ថៃ-ទេសចរណ៍

ថៃដាក់ផែនការ​បើកទ្វារ​​ទទួលភ្ញៀវ​បរទេស តែ​​មិន​សូវ​មាន​លក្ខណៈ​ទាក់ទាញ

ឆ្នេរ Patong នៃ​កោះ​ភូកេត ស្ងាត់​គ្មាន​ទេសចរ
ឆ្នេរ Patong នៃ​កោះ​ភូកេត ស្ងាត់​គ្មាន​ទេសចរ Getty Images - Adisorn Fineday Chutikunakorn

ទើប​ចាក់​វ៉ាក់សាំង​បាន​ជិត​​​៦លានម្ជុល ថៃនឹង​បើក​ព្រំដែន​ទទួល​ភ្ញៀវ​បរទេស​វិញចាប់​ពីថ្ងៃទី ១ កក្កដា​២០២១​ទៅ ​ ដើម្បី​ស្តារវិស័យ​ទេសចរណ៍​ដែល​ជា​ទី​​រំពឹង​យ៉ាង​ខ្លាំង​នៃ​សេដ្ឋកិច្ច​ជាតិ។ ប៉ុន្តែ​ ​អ្នក​ជំនាញអាជីព​ទេសចរណ៍​ ពុំ​សូវ​មាន​ជំនឿ​លើ​កម្មវិធី​​​​របស់​រដ្ឋាភិបាលទេ។ ជា​វិធានការ​ដែល​ពុំ​សូវ​មាន​លក្ខណៈ​ទាក់ទាញ​ទេសចរណ៍​។ នេះ​បើ​តាម​ទស្សនៈ​របស់​ក្រុម​អ្នកមាន​អាជីព​ទេសចរណ៍មួយ​ចំនួនទៀត។

ផ្សាយពាណិជ្ជកម្ម

តាំង​ពី​ផ្ទុះ​ជំងឺ​រាតត្បាត​កូវីដ​១៩​មក និង​តាំង​ពី​ជាង​មួយ​ឆ្នាំមក ​ថៃមាន​​វិធានការ​ដ៏​តឹង​តែង​បំផុត ដាក់​កំហិត​ឱ្យគ្រប់​អ្នក​ដំណើរ​ ​​ធ្វើ​ចត្តាឡីស័ក​ រយៈ​ពេល​១៤​ថ្ងៃ​ ក្នុង​សណ្ឋាគារ​តាម​បញ្ជា​អាជ្ញាធរ។ វិធានការ​នេះ បាន​ធ្វើ​ឱ្យ​ចំនួន​ភ្ញៀវបរទេស​ធ្លាក់​ចុះ​ជាគំហុក និង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​ជាតិ​ថៃ​ធ្លាក់​យ៉ាប់យឺន​​ខ្លាំង​បំផុត​មិនធ្លាប់​មាន​គិត​ចាប់​ឆ្នាំ​១៩៩៧​មក។

ឥលូវ​ដើម្បី​ផ្តល់សន្ទុះដល់ម៉ាស៊ីន​ទេសចរណ៍ឡើង​វិញ រដ្ឋាភិបាល​បាន​អនុម័ត​ផែនការ​មេមួយ​មានឈ្មោះ​ថា Sandbox  “ប្រអប់​​ខ្សាច់”  ​ដែល​នឹងត្រូវ​ផ្តើម​អនុវត្ត​ ចាប់ពី​ថ្ងៃទី ១ កក្កដាទៅ។ បើ​តាម​ផែនការ រាល់​គ្រប់​ទេសចរ​បរទេសដែល​បានចាក់​វ៉ាក់សាំង​រួច​រាល់​ នឹង​អាច​ធ្វើ​ដំណើរ​មក​សម្រាក​កម្សាន្ត​នៅ​ក្នុង​ប្រទេសថៃបាន ដោយ​ពុំ​ចាំបាច់​ធ្វើ​ចត្តាឡីស័ក​១៤​ថ្ងៃ​ទៀត​ទេ។ ប៉ុន្តែ​ទេសចរទាំង​អស់​ទៅ​លំហែ​នៅ​កោះ​ភូកេត រយៈ​ពេល​ពីរសប្តាហ៍​សិន មុន​នឹង​អាច​ធ្វើ​ដំណើរ​ដោយ​សេរីទៅកាន់​តំបន់​ផ្សេង​នៃ​ប្រទេស​បាន។ ក្នុង​រយៈ​ពេលស្នាក់​នៅ កោះភូកេត ទេសចរ​ទាំង​អស់​ត្រូវ​ធ្វើ​តេស្ត​កូវីដ​ចំនួន​បួន​ដង​ ៖ ពេល​ទៅ​ដល់​ភ្លាម និង​​ពេល​កំពុង​ស្នាក់​នៅ​ ទើបដល់​គម្រប់​ ១៤​ថ្ងៃ​​ ​ពួកគេ​អាច​ចាក​ចេញ​ពី​កោះ​បាន។

នេះ​ជា​វិធានការ​ដ៏​ធ្ងន់ណាស់ និង​គ្មាន​លក្ខណៈ​ទាក់ទាញ​ទេ។ ទេសចរ​បរទេសភាគ​ច្រើន​ពិត​ជា​រអារ​ និង​គ្មាន​ទឹក​ចិត្តធ្វើ​ដំណើរ​មក​ប្រទេស​ថៃទេ។ នេះ​បើ​តាម​​ការ​យល់​ឃើញ​របស់​ប្រធាន​សមាគមទេសចរណ៍​កោះភូកេត និង​ប្រធាន​សមាគម​សណ្ឋាគារ​ថៃ​ប្រចាំ​ភាគ​ខាង​ត្បូង​ប្រទេស ដែល​បាន​បញ្ជាក់​ថា មាន​ទេសចរ​អឺរ៉ុប​និង​អ៊ីស្រាអែល​ប្រមាណ​៤០០​នាក់​គ្រោង​មកដល់​កោះ​ភូកេត​នៅ​ថ្ងៃទី ១កក្កដា និង​គ្មាន​សញ្ញាកើន​ចំនួន​ទេសចរ​សោះ។

ម្យ៉ាង​វិញ​ទៀត ក្រៅ​អំពីតឹង​តែងជ្រុល អ្នក​ជំនាញ​អាជីព​ទេសចរណ៍​បាន​​​រិះគន់​រដ្ឋាភិបាល​ថែម​ទៀត ថា​ធ្វើការ​យឺត​។ ថៃទេសចរណ៍​ជិត​បើកមែន ប៉ុន្តែ​ផែនការ​ពុំ​ទាន់​បាន​ទទួល​សុពលភាព​ពី​ព្រះ​បរមរាជវាំង និង​បញ្ជូន​ប្រាប់​ស្ថានទូតផង។ ​

​សម្រាប់អ្នកជំនាញ​ទេសចរណ៍​ ប្រសិន​បើ​រដ្ឋាភិបាល​មិនលើក​បម្រាមទាំង​ស្រុង​ ឱ្យ​បាន​មុន​រដូវ​ទេសចរណ៍​ចាប់​ផ្តើមថ្ងៃទី ១​តុលា ​ទេ នោះ​ថៃ​នឹង​ខាតបង់ធំ ​អស់​​មួយ​ឆ្នាំទៀត។ ហើយសណ្ឋាគារ​ ផ្ទះ​សំណាក់​ ជា​ច្រើន​នឹង​ត្រូវ​បិទទ្វារ​ជា​រៀង​រហូត​។ ពេលនេះ​ ៨០%​នៃ​សណ្ឋាគារ​នៅ​ភូកេត​បាន​បិទ​ទ្វារជាបណ្តោះអាសន្ន។

រដ្ឋាភិបាលថៃ​ទើប​ផ្តើម​យុទ្ធនាការចាក់ថ្នាំ​បង្ការ កាលពី​ថ្ងៃ​ទី ៧ មិថុនា ដោយ​​សន្យា​ថា ប្រជាពលរដ្ឋ​ពេញវ័យ​ទាំងអស់​នឹង​ទទួល​បាន​ថ្នាំ​បង្ការ​ប្រឆាំង​កូវីដ​១៩​ ​ យ៉ាង​ហោច​ណាស់​មួយ​ដូស​យ៉ាង​យូរ​នៅ​ចុង​ខែ​តុលា។ គិត​ត្រឹម​ថ្ងៃ​នេះ ថៃ​ចាក់​វ៉ាក់សាំង​បាន​ជិត​​​៦លានម្ជុល​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI