អ៊ីរ៉ង់អះអាងថា ខ្លួន​ផលិតបាន​ដ្រូន​ដែល​អាច​ហោះក្នុង​ចម្ងាយ ៧០០០​គីឡូម៉ែត្រ

នៅក្នុង​រូបថត​​នៅ​ខែ​ឧសភា ឆ្នាំ ២០២១ ដែលផ្តល់ដោយ​ទីភ្នាក់ងារ អ៊ិរ៉ង់ ទៅ​AP ប្រមុខកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Hossein Salami (ឆ្វេង) និង ប្រធានផ្នែកកងទ័ពជើងអាកាស​បង្ហាញ​ដ្រូន ឈ្មោះ ហ្កាហ្សា  "Gaza" ដែល​អាច​ហោះបាន​ក្នុងចម្ងាយ ឆ្ងាយ ដល់ទៅ ២០០០គីឡូម៉ែត្រ
នៅក្នុង​រូបថត​​នៅ​ខែ​ឧសភា ឆ្នាំ ២០២១ ដែលផ្តល់ដោយ​ទីភ្នាក់ងារ អ៊ិរ៉ង់ ទៅ​AP ប្រមុខកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Hossein Salami (ឆ្វេង) និង ប្រធានផ្នែកកងទ័ពជើងអាកាស​បង្ហាញ​ដ្រូន ឈ្មោះ ហ្កាហ្សា "Gaza" ដែល​អាច​ហោះបាន​ក្នុងចម្ងាយ ឆ្ងាយ ដល់ទៅ ២០០០គីឡូម៉ែត្រ AP

ប្រមុខកងឆ្មាំបដិវត្ត​អ៊ីរ៉ង់ លោកឧត្តមសេនីយ៍ ហូសេន សាឡាមី (Hussein Salami) បានប្រកាស នៅថ្ងៃ​អាទិត្យ​ទី ២៧​មិថុនា​ថា អ៊ីរ៉ង់ មាន​ដ្រូនថ្មី ដែលអាច​ហោះបាន​ក្នុង​រយៈចម្ងាយ ៧០០០ គីឡូម៉ែត្រ។ សំបូរ​ដោយ​យន្តហោះ​ចម្បាំង​ចាស់ៗ​ដែល​អ៊ីរ៉ង់ ធ្លាប់ទិញ ពីអាមេរិក ក្នុងជំនាន់ស្តេចShah មុន ឆ្នាំ ១៩៧៩ ឆ្មាំបដិវត្តន៍​អ៊ីរ៉ង់ បាន​បែរទិស ឆ្ពោះទៅ អភិវឌ្ឍ​ យន្តហោះដ្រូន​គ្មានមនុស្ស​បើក សម្រាប់​បំពាក់​ឲ្យ​កងទ័ព​ជើង​អាកាស​អ៊ីរ៉ង់។

ផ្សាយពាណិជ្ជកម្ម

ជាជាង​ចំណាយ​កម្លាំង ជួសជុល យន្តហោះចម្បាំង​ចាស់ ដែល​ជួបការលំបាក​មួយផ្នែក ដោយសារ​ទណ្ឌកម្ម​សេដ្ឋកិច្ច​របស់អាមេរិក អ៊ីរ៉ង់ បានងាក​ទៅ​អភិវឌ្ឍ​កម្មវិធី​ផលិត​យន្តហោះ​ដ្រូន នៅមួយទសវត្សរ៍ចុងក្រោយនេះ។

នៅក្នុង​សុន្ទរកថា ដែល​ចាក់ផ្សាយ​តាម​កញ្ចក់ទូរទស្សន៍​អ៊ីរ៉ង់ កាលពី​ថ្ងៃអាទិត្យ ប្រមុខ​កងឆ្មាំ​បដិវត្តន៍​អ៊ីស្លាម​អ៊ីរ៉ង់ លោក ឧត្តមសេនីយ៍ ហូសេន សាឡាមី បាន​ប្រកាសថា អ៊ីរ៉ង់ មាន​យន្តហោះ​ដ្រូន ដែល​អាច​ហោះបាន​ក្នុង​ចម្ងាយ ៧ពាន់​គីឡូម៉ែត្រ។ តាម​ប្រសាសន៍​របស់​ឧត្តមសេនីយ៍អ៊ីរ៉ង់ យន្តហោះដ្រូន​ថ្មី​នេះ អាច​ហោះ និង​អាច​ត្រលប់​មក​ចុះ​ចត នៅ​កន្លែងដើម ឬ​នៅកន្លែងផ្សេងណាមួយ។

ប្រមុខ​កងឆ្មាំបដិវត្តន៍​អ៊ីរ៉ង់​មិន​បាន​លម្អិតបន្ថែម​ពី​តួនាទី​របស់​យន្តហោះដ្រូន។ នៅពេល​អ្នកជំនាញ​បរទេស យល់ថា ជាទូទៅ​អ៊ីរ៉ង់ តែងនិយាយ​បំផ្លើស បំប៉ោងពីសមត្ថភាព របស់​ដ្រូន​ដែលខ្លួន​ផលិតឡើង គេនៅតែ​អាច​ជឿថា យន្តហោះ គ្មានមនុស្ស​បើក​របស់​អ៊ីរ៉ង់ ថ្មីនេះ អាច​ហោះបាន​ក្នុង​រយៈចម្ងាយ ៣៥០០គីឡូម៉ែត្រ គឺ​ឆ្ងាយជាង យន្តហោះដ្រូន​ឈ្មោះហ្កាហ្សា ( Gaza) ដែល​ធ្លាប់​ជា​ដ្រូនហោះ​បានឆ្ងាយ​ជាងគេ​របស់​អ៊ីរ៉ង់ និង​ដែល​អ៊ីរ៉ង់ បានដាក់​បង្ហាញ​ ជា​សាធារណៈ កាលពីខែ​ឧសភា​កន្លងទៅ។

ដ្រូន​ជា​ឧបករណ៍​សំខាន់ ដែល​អ៊ីរ៉ង់ ប្រើ​សម្រាប់​ត្រួតពិនិត្យ​ព្រំដែន ជា​ពិសេស នៅតំបន់ទឹក ក្នុង​ឈូងសមុទ្រ ពែរ្ស។ អ៊ីរ៉ង់ ផ្ទាល់​ក៏ធ្លាប់​ប្រើ​យន្តហោះដ្រូន ដើម្បី វាយប្រហារ​ទៅលើ​ក្រុមឧទ្ទាម​គួដ អ៊ីរ៉ង់ នៅព្រំដែន​អ៊ីរ៉ាក់ កាលពី​ឆ្នាំ ២០១៩​កន្លងទៅ។

សម្រាប់​កាសែត ក្នុងស្រុក​អ៊ីស្រាអែល យន្តហោះ​ដ្រូន អ៊ីរ៉ង់ ដែលអាច​ហោះ​បាន​ក្នុង​ចម្ងាយ ៧០០០​គីឡូម៉ែត្រ​មិនត្រឹម​តែ​អាច​គំរាមកំហែង​ដល់​សន្តិសុខ​របស់​អ៊ីស្រាអែល ដែលស្ថិតនៅ​ចម្ងាយ​តែ ជាង ១៧០០​គីឡូម៉ែត្រ​ពីអ៊ីរ៉ង់​តែប៉ុណ្ណោះទេ ប៉ុន្តែ វាអាច​គ្រោះថ្នាក់ផងដែរ ដល់​ទឹកដី​អឺរ៉ុប។

មួយវិញទៀត កម្មវិធីអភិវឌ្ឍន៍​ដ្រូនរបស់អ៊ីរ៉ង់​នឹង​ធ្វើ​ឲ្យ​ជម្លោះប្រដាប់អាវុធ​ក្នុង​តំបន់​កាន់តែ ធ្លាក់ដុនដាប។ កន្លងមក ក្រុមប្រដាប់អាវុធ​ដែល​អ៊ីរ៉ង់ គាំទ្រ​នៅ​ប្រទេស យេម៉ែន ស៊ីរី ឬ​នៅអ៊ីរ៉ាក់​ក្តី​បាន​ចាប់ផ្តើម​ប្រើ​ដ្រូន ដើម្បី​វាយប្រហារ​ប្រទេស​ដែលជា​សត្រូវ​របស់អ៊ីរ៉ង់ ដែលមាន​ដូចជា អ៊ីស្រាអែល អារ៉ាប៊ី សាអូឌីត ឬ​ទីតាំង​ផលប្រយោជន៍​របស់​អាមេរិក នៅប្រទេស​អ៊ីរ៉ាក់។

ផ្ទុយពីលោកដូណាល់ ត្រាំ​ដែល​ដកអាមេរិក​ចេញពីកិច្ចព្រមព្រៀង នុយក្លេអ៊ែរ និង​ត្រលប់ទៅដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើអ៊ីរ៉ង់ លោក​ប្រធានាធិបតី អាមេរិក​ចូ បៃដិន កំពុង​ស្វែងរក​ផ្លូវ​ដើម្បី ធ្វើ​ឲ្យ​កិច្ចព្រមព្រៀង នុយក្លេអ៊ែរ​អ៊ីរ៉ង់ រស់ឡើងវិញ និង​ដើម្បី​ទប់ស្កាត់​កម្មវិធី​ផលិត​មីស៊ីល ក៏ដូចជា​សកម្មភាព​យោធា​នានា​របស់​អ៊ីរ៉ង់។ ប៉ុន្តែ រហូតមក អ៊ីរ៉ង់ បាន​ទាត់ចោល ការចរចា​ស្តីពីកម្មវិធី​ផលិត​មីស៊ីល​បាលីស្ទិក និង​តួនាទី​របស់​អ៊ីរ៉ង់ នៅក្នុង​តំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI