អូស្ត្រាលី-កូវីដ១៩

ទីក្រុងស៊ីដនី​ត្រូវបិទខ្ទប់​ទាំង​ស្រុង​​២សប្តាហ៍ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​​កូវីដ​១៩ "ដែលតា"

ទីក្រុងស៊ីដនី ស្ងាត់ជ្រងំ ក្រោយ​ដំនឹងប្រកាសបិទខ្ទប់ទីក្រុងទាំងស្រុង រយៈពេល​២សប្តាហ៍ ចាប់ពីថ្ងៃទៅ២៦មិថុនាទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កូវីដ​១៩ទំរង់បំប្លែងខ្លួន ដែលតា។
ទីក្រុងស៊ីដនី ស្ងាត់ជ្រងំ ក្រោយ​ដំនឹងប្រកាសបិទខ្ទប់ទីក្រុងទាំងស្រុង រយៈពេល​២សប្តាហ៍ ចាប់ពីថ្ងៃទៅ២៦មិថុនាទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាល កូវីដ​១៩ទំរង់បំប្លែងខ្លួន ដែលតា។ Saeed Khan AFP

អាជ្ញាធរអូស្ត្រាលី បានសម្រេច បិទខ្ទប់ទីក្រុងស៊ីដនីទាំងស្រុង រយៈពេល២សប្តាហ៍ បន្ទាប់ពីបានសង្កេតឃើញ ការឆ្លងរាលដាលខ្លាំង នូវកូវីដ​១៩ ទំរង់បំប្លែងខ្លួន ដែលតា ។ អាជ្ញាធរសុខាភិបាល​អូស្ត្រាលី អះអាងថា ការបិទខ្ទប់ទាំងស្រុងនេះ គឺជារឿងចាំបាច់បំផុត ដើម្បីបង្អាក់ការឆ្លងរាលដាល ព្រោះកូវីដ​១៩ ទំរង់បំប្លែងខ្លួន ដែលតា គឺជាសត្រូវដ៏គ្រោះថ្នាក់បំផុត។

ផ្សាយពាណិជ្ជកម្ម

នៅយប់ថ្ងៃសុក្រ ម៉ោង១២រំលងអាធ្រាត្រ សង្កាត់ចំនួន​៤នៅក្រុងស៊ីដនី​ ត្រូវអនុវត្តការធ្វើចត្តាឡីស័ក​។ ក៏ប៉ុន្តែស្រាប់តែព្រឹកថ្ងៃសោរ៍ទី២៦មិថុនា លោកស្រី Gladys Berejiklian នាយករដ្ឋមន្ត្រី រដ្ឋ New South Wales បានប្រកាសថា​ ទីក្រុង​ស៊ីដនីទាំងមូល​ ដែលជាទីក្រុងធំរបស់រដ្ឋនេះ ​នឹងត្រូវ​បិទខ្ទប់ទាំងស្រុង រយៈពេល២សប្តាហ៍ ចាប់ពី​ម៉ោង​៦ល្ងាច ថ្ងៃទីសៅរ៍ទី២៦មិថុនា។

ផ្អែកតាម​អាជ្ញាធរសុខាភិបាលអូស្ត្រាលី មនុស្សជាង៨០នាក់ ត្រូវបានគេធ្វើតេស្តរកឃើញវិជ្ជមានកូវីដ​១៩​ ទំរង់បំប្លែងខ្លួន « ដែលតា » ក្នុងរយៈពេល​មួយ​​សប្តាហ៍។ ករណីវិជ្ជមានកូវីដ​ទាំងនេះ គឺសុទ្ធតែជាប់ពាក់ព័ន្ធ នឹងអ្នក​បើកបរម្នាក់ ដែលដឹកជញ្ជូន ក្រុមការងារ​បុគ្គលិក​ក្រុមហ៊ុនអាកាសចរណ៍ ពីព្រលានយន្តហោះ ទៅសណ្ឋាគារក្នុងក្រុងស៊ីដនី ដើម្បីធ្វើចត្តាឡីស័ក។

លោក Brad Hazzard រដ្ឋមន្ត្រីសុខាភិបាលរដ្ឋ New South Wales បាន​ប្រាប់អ្នកកាសែតថា កូវីដ​១៩​ទំរង់​បំប្លែងខ្លួន​ដែលតា  គឺសត្រូវមួយដ៏គួរឲ្យ​ភ័យបារម្ភ ព្រោះថា វិធានការ​បង្ការកន្លងមក ហាក់មិនអាច ទប់ស្កាត់ការឆ្លង​រាលដាលទាល់​តែសោះ។​

ដើម្បី​ការពារការសម្រេចបិទខ្ទប់​ក្រុងស៊ីដនីទាំងមូល លោកស្រីនាយករដ្ឋមន្ត្រី បាន​អះអាងថាកូវីដ​១៩ទំរង់បំប្លែងខ្លួនដែលតា មានកម្លាំងឆ្លងរាលដាល​មួយ​ទ្វេជាពីរ។ វិធានការដាក់ឲ្យ​ធ្វើចត្តាឡីស័ក ចំនួន​​៣ថ្ងៃ ដែលអាជ្ញាធរបានកំណត់កន្លងមក គឺមិនគ្រប់គ្រាន់ទេ។ នៅក្នុងរយៈពេលបិទខ្ទប់​២ ​សប្តាហ៍​នេះ មនុស្ស​គ្រប់គ្នាអាចចេញ​ទៅក្រៅផ្ទះបាន តែក្នុងករណី​​ទៅ​ទិញទំនិញចាំបាច់​បំផុត ឬ​ទៅ​ពេទ្យ ទៅសាលារៀន និងកន្លែងធ្វើការ ក្នុងករណីដែលមិនអាចធ្វើការពីផ្ទះបាន។ ដោយ​ឡែក គ្រប់​មនុស្ស​ទាំងអស់​​ ដែលធ្វើដំណើរចូលក្រុងស៊ីដនី ត្រូវដាក់ឲ្យធ្វើចត្តាឡីស័ក រយៈពេល​១៤ថ្ងៃ ជាកំហិត។

គួរបញ្ជាក់ថា អូស្ត្រាលី គឺជាប្រទេសមួយ ដែលបានគ្រប់គ្រងការឆ្លងរាលដាលកូវីដ​១៩បានល្អ និងម៉ឺងម៉ាត់​បំផុត។ គិតពីដំបូងរហូងពេលនេះ អូស្ត្រាលី មានអ្នកវិជ្ជមានកូវីដ​១៩ ចំនួន​ ៣០៤០០នាក់ ក្នុងនោះមានស្លាប់៩១០នាក់ សម្រាប់ប្រជាជនសរុប​ចំនួន​២៥លាននាក់។​ ទីក្រុង​ស៊ីដនី ដែលមានប្រជាជនប្រមាណ​៥លាននាក់នោះ បានបើកដំណើរការសេដ្ឋកិច្ច ដូចធម្មតាវិញ​ទៅហើយ ដោយគ្រប់គ្នាគិតថា អ្វីៗបាន​ចប់រួចរាល់ហើយ មុននឹង​មានការរកឃើញ ករណីវិជ្ជមាន កូវីដ ​ទំរង់បំប្លែងខ្លួនដែលតា កាល​ពីពេលថ្មីៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI