ចិន-នុយក្លេអ៊ែរ

ចិន​ព្រម​ទទួល​ថា​មាន​គ្រោះថ្នាក់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរTaishan តែ​គ្មាន​គ្រោះ​វិទ្យុសកម្មទេ

ចិន​ទទួល​ស្គាល់​ថាមាន​គ្រោះថ្នាក់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​តែ​គ្មានគ្រោះ​វិទ្យុសកម្មទេ
ចិន​ទទួល​ស្គាល់​ថាមាន​គ្រោះថ្នាក់​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​តែ​គ្មានគ្រោះ​វិទ្យុសកម្មទេ AP - Bobby Yip

នៅ​ថ្ងៃពុធ​ទី ១៦​មិថុនា​២០២១​ ក្រសួង​បរិស្ថាន​​និង​អាជ្ញាធរ​សុវត្ថិភាព​នុយក្លេអ៊ែរចិនបាន​ចេញ​មកពន្យល់អំពីហេតុការណ៍​​ដែល​កើត​ឡើង​នៅ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​ថៃសាន។ ពិត​ជាមាន​គ្រោះថ្នាក់ប៉ះពាល់​ដល់​គ្រឿង​ចំហេះ​នុយក្លេអ៊ែរ ដែល​​​បាន​បង្កើន​បរិមាណ​​ឧស្ម័ន​វិទ្យុសកម្មនៅ​ក្នុង​រោងចក្រ​ផលិត​ថាមពល​មែន ប៉ុន្តែ​ពុំ​មាន​ការ​លេច​ធ្លាយ​ជាតិ​វិទ្យុសកម្ម​ ប៉ះពាល់​ដល់​បរិស្ថានខាង​ក្រៅ ដូច​អ្វី​ដែល​គេ​សង្ស័យ​ទេ។ នេះ​បើ​តាម​​សេចក្តី​ថ្លែងការណ៍​របស់​អាជ្ញាធរ​ចិន។

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ទូរទស្សន៍ CNN បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃចន្ទទី ១៤​មិថុនា អំពី​លទ្ធភាព​នៃការលេច​ធ្លាយ​ជាតិ​វិទ្យុសកម្ម​នៅ​រោង​ចក្រ​អគ្គីសនី​នុយក្លេអ៊ែរ ថៃសាន (Taishan) មក​ អាជ្ញាធរ​សុវត្ថិភាព​នុយក្លេអ៊ែរចិន និង​ក្រសួង​បរិស្ថាន​ បំភ្លឺ​ហេតុការណ៍​តាមបែប​បច្ចេកទេស។

ក្រុមហ៊ុនបារាំង​ស៊ើបអង្កេត​ជុំ​រិញ​លទ្ធភាព​លេចធ្លាយ​វិទ្យុសកម្ម​នៅ​រោងចក្រ​នុយក្លេអ៊ែរ​ចិន

នៅក្នុង​សេចក្តី​ថ្លែងការណ៍​រួម អាជ្ញាធរ​ចិន​បាន​ទទួល​ស្គាល់​ថា​ កំរិត​ជាតិ​វិទ្យុសកម្ម​បាន​ឡើង​ខ្ពស់​ នៅវង់​សៀគ្វីខាង​ក្នុង​របស់​​​ប្រតិករ​នុយក្លេអ៊ែរ​ទីមួយ ព្រោះមាន​បណ្តូល​​​ចំហេះ​ចំនួន​ប្រមាណ​៥​បាន​ខូច។ បណ្តូលចំហេះ​​ ​​ដែល​មាន​ជាតិ​អ៊ុយរ៉ានីញ៉ូម​ និង​ដែល​ជា​អ្នក​ផ្តល់​​ថាមពល​ ជា​ស្នូល​របស់​ប្រតិករ​នុយក្លេអ៊ែរ។ សម្រាប់​អាជ្ញាធរ​ចិន ​ស្នូលចំហេះ​​នេះ​តែងតែ​​​​ខូច ​ជា​ញឹកញយ​ធម្មតា។ ជាកត្តា​ដែលគេ​មិន​អាច​គ្រប់គ្រង​បាន ក្នុង​ដំណើរ​ការ​ផលិត ដឹកបញ្ជូន និងដំឡើង​ ​រោងចក្រ​នុយក្លេអ៊ែរ។  

ចំណែក​បរិមាណ​ជាតិ​វិទ្យុសកម្ម ថ្វីបើ​បានកើន​ឡើង​លើស​ធម្មតា​បន្តិច​មែន ប៉ុន្តែ​មិន​ច្រើនហួស​កម្រិត​សុវត្ថិភាព​ទេ។ ហើយ​អាជ្ញាធរ​ក៏​មិន​បាន​ដំឡើង​កម្រិត​សុវត្ថិភាព​វិទ្យុសកម្ម នៅ​ជុំ​វិញ​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​ដែរ។នេះ​បើតាម​សេចក្តី​ថ្លែងការណ៍​ចិន​ដដែល​ដែល​បញ្ជក់​បន្ថែម​ថា គ្មាន​ទេ​ការ​ធ្លាយ​ជាតិ​វិទ្យុ​សកម្មប៉ះពាល់​ដល់​​បរិស្ថាន។

សូម​បញ្ជាក់​ថា​មជ្ឈមណ្ឌលអគ្គសនី​ ថៃសាន ដែលស្ថិត​នៅខេត្ត​​ក្វាងទុង​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ជា​រោង​ចក្រ​​​​នុយក្លេអ៊ែរ​ដែល​មាន​បំពាក់​ម៉ាស៊ីនប្រតិករ​ទំនើប​ចុងក្រោយ របស់​បារាំងហៅកាត់​ថា​ EPR ​ ​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក។ ម៉ាស៊ីនប្រតិករប្រើ​បច្ចេកវិទ្យា​EPRបារាំង​នេះ ល្បី​ថា​​ផ្តល់​ថាមពល​ខ្លាំង​ ហើយ​​មាន​សុវត្ថិភាព​ខ្ពស់​ប្រសើរ​ជាង​រោងចក្រនុយក្លេអ៊ែរ​ចាស់ៗ និងជាមោទនភាព​នៃ​វិស័យ​​ថាមពល​នុយក្លេអ៊ែរបារាំងផង និង​ជា​អំនួត​របស់​ក្រុមហ៊ុន​អគ្គីសនី​បារាំង EDFផង។ មាន​ភាគហ៊ុន​៣០%​ EDF គ្រាន់​តែ​ជា​អ្នកផ្តល់​​បច្ចេកវិទ្យានុយក្លេអ៊ែរ​EPRទេ។ ប៉ុន្តែ​​បញ្ហា​បច្ចេកទេស​​កើត​ឡើង​នៅក្នុង​រោងចក្រ​អគ្គីសនី​ចិន​ថៃសាននេះ មិន​មែន​ជា​ដំណឹង​ល្អ​ទេ។ EDFកំពុង​យឺតយ៉ាវ​ក្នុង​ការសាង​សង់​មជ្ឈមណ្ឌលនុយក្លេអ៊ែរ​EPR ពីរ​ផ្សេង​ទៀត​ផង និង​​ចំពេល​ដែល​បារាំង​កំពុង​ស្វែងរក​កិច្ចសន្យា​ថ្មី​នៅ​បរទេស​ដើម្បី​សាង​សង់​មជ្ឈមណ្ឌលថាមពល​ប្រើ​​​បច្ចេកវិទ្យាប្រតិករ​នុយក្លេអ៊ែរ​EPRទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI