ហ្វីលីពីន-គ្រឿងញៀន

ប្រតិបត្តិការ​​បង្ក្រាប​​​គ្រឿងញៀន៖ ប្រធានាធិបតី​ហ្វីលីពីន នឹង​មិន​​សហការ​ក្នុង​ការ​ស៊ើប​អង្កេត​​របស់តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ

មនុស្ស​ម្នាចោមរោមមើល​សាកសពមនុស្ស ដែលសមត្ថកិច្ចបាញ់សម្លាប់ ក្នុង​ប្រតិបត្តិការ​បង្រ្កាប​គ្រឿងញៀន នៅក្រុងម៉ានីល ថ្ងៃទី ១០ វិច្ឆិកា ២០១៦
មនុស្ស​ម្នាចោមរោមមើល​សាកសពមនុស្ស ដែលសមត្ថកិច្ចបាញ់សម្លាប់ ក្នុង​ប្រតិបត្តិការ​បង្រ្កាប​គ្រឿងញៀន នៅក្រុងម៉ានីល ថ្ងៃទី ១០ វិច្ឆិកា ២០១៦ AP - Bullit Marquez

នៅថ្ងៃទី​១៥មិថុនានេះ អ្នកនាំពាក្យ​ប្រធានាធិបតី​ហ្វីលីពីន បានបញ្ជាក់ថា លោក​ប្រធានាធិបតី​ ឌុយទែរតឺ នឹងមិនសហការនៅក្នុងការស៊ើបអង្កេត របស់តុលាការព្រហ្មទណ្ឌអន្តរជាតិ ស្តីពីការ​សម្លាប់​មនុស្ស​ ក្នុងប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន នៅហ្វីលីពីនឡើយ។ តុលាការព្រហ្មទណ្ឌអន្តរជាតិ បានបើកការស៊ើបអង្កេតបឋម នៅដើមឆ្នាំ​២០១៨ ដោយសង្ស័យថា សមត្ថកិច្ច​ហ្វីលីពីន​ បាន​សម្លាប់​មនុស្សក្រៅប្រព័ន្ធច្បាប់ ជាច្រើនពាន់នាក់ នៅក្នុងប្រតិបត្តិបង្ក្រាបគ្រឿងញៀន ក្រោមការបញ្ជាររបស់​លោក​ប្រធានាធិបតី ឌុយទែរតឺ។ ការចោទប្រកាន់ ដែល​ភាគីហ្វីលីពីន បានប្រកែកជានិច្ច។

ផ្សាយពាណិជ្ជកម្ម

នៅថ្ងៃចន្ទ ទី​១៤មិថុនា ថ្ងៃចុងក្រោយនៃអាណត្តិរបស់ខ្លួន លោកស្រី ហ្វាទូ បេនស៊ូដា (Fatou Bensouda) រដ្ឋអាជ្ញាតុលាការ​ព្រហ្មទណ្ឌអន្តរជាតិ (CPI/ICC) បានប្រកាសបើកការស៊ើបអង្កេត ស្តីពីករណី​សម្លាប់មនុស្សជាច្រើនពាន់នាក់ ឬអាចដល់ម៉ឺននាក់ផង បង្កឡើងដោយ​សមត្ថកិច្ច​ហ្វីលីពីន នៅក្នុងប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន។

លោកស្រីរដ្ឋអាជ្ញា បានអះអាងថា ក្រុមការងាររបស់លោកស្រី មាន​ព័ត៌មាន និងមូលដ្ឋានសម​ហេតុ​​សមផល ដែលអនុញ្ញាតឲ្យ​ជឿថា មានករណី​​ឧក្រិដ្ឋកម្ម​​ប្រឆាំងមនុស្ស​ជាតិ​ ​នៅលើ​ទឹកដីហ្វីលីពីន ចន្លោះពីខែកក្កដា២០១៦ ដល់ខែមីនា២០១៩។ លោកស្រីបន្ថែមថា ទោះបី​ ហ្វីលីពីន បានដកខ្លួនចេញ​ពីសមាជិកភាព​ នៃ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ​ក៏ដោយ តែតុលាការនេះ នៅតែ​មានអំណាច​យុត្តាធិការ​ស៊ើបអង្កេត និងឈានទៅបើកការជំនំជំរះ។

ឆ្លើយតបទៅនឹងការប្រកាសនេះ អ្នកនាំពាក្យ​ប្រធានាធិបតីហ្វីលីពីន បានបញ្ជាក់ឲ្យ​ដឹង នៅថ្ងៃអង្គារទី ១៥មិថុនាថា លោក​ប្រធានាធិបតី ឌុយទែរតឺ នឹងមិនសហការជាដាច់ខាត នៅក្នុងការ​ស៊ើប​អង្កេតនេះ រហូត​ដល់ចប់​អាណត្តិ​នៅខែ​មិថុនា ឆ្នាំ២០២២។ មន្ត្រីហ្វីលីពីនដដែល បានលើកឡើងថា ការ​ចោទប្រកាន់​មកលើអាជ្ញាធរ ក៏ដូចជា​ប្រព័ន្ធយុត្តិធម៌ហ្វីលីពីន ថាបានសម្លាប់​មនុស្ស​ខុសច្បាប់ វាហាក់បីដូចជា​ការ​ជេរប្រមាថ មក​​លើ​​ប្រជាជនហ្វីលីពីន​ទាំងមូល។ លោកអះអាងថា បើការសម្លាប់មនុស្ស​មានពិតមែន តែវាជា​ការប្រើ​​កម្លាំងបង្ក្រាប ដោយ​សមស្របបំផុតដែរ។

គួររំលឹក​ថា យោងតាមតួលេខផ្លូវការ មាន​មនុស្ស​ប្រមាណ​ ៦០០០នាក់ ត្រូវបាន​សម្លាប់ នៅក្នុង​ប្រតិបត្តិការ​បង្រ្កាបគ្រឿងញៀន បន្ទាប់ពីលោក ឌុយទែរតឺ បានចូលកាន់តំណែង​នៅឆ្នាំ​២០១៦។ក៏ប៉ុន្តែ អង្គការ​សិទ្ធិមនុស្ស​មួយចំនួន បានលើកឡើងថា ចំនួន​អ្នកស្លាប់​អាច​មាន​ច្រើនជាងនេះ។ កាលពីខែមិថុនាឆ្នាំ២០២០ ការិយាល័យ​សិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិ បានចេញ​របាយការណ៍មួយ ដោយ​បាន​លើកឡើងថា នៅឆ្នាំ២០១៦ ​នគរបាលហ្វីលីពីន ត្រូវបាន​ថ្នាក់ដឹកនាំហ្វីលីពីន​​លើកទឹកចិត្ត ឲ្យ​បាញ់សម្លាប់​គ្រប់មនុស្ស​ទាំងអស់​ ឲ្យតែ​សង្ស័យថាជាអ្នកជួញដូរគ្រឿងញៀន។​ សមត្ថកិច្ច​មូលដ្ឋាន បាន​ធ្វើបញ្ជី​ឈ្មោះ ជនសង្ស័យទាំងអស់ ដែលត្រូវបាញ់សម្លាប់ចោល។

ក្រោយ​​ការប្រកាស អំពីការបើកការស៊ើបអង្កេតជាផ្លូវការនេះ លោកស្រី​ Agnès Callamard នាយកអង្គការ Amnesty International បានលើកឡើងថា នេះគឺជាការផ្តល់ក្តីសង្ឃឹម ដើម្បីរកយុត្តិធម៌ ជូនជនងរងគ្រោះ ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះហ្វីលីពីន។ ដូចគ្នាដែរ អង្គការ Human Rights Watch បានលើកឡើងថា តុលាការព្រហ្មទណ្ឌអន្តរជាតិ ទើបតែបានប្រាប់ទៅ​ប្រធានាធិបតីហ្វីលីពីន ថាមិនអាចសំងំបន្តរស់ ក្នុងនិទណ្ឌភាពបានទៀតទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI