អាស៊ី-ថាមពល-អាកាសធាតុ

គំរោង​រោងចក្រ​​អគ្គិសនី​​​ប្រើ​​ធ្យូងថ្ម​​នៅអាស៊ី កំពុង​​បំផ្លាញ​​​ការប្រឹងប្រែង​ ក្នុង​ការ​​កាត់​បន្ថយ​​​កំដៅ​ផែនដី

រូបថត​ឯកសារ ថ្ងៃទី​២៨ វិច្ឆិកា ២០១៩៖ រោងចក្រអគ្គីសនីដើរដោយចំហេះធ្យូងថ្ម ដ៏ធំមួយ​​នៅចិន ខេត្ត ហ្សានស៊ី។
រូបថត​ឯកសារ ថ្ងៃទី​២៨ វិច្ឆិកា ២០១៩៖ រោងចក្រអគ្គីសនីដើរដោយចំហេះធ្យូងថ្ម ដ៏ធំមួយ​​នៅចិន ខេត្ត ហ្សានស៊ី។ AP - Sam McNeil

យ៉ាងហោចណាស់ មានរោងចក្រអគ្គិសនី​ដើរ​ដោយ​ចំហេះធ្យូងថ្ម ចំនួន​ជាង​៦០០ទីតាំង ដែលគេគ្រោងនឹងសាងសង់ នៅតាមប្រទេសអាស៊ីមួយចំនួន ដូចជា ចិន ឥណ្ឌា ឥណ្ឌូណេស៊ី ជប៉ុន និងវៀតណាម។ នេះបើផ្អែកតាម​ការ តួលេខរបស់មជ្ឈមណ្ឌល​ Carbon Tracker។ អ្នកជំនាញ​បាន​លើកឡើងថា គំរោង​រោងចក្រអគ្គីសនីដុតធ្យូងថ្មនៅអាស៊ីទាំងនេះ នឹងមក​បំផ្លាញ​កិច្ច​ប្រឹងប្រែងរបស់ពិភពលោក ក្នុងការប្រយុទ្ធប្រឆាំងនឹងការកើនឡើង​កំដៅផែនដី​។

ផ្សាយពាណិជ្ជកម្ម

៨០%នៃគំរោងសាងសង់រោងចក្រអគ្គិសនីដើរដោយ​ចំហេះធ្យូងថ្ម ថ្មីៗ ទូទាំងពិភពលោក គឺមាន​នៅក្នុង​​ប្រទេស​អាស៊ីចំនួន​៥ គឺ ចិន ជប៉ុន វៀតណាម ឥណ្ឌូណេស៊ី និងឥណ្ឌា។ ជាសរុប តាមប្រទេស៥នេះ គឺគេមានគំរោងសាងសង់ចំនួន​ជាង​៦០០ស្ថានីយ៍។

មជ្ឈមណ្ឌលស្រាវជ្រាវ Carbon Tracker បាន​លើកឡើងនៅក្នុងរបាយការណ៍ខ្លួន ចុះផ្សាយ​ថ្ងៃពុធទី៣០មិថុនា​ថា គំរោងរោងចក្រអគ្គិសនី​​ដុតធ្យូងថ្មទាំងនេះ កំពុងតែមកបំផ្លាញ​ការប្រឹង​ប្រែងរបស់​​ពិភពលោក ក្នុងការកាត់​បន្ថយ​​ការ​បញ្ចេញ​ឧស្ម័នកាបូនិក​ ដែលជាប្រភព​នៃការកើន​ឡើងកំដៅ​​ផែនដី។​

លោកស្រី Catharina Hillenbrand Von Der Neyen ប្រធានផ្នែកស្រាវជ្រាវនៃ Carbon Tracker បាន​លើកឡើងថា គំរោង​សាងសង់​​រោងចក្រ​អគ្គិសនី ដើរដោយ​ចំហេះធ្យូងថ្មទាំង​នេះ គឺវាជា​ការដើរ​​បញ្ច្រាស​ទិស ខណៈដែលបច្ចុប្បន្នដំណោះស្រាយ​ផលិត​ថាពល ដែល​​គេផ្តល់​អាទិភាព​ គឺ​ជា​​ថាមពល​ដែល​ស្អាតស្អំ មិន​បញ្ចេញ​​ឧស្ម័ន​ពុល​ទៅក្នុង​បរិយាកាស។ លោកស្រីបន្ថែមថា អ្នកវិនិយោគ​ទាំងអស់​ ត្រូវតែ​នៅឲ្យ​ឆ្ងាយ មិនត្រូវចូលរួម ចំណាយ​ប្រាក់​​នៅ​ក្នុង​គំរោង ដុតធ្យូងថ្ម​​បែប​នេះ​ទេ។ រដ្ឋាភិបាលគួរ​ណាតែ​ងាក​ទៅ​បង្វែរ​ការវិនិយោគ ក្នុងវិស័យ​​ផលិត​ថាមពល​ស្អាតស្អំ ដើម្បីផ្តល់​សន្ទុះ​សេដ្ឋកិច្ច ក្រោយ​​វិបត្តិកូវីដ​។

យោងតាមរបាយការណ៍ ៣ភាគ៤ នៃធ្យូងថ្មដែលដុត គឺមាននៅតំបន់​អាស៊ីប៉ាស៊ីហ្វិក។ ចិន​គឺជាប្រទេស​​ដែល​​ប្រើ​ប្រាស់​​ធ្យូងថ្ម ច្រើន​ជាងគេបង្អស់។ នៅចិន រោងចក្រ​ដុតធ្យូងថ្ម​ ចំនួន​៣៦៨​ទីតាំង កំពុង​ត្រូវបាន​គេ​សាងសង់ ដើម្បី​ផ​លិត​ថាមពល​​អគ្គិសនីចំនួន ១៨៧ជីហ្កាវ៉ាត់ បើទោះបី​​ជា​លោក​​ស៊ី ជីនពីង​ធ្លាប់បាន​​ប្រកាស​ថា​នឹង​សម្រេច​ឲ្យ​បាន នូវ​អព្យាក្រិត្យភាព​កាបូន នៅឆ្នាំ​២០៦០​ក្តី។ ឥណ្ឌា អ្នកដុតធ្យូងថ្ម ធំទី២ មាន​គំរោង​សាងសង់​រោងចក្រថ្មី ចំនួន​៩២។ ឥណ្ឌូណេស៊ី គ្រោងសាងសង់​រោងចក្រ​ដុតធ្យូងថ្ម​ចំនួន​​១០៧ទីតាំង វៀតណាម ៤១​ទីតាំង និង​ជប៉ុនចំនួន​១៤ទីតាំង។

គួរបញ្ជាក់ថា យោងតាមអ្នកជំនាញ ការដុតធ្យូងថ្ម គឺជាប្រភព​បញ្ចេញ​ឧស្ម័នកាបូនិក ដ៏ច្រើនសន្ធឹកទៅក្នុង​​បរិយាកាស។ ការកាត់​​បន្ថយ​​ប្រភព​ថាមពល​របៀបនេះ គឺជា​ចំណុច​ស្នូល​នៅក្នុងការចរចា និង​​ការ​ប្តេជ្ញា​ជា​លក្ខណៈអន្តរជាតិ ដើម្បី​​ដោះស្រាយ​​វិបត្តិអាកាសធាតុ។ តែយ៉ាងណា ប្រទេសនៅតំបន់​អាស៊ី​ប៉ាស៊ីហ្វិក​មួយចំនួនធំ នៅតែ​បន្តផ្តល់​អាទិភាព​ ដល់​ការ​ផលិត​​ថាមពល​អគ្គិសនី តាមរយៈការដុតចំហេះហ្វូស៊ីល មានដូចជា​ប្រេងឥន្ធនៈ និង​ធ្យូងថ្ម​ជាដើម ខណៈដែលអឺរ៉ុប និង​អាមេរិកវិញ​ កំពុងប្រឹងប្រែង ផ្លាស់ប្តូរទៅ​រកប្រភព​ថាមពល​ដែលស្អាតស្អំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI