កូរ៉េខាងជើង-សហរដ្ឋអាមេរិក

លោកគីម ជុងអ៊ុន​ថា កូរ៉េខាងជើងត្រូវ​ត្រៀមទាំង​ការចរចានិងការប្រឈមមុខ​ជាមួយ​អាមេរិក

មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅក្នុងមហាសន្និបាត​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករកូរ៉េខាងជើង នៅថ្ងៃទី​១៧ មិថុនា ២០២១
មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន នៅក្នុងមហាសន្និបាត​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករកូរ៉េខាងជើង នៅថ្ងៃទី​១៧ មិថុនា ២០២១ AP

មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​បាន​ប្រកាសថា កូរ៉េខាងជើង ត្រូវត្រៀមខ្លួន ទាំងព្រម ទាំងការចរចា ហើយនិង​ការប្រឈមមុខ​តទល់​ជាមួយ អាមេរិក។ នៅក្នុង​មហាសន្និបាត​គណៈកម្មាធិការ​មជ្ឈិមបក្ស ពលករកូរ៉េខាងជើង កាលពីថ្ងៃ​ព្រហស្បតិ៍ទី ១៧មិថុនា ប្រមុខដឹកនាំ​កូរ៉េខាងជើងបាន​សង្កត់ធ្ងន់ថា ប្រទេស​របស់លោក​ត្រូវតែ​ត្រៀមខ្លួន ឲ្យបាន​ពេញលេញ សម្រាប់ប្រឈមមុខ។ នេះបើ​តាម​ការចុះផ្សព្វផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មានផ្លូវរដ្ឋ​កូរ៉េខាងជើង KCNA នៅថ្ងៃ​សុក្រទី ១៨​មិថុនា។

ផ្សាយពាណិជ្ជកម្ម

ថ្លែង​ទៅកាន់​មហាសន្និបាត​គណៈកម្មាធិការ​មជ្ឈិមបក្ស​ពលករ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន បាន​លើកឡើង​ពីសារៈសំខាន់ ដែល​កូរ៉េខាងជើង​ត្រូវ​ត្រៀមខ្លួន សម្រាប់​ការចរចា និង សម្រាប់​ការប្រឈមមុខ ជាមួយ​អាមេរិក ជាពិសេស គឺ​ការត្រៀមខ្លួន​ឲ្យ​បាន​គ្រប់លក្ខណៈ សម្រាប់ ការប្រឈមមុខ ដើម្បី​ការពារ កិត្តិយស ភាពថ្លៃថ្នូរ​របស់កូរ៉េខាងជើង។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ ព័ត៌មាន កូរ៉េខាងជើង KCNA លោក គីម ជុងអ៊ុន​បានប្រកាស​យ៉ាងដូច្នេះ នៅបន្ទាប់ពី​លោក​បានវិភាគ​លម្អិត នយោបាយ​របស់​រដ្ឋបាលអាមេរិក​ថ្មី។

របបព្យុងយ៉ាង​ធ្លាប់​បាន​ចោទប្រកាន់​រដ្ឋបាល​អាមេរិក​ថ្មី ក្រោមអាណត្តិដឹកនាំ​របស់លោក​ចូ បៃដិន​ថា មាន​នយោបាយ អរិភាព ចំពោះ កូរ៉េខាងជើង។ ដោយអះអាងថា នឹង​ប្រើ​នយោបាយការទូត​ដើម្បីជំរុញ ឲ្យ​កូរ៉េខាងជើង លះបង់​ចោល​អាវុធ​នុយក្លេអ៊ែរ លោកចូ បៃដិន​ធ្លាប់បាន​និយាយ​ថា លោក​មិន​ទាត់ចោល គំនិត រៀបចំជំនួបកំពូល​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង។ ប៉ុន្តែ ផ្ទុយពី​ប្រធានាធិបតី​លោកដូណាល់ ត្រាំ ដែលបើក​ជំនួបកំពូល​ជាមួយ លោក គីម ជុងអ៊ុន ដល់ទៅ ២ដង ដោយ គ្មានចេញ​លទ្ធផល​អ្វីនោះ លោក​ចូ បៃដិន​ធ្លាប់​និយាយ ថា បើ​គ្មាន​ផែនការ​ច្បាស់លាស់​សម្រាប់​ការចរចា​ស្តីពី​អាវុធ​នុយក្លេអ៊ែរ កូរ៉េខាងជើង លោក​នឹង​មិន​ជួប​មេដឹកនាំ​កូរ៉េខាងជើង។

ប្រធានាធិបតី​អាមេរិក ទទួលស្គាល់ថា ពិតជាមាន​ការលំបាក ដើម្បីបញ្ចុះបញ្ចូល​ឲ្យ​កូរ៉េខាងជើង លះបង់​ចោល អាវុធនុយក្លេអ៊េរ។ រដ្ឋបាលអាមេរិក​ទាំង៤​កន្លងមក បរាជ័យ មិនបានសម្រេច​តាម​គោលដៅ​នោះទេ។

ចាប់តាំង​ពី​ឆ្នាំ ២០០៦ កូរ៉េខាងជើង បាន​បាញ់​សាកល្បង​គ្រាប់នុយក្លេអ៊ែរ ចំនួន ៦ដង និង​កំពុង​ជាប់ក្នុងទណ្ឌកម្ម​សេដ្ឋកិច្ច របស់​អង្គការ​សហប្រជាជាតិ​សម្រាប់​កម្មវិធី​អាវុធនុយក្លេអ៊ែរ។ តាម ប្រធានក្រុមសិក្សា​កូរ៉េខាងជើង នៃវិទ្យាស្ថានសេអ៊ូល កូរ៉េខាងជើង អាច យល់ព្រម កាត់បន្ថយ អាវុធនុយក្លេអ៊ែរ​និង​ផ្អាកកម្មវិធី នុយក្លេអ៊ែរ​យោធា ដើម្បីជាថ្នូរ​នឹង​ការដកចោលទណ្ឌកម្ម​សេដ្ឋកិច្ច។ ទណ្ឌកម្ម​របស់​សហគមន៍អន្តរជាតិ​ដែល​បាន​រុញច្រាន​សេដ្ឋកិច្ច​កូរ៉េខាងជើង ធ្លាក់ចុះ​ដុនដាប​រហូតមក។

នៅថ្ងៃពុធ ទី ១៦ មិថុនា ប្រមុខដឹកនាំ​កូរ៉េខាងជើង លោកគីម ជុងអ៊ុន បាន​និយាយ​ទទួលស្គាល់​ថា វិបត្តិជំងឺកូវីដ​ដែលតម្រូវ​ឲ្យកូរ៉េខាងជើង​បិទព្រំដែន​ជាមួយចិន ហើយនិង មហន្តរាយ​ធម្មជាតិ​បានធ្វើឲ្យ កូរ៉េខាងជើង កំពុង​ជួប​វិបត្តិខ្វះស្បៀង។

ប៉ុន្តែ របាយការណ៍​របស់​អ្នកជំនាញ​នៃ​ក្រុមភ្នាក់ងារសម្ងាត់​អាមេរិក​ធ្លាប់បាន​បង្ហាញ​កាលពី​ខែ​មេសា​កន្លងមក​ថា កូរ៉េខាងជើង​អាច​សាកល្បង​អាវុធនុយក្លេអ៊ែរ​ម្តងទៀត នៅឆ្នាំនេះ ដើម្បី ដាក់សម្ពាធ​ឲ្យ​រដ្ឋបាលលោកចូ បៃដិន ត្រលប់ចូលតុចរចា។ ដើម្បី បង្កើត​បរិយាកាស អស្ថិរភាព នៅក្នុង​តំបន់ កូរ៉េខាងជើង អាច​សាកល្បង​កម្មវិធី​អាវុនុយក្លេអ៊ែរ និងមីស៊ីល​បាលីស្ទិក ដែលជា​ការផ្គើនទៅ​នឹង​បម្រាម​របស់​អង្គការ​សហប្រជាជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI