ចិន-ភូមា-កូវីដ១៩

ចិន​បំពាក់​បច្ចេក​វិទ្យា​សម្គាល់​មុខ​មនុស្ស​នៅ​ព្រំ​ដែន​ជាប់​​ភូមា​ដើម្បី​ទប់​ស្កាត់​កូវីដ

រាល់អ្នកដំណើរទាំងអស់ ដែលចេញចូលក្រុង រ៉ូអ៊ីលី ត្រូវមានលេខកូដសុខភាព និងត្រូវគេស្កែនមុខ ជាមុនសិន ដើម្បីអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន។
រាល់អ្នកដំណើរទាំងអស់ ដែលចេញចូលក្រុង រ៉ូអ៊ីលី ត្រូវមានលេខកូដសុខភាព និងត្រូវគេស្កែនមុខ ជាមុនសិន ដើម្បីអាចធ្វើដំណើរឆ្លងកាត់ទៅមកបាន។ AP - William Foreman

បច្ចេកវិទ្យា​សម្គាល់មុខ​មនុស្ស​ដែលមាន​ភ្ជាប់​ទិន្នន័យ​សុខភាព​ផ្ទាល់​ខ្លួន​ ត្រូវ​បាន​ដាក់ឲ្យ​ដំណើរ​ការ​នៅ​​ក្រុង ​រ៉ូអ៊ីលី (Ruili) ដែល​ជា​ច្រក​ឆ្លង​កាត់​ព្រំដែន​ដ៏សំខាន់​មួយ​រវាងប្រទេស​ចិន​និង​ភូមា ​ដើម្បី​ទប់ស្កាត់​ការ​ឆ្លងរីករាលដាល​កូវីដ។ ចាប់តាំង​ពី​មាន​រដ្ឋ​ប្រហារ​នាដើម​ខែកុម្ភៈ​ក្នុង​ប្រទេស​ភូមា​មក​ អាជ្ញាធរ​ចិន​បារម្ភថា​ ប្រជាជន​ភូមា​ជាច្រើន​ នឹងរត់ឆ្លង​ដែន​ទៅ​ចិន​ដើម្បី​រត់គេចពី​អំពើហិង្សា​ ហើយ​វា​នឹង​ធ្វើ​ឲ្យ​មាន​កំណើន​កូវីដ​។

ផ្សាយពាណិជ្ជកម្ម

អាជ្ញាធរ​ទីក្រុង​រ៉ូអ៊ីលី​នៃប្រទេស​ចិន​បាន​សម្រេច​ដាក់​បំពាក់​បច្ចេកវិទ្យា​សម្គាល់​មុខ ដើម្បី​តាមដានដំណើរចេញ​-ចូល​ និង​ស្ថានភាព​សុខភាព​របស់​មនុស្ស​ នៅពេល​ពួកគេចូល​និងចាកចេញ​ពី​កន្លែងរស់នៅ​ ផ្សារទំនើប​ ទីតាំង​ដឹកជញ្ជូន​ និង​កន្លែង​សាធារណៈផ្សេងទៀត​។

រាល់​អ្នកដំណើរទាំងអស់​ដែល​ចេញ​ចូល​ក្រុង​រ៉ូអ៊ីលី​ ត្រូវ​មាន​លេខកូដ​សុខភាព​ និង​ត្រូវ​គេ​ស្កែនមុខ​ជាមុន​សិន​ ដើម្បី​អាចធ្វើដំណើរ​ឆ្លងកាត់​ទៅមកបាន​។

យោងតាម​របាយការណ៍​មួយ​ដែល​ចេញផ្សាយ​នាថ្ងៃអង្គារ​ ទី១៣ កក្កដា​ មាន​ករណី​ឆ្លង​កូវីដ​ចំនួន ១៥៥ ករណី​ត្រូវបានគេកត់ត្រាកាលពីសប្តាហ៍កន្លងទៅនៅក្នុង​ទីក្រុងរ៉ូអ៊ីលី​នៃខេត្ត​យូណាន​របស់ចិន​ ។ ១៥៥ ករណីនេះគឺជាចំនួនឆ្លងដ៏ច្រើនសម្រាប់ចិនបើគិតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

អាជ្ញាធរ​ក្នុងតំបន់​បាននិយាយ​នៅក្នុងសេចក្តីថ្លែងការណ៍​មួយថា​ ឧបករណ៍​សុវត្ថិភាព​ដូចជាកាមេរ៉ា​សម្គាល់មុខ​ សោទ្វារ​វៃឆ្លាត​ និង​របាំងផ្លូវ​ (គ្រប់គ្រងដោយប៉ូលិសឬអ្នកស្ម័គ្រចិត្តសហគមន៍) ត្រូវបានគេដាក់នៅតាម​គ្រប់​ទីតាំងសំខាន់ៗ​។

មកទល់នឹងពេលនេះ​ គ្មាន​ការបញ្ជាក់ប្រាប់​ព័ត៌មានលម្អិត​នោះទេ​ ថាតើ​ទិន្នន័យ​ដែល​គេចាប់​យកបាន​នឹង​ត្រូរក្សា​ទុក​យូរ​ប៉ុណ្ណា​ ឬក៏ថា​ តើ​មន្រ្តីចិន​នឹង​បិទ​ប្រព័ន្ធ​ដែល​ប្រមូល​និន្នន័យ​បាន​នៅពេលណា​។ ការណ៍នេះ​ ធ្វើឲ្យ​ គេបារម្ភថា​ វិធីសាស្ត្រ​របស់​ចិន​ ក្នុងការចាប់​សម្គាល់ផ្ទៃមុខ​ និង​ទិន្នន័យ​របស់​អ្នកដំណើរ​ប៉ះពាល់​ដល់​សិទ្ធិឯកជន​របស់ពួកគេ​។

ការ​ស៊ើបអង្កេត​មួយ​របស់​កាសែតញូវយ៉កថែមស៍​កាលពី​ខែមករា​បានបង្ហាញថា​ ក្រុមហ៊ុនអេឡិច​ត្រូនិច​យក្សចិន​ Alibaba ដែលជាអ្នកបង្កើតកម្មវិធីតាមដាន​ប្រវត្តិធ្វើដំណើរ​ និង​ការធ្វើតេស្ត​រក​មេរោគ​កូវីដបាន​ចែករំលែក​ទិន្នន័យ​ជាមួយអាជ្ញាធរ​។

គួរជ្រាបថា​ ក្នុង​ពេលជំងឺកូវីដ​រាតត្បាតខ្លាំង​ក្នុង​ប្រទេសចិន​ ប៉ូលិសនៅតាមទីក្រុងធំៗ​បានពាក់​មួកសុវត្ថិភាព​ បំពាក់ដោយបច្ចេកវិទ្យា​សម្គាល់មុខ​ និង​កាមេរ៉ាសម្រាប់វាស់ស្ទង់​កំដៅ​អ្នកដំណើរ​ថ្មើរជើង​។ កាលណោះ​ ក្រុមអ្នក​ការពារសិទិ្ធមនុស្ស​បានរិះគន់​វិធានការ​របស់ចិននេះថា ធ្វើឡើងដើម្បីបំបិទសំឡេងអ្នកប្រឆាំង​ និង​សំដៅចំពោះ​ក្រុម​ជនជាតិភាគតិច​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI