ហុងកុង-សេរីភាព

ហុងកុង៖ តុលាការ​​បើក​​សវនា​កា កាត់ទោស​លើក​ទីមួយ ក្នុង​ក្របខណ្ឌ​ច្បាប់​សន្តិសុខជាតិ

យុវជន Tong Ying-kit ត្រូវសមត្ថកិច្ចហុងកុង បញ្ជូនមកតុលាការ ស្តាប់បទចោទប្រកាន់ នៅថ្ងៃទី៦ កក្កដា ២០២០ មុននឹងត្រូវបញ្ជូនយកទៅដាក់ឃុំ រងចាំសវនាកា។
យុវជន Tong Ying-kit ត្រូវសមត្ថកិច្ចហុងកុង បញ្ជូនមកតុលាការ ស្តាប់បទចោទប្រកាន់ នៅថ្ងៃទី៦ កក្កដា ២០២០ មុននឹងត្រូវបញ្ជូនយកទៅដាក់ឃុំ រងចាំសវនាកា។ AP - Vincent Yu

ព្រឹកថ្ងៃពុធ ទី២៣ មិថុនា តុលាការហុងកុង បានបើកសវនាកា កាត់ទោសយុវជនម្នាក់អាយុ២៤ ឆ្នាំ ដែលជាមនុស្សដំបូង​បង្អស់ ជាប់ចោទពីបទបំពាននឹងច្បាប់សន្តិសុខជាតិ ចូលជាធរមាន កាលពីចុងខែមិថុនា ឆ្នាំ​២០២០។ សវនាកានេះ នឹងមិនមាន​វត្តមានប្រជាតំណាង ដែលជា​សមាជិក​​​គណៈវិនិច្ឆ័យ​ទេ ដែលនេះគឺ​ផ្ទុយស្រលះ ពីទម្លាប់កន្លងមក នៅក្នុង​ប្រព័ន្ធយុត្តិធម៌ហុងកុង សម្រាប់បទល្មើសធ្ងន់ធ្ងរបែបនេះ។

ផ្សាយពាណិជ្ជកម្ម

យុវជនឈ្មោះ Tong Ying-kit អាយុ២៤ឆ្នាំ ត្រូវបានអាជ្ញាធរហុងកុងចោទប្រកាន់ នៅថ្ងៃទី១ ខែ​កក្កដា ឆ្នាំ២០២០ ពោលគឺប៉ុន្មានម៉ោង​ប៉ុណ្ណោះ ក្រោយ​ការចូលជាធរមាន​នៃច្បាប់សន្តិសុខជាតិ។ ដោយ​បានចូលរួមក្នុងសកម្មភាពបាតុកម្ម យុវជនជាប់ចោទ បាន​បើកម៉ូតូបុកដោយចេតនា ទៅលើ​ក្រុម​សមត្ថកិច្ច​នគរបាលហុងកុង បណ្តាល​ឲ្យ​របួស​៣នាក់។ យោងតាមច្បាប់សន្តិសុខជាតិ ជននេះ ជាប់ចោទពីបទ ធ្វើសកម្មភាពភេរវកម្ម ពន្យុះឲ្យ​មានការបះបោរបំបែកទឹកដី និង​ មានអាកប្បកិរិយា​បង្កគ្រោះថ្នាក់ដល់សង្គមជាតិ។

សវនាកាជាលើកដំបូងនេះ ត្រូវបាន​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ហុងកុង ទាមទារមិនឲ្យ​មានវត្តមាន​ គណៈវិនិច្ឆ័យ​ អមការជំនំជំរះទេ។ យុវជនជាប់ចោទ ដែលជាប់ឃុំប្រមាណជិត១ឆ្នាំមកនេះ​ បានប្តឹងជំទាស់ ទាមទារឲ្យ​វត្តមាន​របស់គណៈវិនិច្ឆ័យ នៅក្នុង​សវនាកាលើកទី​១របស់ខ្លួន​។ ការជំទាស់របស់​យុវជននេះ ត្រូវបានតុលាការជាន់ខ្ពស់ហុងកុង បដិសេធ​មិនធ្វើតាម។

គួរបញ្ជាក់ថា ជាទូទៅសម្រាប់បទល្មើសព្រហ្មទណ្ឌ​ធ្ងន់ធ្ងរ នៅហុងកុង គឺសវនាកា​ជំនំជំរះ ត្រូវតែមានវត្ត​មានគណៈវិនិច្ឆ័យ អមចៅក្រម ដើម្បីប្រឹក្សាយោបល់ និង​សម្រេចទោស។​ ក៏ប៉ុន្តែ នៅក្នុងក្របខណ្ឌច្បាប់សន្តិសុខជាតិ ប៉េកាំងបានដាក់កំហិតថា រាល់សវនាកា​កាត់ទោស​បទល្មើស ក្នុងក្របខណ្ឌច្បាប់នេះ​ គឺមានវត្តមាន​ចៅក្រម​ តែ​៣នាក់​ប៉ុណ្ណោះ។

គួរកត់សំគាល់ថា ច្បាប់សន្តិសុខជាតិ ដែលចិនប៉េកាំងបានដាក់កំហិតមកលើហុងកុង ត្រូវបាន​ក្រុម​អ្នកប្រជាធិបតេយ្យហុងកុង ចាត់ទុកថាជាឧបករណ៍ ក្នុងចាប់ប្រមូល​អ្នកប្រឆាំងទាំងអស់ចូលគុក។ រាល់ការធ្វើបាតុកម្ម ឬការតវ៉ា​ទាមទារសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ គឺអាចត្រូវគេ​បកស្រាយ ចាត់ទុកថាជា​សកម្មភាពវិទ្ធំង្សនា ញុះញុង​បំបែកទឹកដី ​បង្កអសន្តិសុខសង្គម ភេរវកម្ម​ឃុបឃិត​ជាមួយបរទេស ជាដើម។ល។ គិតមកទល់ពេលនេះ មាន​មនុស្ស​ជាង៦០នាក់ហើយ ដែល​ត្រូវជាប់ចោទ ក្នុងក្របខណ្ឌច្បាប់សន្តិសុខជាតិនេះ ហើយដែលភាគច្រើនគឺសុទ្ធតែជាសកម្មជន​ប្រជាធិបតេយ្យហុងកុងល្បីឈ្មោះ និងដែលកំពុងជាប់ឃុំរង​ចាំសវនាកា។

ទន្ទឹមគ្នានេះដែរ ប៉ុន្មានថ្ងៃចុងក្រោយនេះ អាជ្ញាធរហុងកុង បានចាត់វិធានការ ចាប់ថ្នាក់ដឹកនាំកាសែត Apple Daily និងអ្នកកាសែតជាច្រើននាក់។ កាសែតប្រឆាំងដ៏ល្បីឈ្មោះនៅហុងកុងនេះ ត្រូវ​អាជ្ញាធរហុងកុង សម្រេច​ឲ្យ​បិទ ឈប់បោះផ្សាយ​ជារៀងរហូត។ យោងតាមលិខិតប្រកាសរបស់​​ក្រុមប្រឹក្សារដ្ឋបាល​កាសែតនេះ កាសែត​Apple Daily នឹង​បោះផ្សាយ​​លេខចុងក្រោយ​​បង្អស់របស់ខ្លួន នៅថ្ងៃទី​​២៦​មិថុនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI