តៃវ៉ាន់-ចិន

យន្តហោះ​យោធាចិន​រំលោភ​ដែន​អាកាសតៃវ៉ាន់​ដ៏ច្រើន​មិន​ធ្លាប់​មាន

យន្តហោះ​ចម្បាំង​ចិន​ J-10 បន្ត​ដោយ​យន្តហោះ​ចាក់សាំង ហោះ​បង្ហាញខ្លួន​នៅ​លើ​អាកាស​ក្រុង​ប៉េកាំងថ្ងៃទី តុលា​២០១៩
យន្តហោះ​ចម្បាំង​ចិន​ J-10 បន្ត​ដោយ​យន្តហោះ​ចាក់សាំង ហោះ​បង្ហាញខ្លួន​នៅ​លើ​អាកាស​ក្រុង​ប៉េកាំងថ្ងៃទី តុលា​២០១៩ AFP - WANG ZHAO

នៅ​ថ្ងៃអង្គារ​ទី ១៥​ មិថុនា ២០២១​ កង​​យន្តហោះ​យោធា​ទ័ព​អាកាសចិន​ជិត​៣០​គ្រឿង ក្នុង​នោះ​ខ្លះ​ជា​យន្តហោះ​ចម្បាំង​ផង យន្តហោះ​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរផង បាន​ហោះ​រំលោភ​ចូល​ក្នុង​ដែនអាកាសរបស់​តៃវ៉ាន់។ នេះ​បើ​តាមការជូនដំណឹង​របស់​រដ្ឋាភិបាល​តៃវ៉ាន់ ដោយ​បញ្ជាក់​បន្ថែម​ថា នេះជាការ​រំលោភ​ដែនអាកាសដ៏​ច្រើនសន្ធឹកសន្ធាប់​មិន​ធ្លាប់​មានទេ ពី​សំណាក់​ចិន។ ទង្វើ​របស់​ប៉េកាំង​ ធ្វើ​ឡើង​តែពីរ​ថ្ងៃ​ក្រោយ​សេចក្តីថ្លែងការណ៍​របស់​ក្រុម​ប្រទេស​មហាឧស្សាហកម្ម​G៧ ចង់ការពារ​ស្ថិរភាព​តំបន់​ដៃ​សមុទ្ទតៃវ៉ាន់។

ផ្សាយពាណិជ្ជកម្ម

តៃវ៉ាន់​បាន​ត្អូញត្អែរ​ ដដែលៗ តាំង​ពី​ប៉ុន្មាន​ខែ​ចុងក្រោយ​មកនេះ ថា​ចិន​បាន​បញ្ជូន​យន្តហោះ​យោធា​មក​ឆ្វែលជា​​ញយ​ៗ និង​ ដោយ​ចូល​កាន់​តែ​កៀកព្រំ​ដែន​អាកាស​តំបន់​ប៉ែក​និរតី​នៃកោះ។ តាំង​ពីចូល​ឆ្នាំ​២០២០​មក ចិន​បានបង្កើន​សកម្មភាព​យោធា បញ្ជូន​យន្តហោះ​មួយ​គ្រឿង​ពីរ​​ទៅ​រំលោភ​ដែន​អាកាស​តៃវ៉ាន់​ស្ទើរ​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​សំឡុត​រដ្ឋាភិបាល​តៃវ៉ាន់ និង​សហគមន៍​អន្តរជាតិ​កុំ​ឱ្យ​គាំទ្រ​តៃវ៉ាន់។

ប៉ុន្តែ​​នៅ​ថ្ងៃ​អង្គារ​ទី ១៥​មិថុនា​២០២១ ចិន​បាន​បំបែក​ឯតទគ្គកម្ម​ថ្មី ! បើ​តាមសេចក្តី​ជូន​ដំណឹង​ជា​សាធារណៈ​របស់​​ក្រសួង​ការពារជាតិ​តៃវ៉ាន់​ នៅ​ថ្ងៃម្សិលមិញ ចិន​បាន​បញ្ជូនកង​​យន្តហោះ​យោធានៃ​​ទ័ព​អាកាសចំនួន ២៧​គ្រឿង ក្នុងនោះ ២០​គ្រឿង​ជា​យន្តហោះ​ចម្បាំង ខ្លះ​ទៀត​ជា​យន្តហោះ​ទម្លាក់​គ្រាប់​បែក​នុយក្លេអ៊ែរផង ហោះ​រំលោភ​ចូល​តំបន់​ដែន​អាកាស​តៃវ៉ាន់ និង​ឆ្លងចូល​ដល់​ឆ្នេរខាងកើតតៃវ៉ាន់​តែម្តង។ ពោលគឺ​ជាការរំលោភ​​ដែន​អាកាសដ៏​ច្រើនមិនធ្លាប់​មានទេ និងជ្រៅ​ខ្លាំងមិនធ្លាប់​មានទេ។ ​​

ភ្លាម​មួយ​រំពេច តៃវ៉ាន់​បាន​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធការពារ​ខែលមីស៊ីលរបស់​ខ្លួន និង​បាន​បញ្ចេញ​យន្តហោះ​ទៅស្ទាក់​កាក់ និង​បណ្តេញ​យន្តហោះ​យោធា​ចិន​ឱ្យ​ចេញ​ទៅ​វិញ។ នេះ​បើ​តាម​រៀប​រាប់​របស់​ក្រសួង​ការពារ​ជាតិ​តៃវ៉ាន់​ដដែល។

គិត​មកទល់​នឹង​ព្រឹក​ថ្ងៃពុធ​ទី ១៦មិថុនា​នេះ ចិន​ពុំ​ទាន់​បញ្ចេញ​ប្រតិកម្ម​​អ្វី​ទាក់ទង​នឹង​សកម្មភាព​យោធា​​របស់​ខ្លួន​ទេ។ ប៉ុន្តែ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​ តែពីរ​ថ្ងៃ​ក្រោយ​សេចក្តីសម្រេចជា​ប្រវត្តិសាស្ត្រ​​របស់ក្រុម​​ប្រទេស​មហាឧស្សាហកម្ម​ទាំង​៧ (​G៧) គូសបញ្ជាក់​អំពី​ភាព​ចាំបាច់​នៃ​​រក្សា​សន្តិភាព និង​ស្ថិរភាព​តំបន់​ដៃសមុទ្ទ​តៃវ៉ាន់។ សេចក្តី​ថ្លែងការណ៍​រួមG៧ ​ដែលចិន​ទំនង​ជាមិន​អាចទទួល​យក​​បាន​ ព្រោះចិន​តែង​​ចាត់​ទុក​កោះ​តៃវ៉ាន់ ជា​ដែន​អធិបតេយ្យ​របស់​ខ្លួន។ ប៉េកាំង​​មិន​លាក់​បាំង​មហិច្ឆតា ប្រើ​កម្លាំង​​ទៅក្រសោប​យក​កោះ ដែល​មាន​ប្រជាជន​រស់​នៅ​សរុប​ជាង​២៤​លាននាក់និង​​​​ដែល​បាន​ផ្តាច់​ខ្លួន​ពី​ចិន​ដី​គោក ទៅ​មាន​ប្រព័ន្ធ​ដឹកនាំ​បែបប្រជាធិបតេយ្យ​ឡើយ។

ចំណែក​សហរដ្ឋអាមេរិក​ក្រោម​ការ​ដឹក​នាំ​របស់​លោក​បៃដិន ក៏​បាន​បង្កើន​សកម្មភាព​គាំទ្រ​តៃវ៉ាន់​ខ្លាំង​ដែរ។ បន្ទាប់​ពី​បាន​បញ្ជូន​មន្ត្រី​ផ្លូវការ​ទៅ​តៃវ៉ាន់​កាលពី​ដើម​ខែ នៅ​ថ្ងៃអង្គារទី ១៥​មិថុនាម្សិលមិញ មន្ត្រីការទូត​អាមេរិក លោក Daniel Kritenbrinkដែល​ជា​អនាគត​អនុរដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ទទួល​បន្ទុក​កិច្ចការ​អាស៊ី បាន​អះអាង​​ថា​ប្រធានាធិបតី​អាមេរិក ចូ បៃដិន នឹង​បន្ត​ពង្រឹង​ទំនាក់ទំនង​ជាមួយ​តៃវ៉ាន់ឱ្យ​បានកាន់​តែ​ខ្លាំង​និង​ល្អិតល្មួត។ ខ្លាំង​ជាងមិនធ្លាប់​មាន គិត​ចាប់​តាំង​ពី​​ឆ្នាំ​១៩៧៩ ឆ្នាំ​ដែល​អាមេរិក​បាន​ប្រកាស​ទទួលស្គាល់​គោលការណ៍​ចិន​តែ​មួយ និង​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ប៉េកាំង​មក។ បាន​ន័យ​ថា អាមេរិក​នឹង​អាច​សើរើ​កិច្ចព្រមព្រៀង​ជាមួយ​ចិន​​ជុំ​វិញ​បញ្ហា​ដ៏​រសើប​នេះ​ឡើង​វិញ ?!​ ​មន្ត្រី​ទូត​ពោរពេញទៅ​ដោយ​បទពិសោធន៍​រូប​នេះបាន​បញ្ជាក់លម្អិតត្រង់​ចំណុច​នេះ​​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI