ចិន-អាមេរិក-បច្ចេកវិទ្យា

អាេមរិក និងសម្ព័ន្ធមិត្ត រួមគ្នា​ថ្កោលទោស​ចិន រឿងវាយ​​ប្រហារ​តាម​​ប្រព័ន្ធ​បច្ចេកវិទ្យា​​ព័ត៌មានវិទ្យា

បុរសជនជាតិចិន ដើរកាត់ខាងមុខស្នាក់ការ​ក្រុមហ៊ុន​ Microsoft នៅទីក្រុងប៉េកាំង ថ្ងៃទី ៧ សីហា ២០២០
បុរសជនជាតិចិន ដើរកាត់ខាងមុខស្នាក់ការ​ក្រុមហ៊ុន​ Microsoft នៅទីក្រុងប៉េកាំង ថ្ងៃទី ៧ សីហា ២០២០ AP - Ng Han Guan

កាលពីថ្ងៃចន្ទ ទី​១៩កក្កដា រដ្ឋាភិបាល​អាមេរិក អង់គ្លេស និង​សហភាព​អឺរ៉ុប បានរួម​​គ្នា ចេញសេចក្តីប្រកាសមួយ ថ្កោលទោសចិន ទាក់ទិន​នឹងសកម្ម​ភាព​ វាយ​ប្រហារតាម​ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា។​ ក្រៅពីវាយ​ប្រហារមកលើក្រុមហ៊ុនឯកជន នៅអាមេរិក​និងអឺរ៉ុប​ ក្នុងគោល​​បំណង​​ជំរិតទារប្រាក់ ក្រុមចោរព័ត៌មាន​វិទ្យា​ដែលមាន​​ប្រភព​នៅចិន ក៏កំពុងតែគំរាមកំហែង ដល់សន្តិសុខ របស់សហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តដែរ

ផ្សាយពាណិជ្ជកម្ម

ចិនមានអាកប្បកិរិយា គ្មានការទទួលខុសត្រូវ រករឿងរំខាន បង្កបញ្ហាអស្ថិរភាព នៅក្នុងលំហរបច្ចេកវិទ្យាអ៊ីនធ័រនែត (cyberespace) ដែលនេះគឺជាការគំរាមកំហែងដ៏ធំមួយ មក​លើ​សេដ្ឋកិច្ច ព្រមទាំងសន្តិសុខ។ នេះ គឺជាការលើកឡើង របស់​លោក អង់តូនី ប្លីងកិន ប្រមុខការប្រទេសអាមេរិក។

ដូចគ្នាដែរ លោក ដូមីនីក រ៉ាប រដ្ឋមន្ត្រីការបរទេសអង់គ្លេស បាន​លើកឡើងថា « រដ្ឋាភិបាលចិន ត្រូវតែបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពវាយ​ប្រហារជាស្វ័យប្រវត្តិនានា ដែលប្រើប្រាស់ បច្ចេកវិទ្យាព័ត៌មានវិទ្យា។ បើសកម្មភាពទាំងនេះមិនត្រូវបញ្ឈប់ទេ នោះរដ្ឋាភិបាលចិន ត្រូវតែជាអ្នកទទួលខុសត្រូវ។

ក្រសួងការបរទេសអាមេរិក អះអាងថា ក្រៅពីអង់គ្លេស និង សហភាពអឺរ៉ុប អង្គការអូតង់ ជប៉ុន កាណាដា អូស្ត្រាលី និង​ណូវែលហ្សែឡង់ ក៏បានចូលរួម​ប្រកាសសារថ្កោលទោសចិនដែរ ជុំវិញបញ្ហា​វាយ​ប្រហារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យានេះ។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក អង់គ្លេស និងសហភាពអឺរ៉ុប បានអះអាងថា គឺចិនដែលជាអ្នកនៅ​ពីក្រោយ ការវាយ​ប្រហារ ទៅលើ​ប្រព័ន្ធសារឆ្លងឆ្លើយ Exchange របស់ក្រុមហ៊ុន​ Microsoft។ ការវាយប្រហារ កាលពីខែមីនានេះ បានប៉ះពាល់ដល់ យ៉ាងហោចស្ថាប័នចំនួន ៣ម៉ឺន ក្នុងមានរាប់ទាំងក្រុមហ៊ុនឯកជន និងស្ថាបន័រដ្ឋជាច្រើនផងដែរ។ ក្រុមហ៊ុន Microsoft បានស្រាវជ្រាវដឹងថា គឺក្រុមចោរព័ត៌មានវិទ្យាមានប្រភពនៅចិន ឈ្មោះ Hafnium ដែលជាអ្នកធ្វើសកម្មភាពនេះ។

យោងតាមអ្នកជំនាញអាមេរិក គឺចិនបើប្រើប្រាស់ ក្រុមចោរទុច្ចរិត ឲ្យធ្វើសកម្មភាព​វាយប្រហារ តាម​រយៈ ការចូលទៅ​លួចទិន្នន័យ ឬបំផ្លាញប្រព័ន្ធ​ និង​ការប្រើប្រាស់កម្មវិធីបច្ចេកវិទ្យា ជំរិតទារប្រាក់ ពីស្ថាប័ននានាទូទាំងពិភពលោក។ ជាក់ស្តែង ក្រសួងយុត្តិធម៌អាមេរិក បានចោទភ្នាក់ងារ ៣នាក់ នៃក្រសួងសន្តិសុខចិន ថាបានចូលទៅបន្លំសំងំក្នុង​ប្រព័ន្ធអ៊ីនធ័រនែត  របស់​ក្រុមហ៊ុនកជន ស្ថាប័នរដ្ឋ សកលវិទ្យាល័យ  និងមន្ទីរពិសោធន៍វិទ្យាសាស្ត្រជាដើម នៅរវាងពីឆ្នាំ ២០១១ ដល់ ២០១៨ ក្នុងគោលបំណងលួចទិន្នន័យ និង​លួចបច្ចេកវិទ្យា។

​គួរកត់​សំគាល់​ដែរថា ប៉ុន្មានឆ្នាំ​ចុងក្រោយនេះ សកម្មភាពវាយ​ប្រហារទ្រង់ទ្រាយធំ នៅលើ​ប្រព័ន្ធព័ត៌មានវិទ្យា ដោយ​ប្រើកម្មវិធីជំរិតទារប្រាក់ « ransomware" បាន​កើតមានឡើង កាន់តែញឹកញាប់ ហើយ​ដែលភាគច្រើន គេបានចោទថាគឺស្នាដៃរុស្ស៊ី។ នេះគឺជាលើកទី១ហើយ ដែល​សហរដ្ឋអាមេរិក ព្រមទាំងសម្ព័ន្ធមិត្តបានរួមគ្នា ថ្កោលចិន។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាន​បញ្ជាក់ថា ប្រឈមនឹងបញ្ហានេះ អាមេរិក រួមជាមួយប្រទេសសម្ព័ន្ធមិត្ត បាន​ផ្លាស់ប្តូរ ចែករំលែកព័ត៌មានគ្នា ហើយគេអាចនឹង​ចាត់វិធានការ ឲ្យ​រដ្ឋាភិបាលចិនប្រឈម​នឹងការទទួលខុសត្រូវជាក់ស្តែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI