អូស្រ្តាលី-កូវីដ១៩

អូស្រា្តលី៖រដ្ឋាភិបាលរឹតបន្តឹងវិធានការបន្ថែមដើម្បីទប់ស្កាត់នឹងមេរោគបំប្លែងខ្លួន « ដែលតា »

នៅ​អូស្រា្តលី រដ្ឋាភិបាលរឹតបន្តឹងវិធានការបន្ថែមដើម្បីទប់ស្កាត់នឹងមេរោគបំប្លែងខ្លួន « ដែលតា »។
នៅ​អូស្រា្តលី រដ្ឋាភិបាលរឹតបន្តឹងវិធានការបន្ថែមដើម្បីទប់ស្កាត់នឹងមេរោគបំប្លែងខ្លួន « ដែលតា »។ AP - Rick Rycroft

នៅ​ក្នុង​ប្រទេស​អូស្រ្តាលី រដ្ឋាភិបាល​បាន​ប្រកាស​ចេញ​នូវ​ផែនការ​មួយ​ដើម្បី​ចាកចេញ​ពី​វិបត្តិ​កូវីដ១៩។ ផែនការ​នេះ​នឹង​ត្រូវ​ធ្វើ​ឡើង​ជា​ដំណាក់ការ​ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​មួយ​ចំនួន ពិសេស​កាត់​បន្ថយ​យ៉ាង​សម្បើម​នូវ​ការ​ចូល​របស់​ជនបរទេស និង​អត្រា​នៃ​ការ​ចាក់​វ៉ាក់សាំង​របស់​ប្រជាជន។ គួរ​រម្លឹក​ថា អស់​រយៈពេល​មួយ​សប្តាហ៍​កន្លង​មក​ដែល​អូស្រា្តលី​កំពុង​ប្រឈម​នឹង​កំណើន​ករណី​ឆ្លង​ដោយ​មេរោគបំប្លែង​ឥណ្ឌា ឬ​ហៅ « ដែលតា »។ មេរោគបំប្លែង​មួយ​នេះ​បាន​បង្ខំ​រដ្ឋាភិបាល​ឲ្យ​បិទខ្ទប់​ទីក្រុង​ស៊ីដនី​យ៉ាង​តឹងតែង​មក​ដល់​សព្វថ្ងៃ។

ផ្សាយពាណិជ្ជកម្ម

ដើម្បី​កាត់បន្ថយ​នូវ​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​កូវីដ១៩ និយាយ​ជា​រួម រដ្ឋាភិបាល​អូស្រា្តលី​បាន​ជ្រើស​យក​ជម្រើស​បិទព្រំដែន​តាំង​ពី ១៦ខែ​មក​ហើយ។ តែ​ជាមួយ​នឹង​កំណើន​ករណី​ឆ្លង​ថ្មី​របស់​មេរោគ​បំប្លែងខ្លួន « ដែលតា » ពេល​នេះ រដ្ឋាភិបាល​បាន​សម្រេច​រឹតបន្តឹង​វិធានការ​មួយ​កម្រិត​ទៀត​ដោយ​ចាប់​ពី​ថ្ងៃទី១៤ កក្កដា​ខាង​មុខ​ទៅ មាន​អ្នក​ដំណើរ​មក​ពី​ក្រៅ​តែ ៣ ០០០នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍​ដែល​នឹង​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ប្រទេស​អូស្រា្តលី។ វិធានការ​ថ្មី​មួយ​នេះ​នឹង​មាន​រយៈពេល​យ៉ាង​តិច​រហូត​ដល់​ដំណាច់ឆ្នាំ ២០២១។

យុទ្ធសាស្រ្ត​ថ្មី​មួយ​នេះ​ជា​ដំណាក់ការ​ទី១ នៃ​ផែនការ​ដើម្បី​ចាកចេញ​ពី​វិបត្តិ​កូវីដ១៩​ដែល​បាន​បង្ហាញ​ដោយ​នាយករដ្ឋមន្រ្តី​លោក​ស្កុត ម៉ូរីសុន​កាល​ពី​ថ្ងៃ​សុក្រ ទី២ កក្កដា។ នៅ​ក្នុង​ផែនការ​នេះ លោក​ម៉ូរីសុន​បាន​គ្រោង​ជា ៣ដំណាក់ការ​ដោយ​ចាប់​ផ្តើម​ពី​ការ​បន្ធូរបន្ថយ​លើ​ការ​រឹត​បន្តឹង​បណ្តើរៗ​រហូត​ដល់​ការ​បើក​ប្រទេស​ទាំង​ស្រុង និង​ការ​បើក​ព្រំដែន​ទាំង​ស្រុង​ឡើង​វិញ។ តែ​ដើម្បី​អាច​ឆ្លង​ពី​ដំណាក់ការ​មួយ​ទៅ​ដំណាក់ការ​មួយ​ទៀត​បាន គឺ​ត្រូវ​ផ្អែក​លើ​អត្រា​នៃ​ចំនួន​អ្នក​ចាក់វ៉ាក់សាំង។ តែ​រដ្ឋាភិបាល​នៅ​មិន​ទាន់​បាន​កំណត់​ទេ​ថា តើ​អាត្រា​នៃ​ចំនួន​អ្នក​ចាក់​វ៉ាក់សាំង​នោះ​នឹង​ត្រូវ​មាន​កម្រិត​ណា។

មួយ​វិញ​ទៀត រដ្ឋាភិបាល​ក៏​នៅ​មិន​ទាន់​បាន​កំណត់​ថ្ងៃ ខែ​សម្រាប់​កម្មវត្ថុ​មួយ​នេះ​ដែរ។ ភាព​ស្រពិចស្រពិល និង​មិន​ប្រាកដប្រជា​មួយ​នេះ​អាច​ជា​ចេតនា​របស់​រដ្ឋាភិបាល​ដែល​គេ​អាច​ពន្យល់​បាន​ថា គឺ​មក​ពី​មាន​ភាព​យឺតយ៉ាវ​ខ្លាំង​ពេក​នៅ​ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង។ បច្ចុប្បន្ន​នេះ នៅ​ក្នុង​ចំនួន​ប្រជាជន​អូស្រា្តលី​ទាំង​ជាង ២៥លាននាក់ មាន​ប្រមាណ​តែ ៧% ប៉ុណ្ណោះ​ដែល​បាន​ចាក់​វ៉ាក់សាំង​ទាំង​ពីរ​ដូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI