ហុងកុង-តៃវ៉ាន់

ផុត​ឱសានវាទ តៃវ៉ាន់​ដក​តំណាង​របស់​ខ្លួន​ចេញ​ពី​ហុងកុង

ផុតឱសានវាទ តៃវ៉ាន់ដកតំណាងរបស់ខ្លួនចេញពីហុងកុង
ផុតឱសានវាទ តៃវ៉ាន់ដកតំណាងរបស់ខ្លួនចេញពីហុងកុង Anthony WALLACE AFP/File

តំណាង​​​តៃវ៉ាន់​ នៅមជ្ឈមណ្ឌល​​ពាណិជ្ជកម្ម​ហុងកុង​ ចំនួន​៧​រូប បាន​ចាក​ចេញ​ពី​ក្រុង​ហុងកុង​នៅ​ថ្ងៃ​អាទិត្យ​ទី ២០មិថុនា​ ២០២១។ តៃវ៉ាន់​សុខ​ចិត្ត​ដកខ្លួន​ចេញ​ ព្រោះ​មិន​អាច​ទទួល​យក​សំណើ​របស់​អាជ្ញាធរ​ហុងកុង ដែលដាក់លក្ខខណ្ឌ​ឱ្យ​បុគ្គលិក​តៃវ៉ាន់​ទទួល​ស្គាល់​អធិបតេយ្យភាព​កោះហុងកុង ជាដែនដី​ចិន​តែ​មួយ។

ផ្សាយពាណិជ្ជកម្ម

ក្រុមប្រឹក្សា​ទទួល​បន្ទុក​កិច្ច​ការ​ចិន​ដីគោក​របស់់​តៃ​វ៉ាន់​ ដែល​មាន​ភារៈ​គ្រប់គ្រងទំនាក់ទំនង​ជាមួយ​ចិន បាន​អះអាង​ថា រដ្ឋាភិបាល​ហុងកុង​ បាន​ដាក់​ឱសានវាទ​បង្ខំ​ឱ្យ​បុគ្គលិក​តៃវ៉ាន់​ចុះ​ហត្ថលេខា​​លើ​ឯកសារ​មួយ​ទទួល​ស្គាល់​ “នយោបាយ​ចិន​តែ​មួយ”។ ចិន​និង​រដ្ឋាភិបាលហុងកុង បាន​យក​ “នយោបាយ​ចិន​តែ​មួយ” មក​ធ្វើ​លក្ខខណ្ឌ​នៃដំណើរការ​ការិយាល័យ​ពាណិជ្ជកម្ម និង​​​ការ​ផ្លាស់ប្តូរ​បុគ្គលិក​តៃវ៉ាន់សម្រាប់​​មក​ប្រចាំការ​នៅ​ហុងកុង។​

​តៃវ៉ាន់​សូម​បដិសេធ និង​ធ្វើ​ការ​ថ្កោល​ទោសវិធានការ​របស់​អាជ្ញាធរ​ចិន និង​ហុងកុងនេះ​។ បុគ្គលិក​ប្រចាំ​ការ​នៅ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​​ហុងកុង​ចំនួន​៧​នាក់ បាន​ឡើង​យន្តហោះ​ចាក​ចេញ​ពី​ហុងកុង​ហើយ នៅ​រសៀល​ថ្ងៃ​អាទិត្យ​ទី ២០មិថុនា​នេះ។  ជា​សរុប​តៃវ៉ាន់​នៅ​សល់​តែ​តំណាង​ម្នាក់​​នៅ​លើ​ទឹក​ដី​ហុងកុង ក្រៅ​ពីនោះ​តៃវ៉ាន់​ត្រូវ​ប្រើបុគ្គលិក​ក្នុង​ស្រុក​ទាំងអស់។ នេះ​បើ​តាមប្រសាសន៍​របស់​លោក ចៀវ ជុយចេង​ Chiu Chui-Chengអនុប្រធាន​ក្រុមប្រឹក្សាទំនាក់ទំនង​ជាមួយ​ចិន​ដីគោក។

សម្រាប់​លោក​អនុប្រធាន​ក្រុម​ប្រឹក្សា​ទំនាក់ទំនង​ចិន សំណើ​របស់ហុងកុង​មិន​ស៊ី​ចង្វាក់នឹងជំហររបស់កោះ​​​ដែល​សន្យា​មិនជ្រៀត​ជ្រែក​កិច្ចការ​ផ្ទៃក្នុង មិន​ធ្វើ ឬ​និយាយ​អ្វី​ដែល​ប៉ះពាល់ដល់​ស្ថិរភាព​ និង​​ភាព​រុងរឿង​របស់​ហុងកុង ឬ​ធ្វើ​ឱ្យរដ្ឋាភិបាល​ហុងកុង​ទើសទាស់​ចិត្ត។

សូម​បញ្ជាក់​ថា តៃវ៉ាន់​ជា​ដៃគូពាណិជ្ជកម្ម​ដ៏​សំខាន់បំផុត​សម្រាប់​ចិន​និង​ហុងកុង ប៉ុន្តែទំនាក់ទំនង​ជារ​វាងរដ្ឋាភិបាលនិងរដ្ឋាភិបាល​ ធ្លាក់​ដុន​ដាប​ជា​លំដាប់។ វិធានការ​នេះក៏ធ្លាក់មក​ជួន​ចំពេល​ដែល​​​ចិន​​បានបង្កើន​​ ​សម្ពាធ​សេដ្ឋកិច្ច​និងការ​ទូត​យ៉ាង​ខ្លាំង​ដាក់លើ​តៃវ៉ាន់។ កាលពី​ពាក់កណ្តាលខែ​ឧសភា ហុងកុង​បាន​ប្រកាស​ផ្អាក​ជា​បណ្តោះ​អាសន្នសកម្មភាព​របស់​ការិយាល័យ​​ពាណិជ្ជកម្មហុងកុង​នៅ​តៃវ៉ាន់ ដោយ​មូលហេតុ​នយោបាយ ដោយ​ចោទ​តៃប៉ិថា​បាន​ចូល​ជ្រៀតជ្រែកកិច្ចការ​ហុងកុង​ជ្រុល និង​ជាប្រភព​ធ្វើ​ឱ្យ​ទំនាក់ទំនង​ហុងកុង​តៃវ៉ាន់​ធ្លាក់​ដុនដាប។ ចំណែក​ម៉ាកាវ​ ក៏​បាន​ប្រកាស​បិទ​ការិយាល័យ​ពាណិជ្ជកម្ម​ខ្លួន​នៅ​តៃវ៉ាន់​ដែរ​ កាលពីសប្តាហ៍​មុន តែ​មិន​បាន​ផ្តល់​សេចក្តី​បំភ្លឺអ្វី​ទាំង​អស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI