អាហ្វហ្កានីស្ថាន

តាលីបង់ស្នើ​បទ​ឈប់​បាញ់​ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នក​ទោស៧ពាន់​នាក់

តាលីបង់​ពេល​ដណ្តើមកាន់កាប់បាន​តំបន់​ជាប់​ព្រំដែនប៉ាគីស្ថាន
តាលីបង់​ពេល​ដណ្តើមកាន់កាប់បាន​តំបន់​ជាប់​ព្រំដែនប៉ាគីស្ថាន Asghar ACHAKZAI AFP

ពួក​តាលីបង់​បាន​ស្នើ​ឱ្យមានបទឈប់​បាញ់​រយៈ​ពេលបី​ខែ ជា​ថ្នូរ​នឹង​ការ​ដោះលែង​អ្នកទោស​៧​ពាន់នាក់​​ដែ​លកំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​កណ្តាប់​ដៃ​អាជ្ញាធរ​អាហ្វហ្កានីស្ថាន។ នេះ​ជា​ការ​គូស​បញ្ជាក់របស់​សមាជិក​រដ្ឋាភិបាល​ទទួល​បន្ទុក​ចរចា​ជាមួយពួក​ឧទ្ទាម នៅ​ថ្ងៃទី ១៥​ កក្កដា ២០២១។

ផ្សាយពាណិជ្ជកម្ម

“​ឈប់​បាញ់​បី​ខែ​ ទល់​នឹងការ​ដោះលែង​​អ្នក​ទោសតាលីបង់​​៧ពាន់​នាក់” គឺជា​ការ​ទាមទារ​ដ៏​សម្បើម​ណាស់។ នេះ​ជា​ប្រសាសន៍​​របស់​លោក​ Nader Nadery អ្នក​ទទួល​ខុស​ត្រូវ​ចរចា​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ ដោយ​បន្ថែម​ទៀត​ថា ពួក​តាលីបង់​បានថែម​ទាំង​ទាមទារ​ឱ្យ​ លុប​ឈ្មោះ​មេដឹកនាំ​ចលនា​ទាំ​ងអស់​ចេញ​ពី​បញ្ជី​ខ្មៅ​ឱ្យ​​អង្គការ​សហប្រជាជាតិទៀតផង។

ដោយ​មិន​បញ្ជាក់​អំពី​ជំហរ​ថាតើ​រដ្ឋាភិបាល​ព្រមទទួល​ឬមិនទទួល​យក​សំណើ​របស់​តាលីបង់ លោក ណាដេរី បាន​រំលឹក​ថា​ការ​ដោះលែង​អ្នក​ទោស​កាលពី​ឆ្នាំ​​មុន​ចំនួន ៥០០០នាក់ដែល​ជា​លក្ខខណ្ឌនៃ​ការ​បើក​កិច្ចចរចា​អន្តរអាហ្វហ្កានីស្ថាន ពិបាក​បំពេញ​ស្រាប់​ទៅ​ហើយ និង​មិន​បាន​កាត់​បន្ថយ​​អំពើ​ហិង្សា​ទេ គឺ​មាន​តែ​កំណើន​អំពើ​ហិង្សា​​ខ្លាំង​ទៅ​វិញ។ ​កិច្ចចរចា​រវាង​តាលីបង់​និង​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន នៅ​ក្រុង​ដូហា ត្រូវ​ជាប់​គាំង​ទាំង​ស្រុង​តាំង​ពី​ខែ​កញ្ញា​២០២០មក។

ភ្លាមៗ​នេះ ខាង​តាលីបង់​មិន​បាន​ឆ្លើយ​តប​ភ្លាម​នឹង​សំណួរ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ជុំវិញ​សំណើឈប់​បាញ់នេះទេ។ ប៉ុន្តែ​តាំង​ពីពីរ​ខែ​មក​នេះ​ និង​ក្នុង​ឱកាស​ដែល​ទាហាន​បរទេស​ចាប់​ផ្តើម​ដក​ចេញ​អស់​ពី​អាហ្វហ្កានីស្ថាននៅ​ចុងខែ​សីហា តាលីបង់​បាន​វាយ​សម្រុក​ដណ្តើម​កាន់កាប់​តំបន់​ជនបទ​អាហ្វហ្កានីស្ថាន​ កាន់​តែ​ច្រើន​ឡើង​ ជាពិសេស​តំបន់​ព្រំប្រទល់​​ជា​យុទ្ធសាស្ត្រ​សំខាន់ៗ ដូច​ជា​តំបន់ព្រំដែន​ជាមួយ​អ៊ីរ៉ង់ ជាមួយតួមេនីស្ថាន តាដជីគីស្ថាន។ តំបន់់​ព្រំប្រទល់​ជាមួយ​ប៉ាគីស្ថាន ដែល​ជា​ច្រក​តែមួយ​គត់​នាំ​​ប្រទេស​ទៅ​សមុទ្ទ ក៏​បាន​ធ្លាក់​ក្នុង​កណ្តាប់​ដៃតាលីបង់តាំង​ពី​ថ្ងៃពុធ​ទី១៤កក្កដាម្សិលមិញ​​ដែរ។ ភាគី​ប៉ាគីស្ថាន​បានបញ្ជាក់​អំពី​ជោគជ័យ​នេះ និង​បានបញ្ចេញកម្លាំង​ ការពារច្រក​ព្រំដែន​ដោយ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ផង នៅ​ថ្ងៃព្រហស្បតិ៍​ទី ១៥​កក្កដា ដើម្បី​ទប់​ស្កាត់មិន​ឱ្យ​ប្រជាពលរដ្ឋ​រាប់​រយ​នាក់​សម្រុក​រត់​ឆ្លង​ព្រំដែនចូល​មក​ជ្រកកោន​នៅ​ក្នុង​ទឹកដី​ប៉ាគីស្ថាន។ តាលីបង់​បាន​អះអាង​ថា​គ្រប់គ្រងប្រទេស​បាន​ជាង​៨៥%។

អស់​ការ​គាំទ្រ​ពីអាមេរិក ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​ មិន​អាច​តតាំង​និង​ទប់​ទល់​ជាមួយ​ក្រុម​តាលីបង់​បានទេ និង​អាច​គ្រប់គ្រង​​បាន​តែ​រដ្ឋធានី​និង​ផ្លូវ​សំខាន់​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI