ចិន-អ៊ុយហ្គួរ-អាមេរិក

ចិន រិះគន់​សហរដ្ឋ​អាមេរិក ដែល​ដាក់​ក្រុមហ៊ុន​ចិន​ចំនួន​​១៤ ទៅក្នុង​បញ្ជីខ្មៅ

នារីបាតុករជនជាតិអ៊ុយហ្កួរ រស់នៅតួកគី លើក​បដាទាមទារ ឲ្យចិន ឈប់ធ្វើបាប​ប្រជាជនអ៊ុយហ្គួរ ក្នុងខេត្តស៊ីនជាំង ខណៈលោក វ៉ាង យី ទៅទស្សនកិច្ច នៅក្រុង​អ៊ីស្តង់ប៊ូល ថ្ងៃទី ២៥ មីនា ២០២១
នារីបាតុករជនជាតិអ៊ុយហ្កួរ រស់នៅតួកគី លើក​បដាទាមទារ ឲ្យចិន ឈប់ធ្វើបាប​ប្រជាជនអ៊ុយហ្គួរ ក្នុងខេត្តស៊ីនជាំង ខណៈលោក វ៉ាង យី ទៅទស្សនកិច្ច នៅក្រុង​អ៊ីស្តង់ប៊ូល ថ្ងៃទី ២៥ មីនា ២០២១ AP - Emrah Gurel

កាលពីថ្ងៃសុក្រកន្លងទៅ សេតវិមានអាមេរិក បានប្រកាសពីការដាក់បញ្ចូល ក្រុមហ៊ុនចិនចំនួន១៤ ទៅក្នុងបញ្ជីខ្មៅ ដោយក្រុមហ៊ុនទាំងនោះ សុទ្ធតែមានពាក់ព័ន្ធ នឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ធ្វើទៅលើប្រជាជនអ៊ុយហ្គួរ ក្នុងខេត្តស៊ីនជាំង។ ក្រោយដំណឹងនេះ នៅថ្ងៃអាទិត្យទី១១កក្កដានេះ ក្រសួងពាណិជ្ជកម្មចិន បានចេញ​លិខិតប្រកាស បង្ហាញជំហរ រិះគន់ និងប្រឆាំងជំទាស់យ៉ាងម៉ឺងម៉ាត់ ព្រមទាំងបានសន្យា ចាត់វិធានការសង​សិកវិញ។

ផ្សាយពាណិជ្ជកម្ម

ក្រសួងពាណិជ្ជកម្មចិន បានចេញលិខិត ប្រឆាំងដាច់ខាត ចំពោះ​ការដែលរដ្ឋាភិបាលអាមេរិក បាន​ដាក់​ក្រុមហ៊ុនចិនចំនួន​១៤ ទៅក្នុងបញ្ជីខ្មៅ។ ប្រភពដដែលបញ្ជាក់ថា រដ្ឋាភិបាល​ចិន នឹងចាត់​វិធានការ​ឆ្លើយតបវិញ ចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ដែលចិនចាត់ទុកថាជាការ​បំពានយ៉ាងធ្ងន់ធ្ងរ មកលើវិធាន​សេដ្ឋកិច្ច-ពាណិជ្ជកម្មអន្តរជាតិ។

សូមរំលឹកថា កាលពីថ្ងៃសុក្រទី៩កក្កដា រដ្ឋាភិបាលអាមេរិក បានសម្រេច​ដាក់​ក្រុមហ៊ុនចិនចំនួន​១៤ទៅ​​ក្នុងបញ្ជីខ្មៅ តែដោយ​មិនបាន​បញ្ជាក់ ពីឈ្មោះ​ក្រុមហ៊ុនទាំងនោះទេ។ សេតវិមាន​បានអះអាងថា​ក្រុមហ៊ុនចិន​ទាំងនោះ បានចូលរួម នៅក្នុងសកម្មភាព​រំលោភសិទ្ធិមនុស្ស តាមរយៈយុទ្ធនាការ​កៀបសង្កត់ ធ្វើទុកបុកម្នេញ ចាប់បង្ឃាំង និងតាមដានឈ្លបយកការ ធ្វើទៅលើ​ប្រជាជនអ៊ុយហ្គួរ ប្រជាជនកាហ្សាក់ និងក្រុមជនជាតិភាគតិច​ កាន់សាសនាអ៊ីស្លាមផ្សេងទៀត នៅក្នុង​ខេត្តស៊ីនជាំង។

ក្រៅពីក្រុមហ៊ុនទាំង​១៤នេះ រដ្ឋាភិបាល​អាមេរិក បាន​កំណត់មុខសញ្ញាក្រុមហ៊ុន​ចំនួន​៥ផ្សេងទៀត ដែលចូលរួមដោយផ្ទាល់ ក្នុងកម្មវិធី​ទំនើបកម្មគ្រឿងសព្វាវុធយោធាចិន ដូចជាឧបករណ៍ឡាហែ៊្ស និង​ប្រព័ន្ធបច្ចេកវិទ្យា គ្រប់គ្រង​ការប្រយុទ្ធជាដើម។ ចំណែកក្រុមហ៊ុន៤ទៀត ដែលបាន​ ឬក៏ព្យាយាម​​នាំចេញ​ឧបករណ៍ទាំងនេះ យកទៅលក់​ឲ្យ​ក្រុមហ៊ុន ដែលអាេមរិកបានដាក់ក្នុងបញ្ជីខ្មៅរួចហើយ ក៏កំពុងប្រឈមនឹងទណ្ឌកម្មដែរ។

ជាទូទៅ កាលណាក្រុមហ៊ុន ឬស្ថាប័ននិតិបុគ្គលមួយ ជាប់ក្នុង​បញ្ជីខ្មៅរបស់អាេមរិក គឺវាមានន័យថា ក្រុមហ៊ុនឬស្ថាប័ននោះ នឹងជាប់​ទណ្ឌកម្ម ព្រមទាំងបំរាមមួយចំនួន ដូចជាត្រូវតែ ធ្វើការស្នើសុំអាជ្ញាបណ្ណ ពី​ក្រសួងពាណិជ្ជកម្មអាមេរិក មុននឹងអាចទទួលទំនិញ លក់ឲ្យ​ដោយ​ក្រុមហ៊ុនអាមេរិក​។

គួររំលឹកថា កាលពីឆ្នាំ​២០១៩ ក្នុងអាណតិ្តលោក​ដូណាល់ ត្រាំ សហរដ្ឋអាេមរិក បានចាត់បញ្ចូល ស្ថាប័នរដ្ឋ និង​ឯកជនរបស់ចិន ចំនួន​២០រួចហើយ ទៅក្នុងបញ្ជីខ្មៅ ទាក់ទិននឹងសំណុំរឿងជនជាតិអ៊ុយហ្គួរខេត្ត​ស៊ីនជាំងនេះ។ ក្នុងនោះមានដូចជា ក្រុមហ៊ុន កាម៉េរ៉ាសុវត្ថិភាព Hikvision  និង​ក្រុមហ៊ុនជំនាញ​​បច្ចេកវិទ្យា ចាប់ស្គាល់អត្តសញ្ញាណ តាមរយៈរូបភាពមុខមនុស្ស SenseTime Group Ltd  និង Megvii Technology Ltd។

កាលពីថ្ងៃទី៧កក្កដា កន្លងទៅនេះ លោក អង់តូនី ប្លីងកិន រដ្ឋមន្ត្រីការបរទេសអាមេរិក បានជួប​តាមប្រព័ន្ធវីដេអូខុនហ្វឺរិនស៍ ជាមួយ​នឹង​អតីតអ្នកជាប់ឃុំ ជនជាតិអ៊ុយហ្គួររចំនួន​៧នាក់ ព្រមទាំង​តំណាងក្រុមគ្រួសារជនជាតិអ៊ុយហ្គួរផងដែរ។ ជាជំនួបដែលលោក​រដ្ឋមន្ត្រីអាមេរិកអះអាងថា មានសារៈសំខាន់ ដើម្បីឆ្វេងយល់ឲ្យច្បាស់ អំពី​យន្តការរំលោភសិទ្ធិមនុស្ស​ជាលក្ខណៈប្រព័ន្ធ ដែលរដ្ឋអំណាចចិន បាន​និងកំពុងតែធ្វើទៅលើ​ប្រជាជនអ៊ុយហ្គួររ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI