រីជ័យលាភីណូបែល​សន្តិភាពឆ្នាំ​១៩៩១ ត្រូវ​បាន​ក្រុម​យោធា​​ភូមា ចាប់​ខ្លួន​នៅ​ព្រឹក​ព្រហាម​ថ្ងៃទី ១​ កុម្ភៈ និ​ងយក​ទៅ​ឃុំឃាំង​​នៅ​ទី​កន្លែង​សម្ងាត់​មួយ។ តាំង​ពីថ្ងៃ​​រដ្ឋប្រហារនោះ​មក ពលរដ្ឋ​ភូមា​ គ្រប់​ជាតិពិន្ធុ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម និង​កូដកម្ម​ ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ តែ​ត្រូវ​រង​ការ​បង្ក្រាប​ យ៉ាង​ខ្លាំង​រហូត​មាន​ស្លាប់​ជាង​៨៦០​នាក់​បាន​​ និង​​ជិត​៥ពាន់​នាក់​ត្រូវ​បាន​ចាប់​ខ្លួន។ ប៉ុន្តែ​ការ​ជាប់​ឃុំ​ឃាំង​ជា​ថ្មីនេះ អាច​នឹង​ស្តារ​មុខ​មាត់​លោកស្រី​អ៊ុងសានស៊ូជី​ឡើង​វិញ បន្ទាប់​ពី​រង​ការ​រិះគន់​ចំពោះ​ចំណាត់​ការមិន​ល្អ​ក្នុង​ពេល​កាន់​អំណាចមក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI