ឥណ្ឌា-កូវីដ

ការ​សិក្សា​៖អត្រា​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​នៅ​ឥណ្ឌា​មាន​១០​ដង​ច្រើន​ជាង​របាយការណ៍​ផ្លូវ​ការ

ការសិក្សាមួយបង្ហាញថាចំនួនអ្នកស្លាប់ដោយសារកូវីដនៅឥណ្ឌាមាន ១០ដងច្រើនជាងតួលេខដែលប្រកាសដោយរដ្ឋាភិបាល។
ការសិក្សាមួយបង្ហាញថាចំនួនអ្នកស្លាប់ដោយសារកូវីដនៅឥណ្ឌាមាន ១០ដងច្រើនជាងតួលេខដែលប្រកាសដោយរដ្ឋាភិបាល។ AP - Mahesh Kumar A

រដ្ឋ​អំណាច​ឥណ្ឌា​បានប្រកាសថា​ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូវីដ​មាន​​ជិត​ ៤១៥ ០០០ នាក់​ គិតមកទល់នឹងថ្ងៃអង្គារ​ ទី២០​ កក្កដា​ ឆ្នាំ២០២១​។ ក៏ប៉ុន្តែ​ បើយោងតាម​អ្នកស្រាវជ្រាវ​អាមេរិក​មួយក្រុម​ អត្រា​អ្នក​ស្លាប់​ដោយ​សារ​កូវីដ​នៅក្នុង​ប្រទេស​ឥណ្ឌា​មាន​ដល់​ទៅ​ប្រមាណ​ជា​ ១០ ដងច្រើន​ជាង​តួលេខ​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​។ ចំនួនអ្នកស្លាប់ដ៏ច្រើននេះអាចនឹងក្លាយជាគ្រោះមហន្តរាយមនុស្សធម៌ដ៏ធ្ងន់ធ្ងរបំផុតសម្រាប់ឥណ្ឌាចាប់តាំងពីទទួលបានឯករាជ្យមក។

ផ្សាយពាណិជ្ជកម្ម

អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ​នៅឥណ្ឌាមាន១០ដងច្រើន​ជាង​ចំនួន​ដែល​ប្រកាស​ដោយ​រដ្ឋាភិបាល​។ ការប៉ាន់ស្មាន​របស់​មជ្ឈមណ្ឌល​សម្រាប់​ការ​អភិវឌ្ឍន៍​សកលនេះ​ បង្ហាញថា​តួលេខ​អ្នកស្លាប់​ពិតប្រាកដដោយសារ​កូវីដ​នៅក្នុង​ប្រទេសឥណ្ឌា​គឺមាន​ចំនួនច្រើន​ខ្លាំងណាស់​ ហើយ​មួយផ្នែក​រុញច្រាន​ដោយ​មេរោគបំប្លែងខ្លួន​ដែលតា​។

ការសិក្សាដែលបាន​វិភាគទិន្នន័យ​ចាប់តាំងពី​ការចាប់ផ្តើម​នៃ​ជំងឺរាតត្បាត​រហូតដល់​ខែមិថុនា​ឆ្នាំ ២០២១នេះ​បានបង្ហាញថា​ នៅឥណ្ឌា​មានមនុស្សចន្លោះពី​ ៣ ៤០០ ០០០ សែននាក់​ ទៅ ៤ ​៧០០ ០០០ នាក់​បាន​ស្លាប់ដោយសារ​តែ​ជំងឺកូវីដ១៩​។

ក្រុមអ្នក​ស្រាវជ្រាវ​បាន​គូសបញ្ជាក់ថា​ចំនួន​អ្នកស្លាប់​ពិតប្រាកដ​ទំនងជាមាន​រាប់លាននាក់​ មិនមែន​រាប់សែននាក់នោះទេ​។ ហើយចំនួនជនរងគ្រោះ​ដោយសារ​កូវីដ​ដ៏ច្រើន​បែបនេះ​ធ្វើឲ្យ​ប្រទេសឥណ្ឌា​ជួប​សោកនាដកម្ម​ដ៏អាក្រក់​បំផុត​មិនធ្លាប់មាន​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​នាឆ្នាំ​១៩៤៧ មក​។

គួរបញ្ជាក់ថា​ចំនួន​អ្នកស្លាប់​ដោយសារកូវីដផ្លូវការ​ប្រកាស​ដោយ​រដ្ឋាភិបាល​ឥណ្ឌា​មាន៤១៤ ៥១៣ នាក់​គឺជា​ចំនួន​ខ្ពស់​បំផុត​លំដាប់ទី​ ៣​ នៅ​លើ​ពិភពលោក​បន្ទាប់ពី​សហរដ្ឋអាមេរិក​ដែល​មាន​ស្លាប់​ប្រមាណ​ ៦០៩ ០០០ នាក់ និង​ប្រេស៊ីល​ដែល​មានស្លាប់​ ៥៤២ ០០០ នាក់​។

ក្រុមអ្នកជំនាញ​មានមន្ទិលសង្ស័យលើ​ចំនួន​ប្រជាជនឥណ្ឌា​ដែល​ស្លាប់ដោយជំងឺកូវីដ​ជាច្រើនខែមកហើយ​និងថា​ការ​កត់ត្រាចំនួន​អ្នក​ស្លាប់​មិនបាន​ត្រឹមត្រូវ​ អាច​មកពី​សេវាកម្មសុខភាព​របស់ឥណ្ឌា​នៅមានកម្រិត​ មិនមែន​មកពី​អាជ្ញាធរ​ចង់​ផ្តល់ព័ត៌មាន​ខុស​នោះទេ​។ ចំណែក​ឯ​បណ្តារដ្ឋជាច្រើន​របស់ឥណ្ឌាវិញ​ ក៏បាន​កែប្រែ​តួលេខ​អ្នកស្លាប់​ដោយកូវីដ​ឡើងវិញដែរ​ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ​ដោយបាន​បន្ថែមចំនួន​អ្នកស្លាប់​រាប់ពាន់នាក់​។

គួរជ្រាបដែរថា​ កាលពីខែមុន​ ក្រសួងសុខាភិបាលឥណ្ឌា​បានរិះគន់​ទស្សនាវដ្តី​ The Economist ដែលបានផ្សាយថា​ចំនួនអ្នកស្លាប់ដោយសារកូវីដនៅឥណ្ឌា​មានខ្ពស់ជាងតួលេខផ្លូវការ​ដែលប្រកាសដោយអាជ្ញាធរ​ពី ៥ ទៅ ៧ ដង​ និងថា​ការផ្សព្វផ្សាយ​ខាងលើគ្មាន​មូលដ្ឋានច្បាស់លាស់​និងមិនត្រឹមត្រូវឡើយ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI