ឥណ្ឌា-កូវីដ១៩

កូវីដ១៩ ៖ ឥណ្ឌា​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ដោយ​ឥតគិត​ថ្លៃ​ ដើម្បី​ជំរុញ​ពលរដ្ឋ​ឱ្យទៅចាក់វ៉ាក់សាំង

ឥណ្ឌា​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩​ដោយ​ឥត​គិត​ថ្លៃ
ឥណ្ឌា​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩​ដោយ​ឥត​គិត​ថ្លៃ REUTERS - DADO RUVIC

ចាប់​ពី​ថ្ងៃ​ចន្ទទី ២១​ មិថុនា នេះ​ទៅ ប្រជាពលរដ្ឋ​ឥណ្ឌា​ពេញ​វ័យគ្រប់​រូប (ចាប់​ពី​អាយុ​១៨​ឆ្នាំ ឡើង​ទៅ)​ អាច​ទៅ​ទទួល​ថ្នាំ​បង្ការប្រឆាំង​កូវីដ​១៩ ដោយ​ឥត​គិត​ថ្លៃ។ ​រដ្ឋាភិបាល​ឥណ្ឌា​បានប្រកាស​​ប្តូរ​យុទ្ធសាស្ត្រ​លែង​យក​ថ្លៃ​​វ៉ាក់សាំង​​ ដើម្បី​ជំរុញ​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​ឱ្យ​បាន​លឿន​។ ប៉ុន្តែ​​ទន្ទឹម​ពេលជា​មួយ​គ្នា​នេះ ​លោក​នាយករដ្ឋមន្ត្រី​ឥណ្ឌា ណារិដ្រា ម៉ូឌី បាន​អួត​អាង​អំពី​ប្រសិទ្ធភាព​ការពារ​និង​ព្យាបាល​ជំងឺ​កូវីដ​ ដោយ​ការ​ហាត់​ Yoga យោហ្កា។

ផ្សាយពាណិជ្ជកម្ម

ឥណ្ឌា​បាន​បើក​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​កូវីដ​១៩ តាំង​ពី​ថ្ងៃទី ១៦​មករា​២០២១ ដោយ​ផ្តល់​អាទិភាព​ដំបូង​ដល់បុគ្គលិក​ពេទ្យ ​មនុស្ស​ចាស់អាយុ​លើស​៥០​ឆ្នាំ និង​ចាប់​ពី​ថ្ងៃទី ១​ឧសភាមក ពលរដ្ឋ​គ្រប់​វ័យ​ ក្រោម​អាយុ​៤៥​ឆ្នាំ​ក៏​មាន​សិទ្ធិ​ទៅ​ចាក់​វ៉ាក់សាំង​ដែរ។ ប៉ុន្តែ​គិត​មក​ទល់​នឹង​ថ្ងៃ​នេះ ឥណ្ឌា​​ចាក់​វ៉ាក់សាំង​​ទើប​តែ​បានជាង​​ ២៧៥​លាន​ដូស​ប៉ុណ្ណោះ ក្នុង​នោះ​ជាង​៤៥​លាន​នាក់​ បាន​ទទួល​ថ្នាំ​បង្ការ​ពីរ​ដូស និង​២៣១លាន​នាក់ បាន​មួយ​ដូស ពោល​គឺ​មានប្រជាពលរដ្ឋ​​មិន​ដល់​៤%​ទេ បាន​ទទួល​ការពារ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​ឥណ្ឌា សម្រេច​ប្តូរ​យុទ្ធសាស្ត្រ​ ដោយ​ប្រកាស​លែង​យក​ថ្លៃ​វ៉ាក់សាំង​កូវីដ។

ជាមួយ​នឹងសេចក្តី​សម្រេច​​ផ្តល់​ថ្នាំ​បង្ការដោយ​ឥត​គិត​ថ្លៃ ឥណ្ឌា​សង្ឃឹម​ថា​នឹង​អាច​ពន្លឿន​​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ ក្នុង​ប្រទេស​ដែល​វិសមភាព​សង្គម​ខ្លាំង​ផង និង​មាន​ប្រជាពលរដ្ឋ​គ្មានទំនុក​ចិត្ត​ខ្លាំង​ផង​លើ​​ថ្នាំ​ស្រាប់​ផង។ កង្វះ​ថ្នាំ​វ៉ាក់សាំង​ជា​មូលហេតុ​ចំបង​មួយទៀត​​ដែល​នាំ​យុទ្ធនាការ​ចាក់​ថ្នាំ​បង្ការ​យឺត​យ៉ាវ។ រដ្ឋាភិបាល​បាន​កំណត់​​កម្មវត្ថុ​ផ្តល់​ថ្នាំបង្ការ​ដល់​ពលរដ្ឋ​ពេញ​វ័យ​ឱ្យ​បាន​១,១ពាន់​លាន​នាក់​នៅ​ដំណាច់​ឆ្នាំ។

​​ប៉ុន្តែ​អ្វី​ជា​ការ​គួរ​ឱ្យ​កត់​សម្គាល់ យុទ្ធនាការ​ចាក់​ថ្នាំ​បង្កា​រកូវីដ​ដោយ​ឥត​គិត​ថ្លៃ ចាប់​ប្រព្រឹត្ត​ទៅ​ចំ​ថ្ងៃ​ប្រារព្វ​ទិវា​យោហ្កា​អន្តរជាតិ​។ ទន្ទឹម​នឹង​ការ​​ជំរុញឱ្យ​ប្រជាពលរដ្ឋ​​នៅ​ចាក់​វ៉ាក់សាំង នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បាន​ថ្លែង​សុន្ទរកថា​​តាំងពី​ព្រលឹម​ទៅ​កាន់​ប្រជាជាតិ លើក​សរសើរ​អំពី​គុណប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​តាមបែប​បូរាណ​ឥណ្ឌា​ Yoga ថា​អាច​ការពារ​ និ​ងព្យាបាល​ជំងឺ​កូវីដ​១៩​បាន​។ បើ​តាម​លោក​នាយករដ្ឋមន្ត្រី​ ដែល​ជា​អ្នក​ជាតិនិយមហិណ្ឌូ មាន​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ជួរ​មុខ​ច្រើន​ណាស់ បាន​ប្រកាន់​ទម្លាប់​ធ្វើ​យោហ្កា ដើម្បី​បាន​ខែល​ការពារ​ខ្លួនពី​កូរ៉ូណាវីរុស។ ក្រុម​គ្រូពេទ្យ​ទាំង​នោះ​មាន​សុខភាព​ល្អ​រឹងមាំព្រោះ​យោហ្កា​ជា​ប្រភព​កម្លាំង​ខាង​ក្នុង (ខ្លួន)។ តាំង​ពីផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​១៩​ដំបូង​ភ្លាម រដ្ឋាភិបាល​ឥណ្ឌា​​លើក​សរសើរ​ឥត​ដាច់​ អំពី​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​យោហ្កា​ប្រឆាំង​នឹង​កូវីដ​១៩ និង​អំពី​ការ​ព្យាបាល​ដោយ​ប្រើ​ថ្នាំបុរាណ​។

តាម​សំណើ​របស់​លោក​ម៉ូឌី អង្គការ​សហប្រជាជាតិ​បាន​​ប្រកាស​ចាត់​ទុក​ថ្ងៃ​ដែល​វែង​ជាង​គេ​នៅខែ​មិថុនា ជា​ទិវា​យោហ្កាអន្តរជាតិ​ ​តាំង​ពី​ឆ្នាំ​២០១៤​មក។ ទិវា​នេះ​មាន​ប្រារព្វ​ធ្វើ​នៅ​ទូទាំង​​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI