អាមេរិក-ចិន-អាកាសធាតុ

ចិន៖កិច្ចសហប្រតិបត្តិជាមួយអាមេរិកក្នុងរឿងអាកាសធាតុអាស្រ័យលើទំនាក់ទំនងល្អលើគ្រប់វិស័យរវាងភាគីទាំងពីរ

ប្រេសិតពិសេសអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុលោកចន ឃែរី។
ប្រេសិតពិសេសអាមេរិកទទួលបន្ទុកបញ្ហាអាកាសធាតុលោកចន ឃែរី។ AP - Matt Dunham

ប្រទេស​ចិន​បាន​ប្រាប់​ឲ្យ​ដឹង​ក្នុង​ថ្ងៃ​ពុធ ទី២១ កក្កដា​ថា កិច្ចសហប្រតិបត្តិការ​របស់​ខ្លួន​ជា​មួយ​អាមេរិក​នៅ​ក្នុង​វិស័យ​ណា​មួយ​នឹង​អាស្រ័យ​ទាំង​ស្រុង​លើ​ទំនាក់ទំនង​ល្អ​លើ​គ្រប់​វិស័យ​រវាង​ភាគី​ទាំង​ពីរ។ ទោះ​បី​ជា​ចិន​មិន​បាន​បញ្ជាក់​ពី​វិស័យ​ណា​មួយ​ក៏​ដោយ​ក៏​គេ​ដឹង​ថា ចិន​ចង់​និយាយ​ពី​បញ្ហា​អាកាសធាតុ​ដើម្បី​ឆ្លើយ​តប​នឹង​ការ​អំពាវនាវ​របស់​ប្រេសិតពិសេស​អាមេរិក​ទទួល​បន្ទុក​បញ្ហា​អាកាសធាតុ​លោក​ចន ឃែរី។ លោក​ឃែរី​ដែល​បាន​អំពាវនាវ​ក្នុង​ថ្ងៃ​អង្គារ ទី២០ កក្កដា​ឲ្យ​ចិន​ចូល​រួម​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​ឲ្យ​បាន​ឆាប់​រហ័ស។

ផ្សាយពាណិជ្ជកម្ម

ចម្លើយ​របស់​ចិន​ចំពោះ​លោក​ចន ឃែរី​បាន​ធ្វើ​ឡើង​តាម​រយៈ​អ្នកនាំ​ពាក្យ​ក្រសួង​ការបរទេស​លោក​ហ្សាវ លីជាំង​នៅ​ចំពោះ​មុខ​អ្នកកាសែត​ក្នុង​ក្រុង​ប៉េកាំង។ តាម​លោក​លីជាំង ចិន​ត្រៀម​ខ្លួន​រួម​សហការ​ស្អិតរមួត​ជា​មួយ​អាមេរិក​នៅ​លើ​គ្រប់​វិស័យ​ទាំង​អស់ តែ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ។ លក្ខខណ្ឌ​នោះ គឺ​អាមេរិក និង​ចិន​ត្រូវ​តែ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​គ្នា​នៅ​លើ​គ្រប់​វិស័យ​ទាំង​អស់។ លោក​ហ្សាវ លីជាំង​បាន​និយាយ​ចំៗ​ដោយ​មិន​ពង្វាង​ថា ដើម្បី​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​អាមេរិក ចិន​មាន​ភាព​ប្រសើរ​នៅ​លើ​គ្រប់​វិស័យ អាមេរិក​មិន​ត្រូវ​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​ដើម្បី​បំផ្លាញ​ផលប្រយោជន៍​ចិន​ទេ។

ប្រតិកម្ម​របស់​ចិន​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​ប្រេសិតពិសេស​អាមេរិក​ទទួល​បន្ទុក​បញ្ហា​អាកាសធាតុ​លោក​ចន ឃែរី​បាន​អំពាវនាវ​ក្នុង​ថ្ងៃ​អង្គារ ទី២០ កក្កដា​ក្នុង​ប្រទេស​អង់គ្លេស​ថា ចិន​ត្រូវ​តែ​បង្ហាញ​ភាព​ជា​អ្នកដឹកនាំ​នៅ​ចំពោះ​មុខ​វិបត្តិ​អាកាសធាតុ និង​កិច្ចសហប្រតិបត្តិការ​ជា​មួយ​អាមេរិក។ « គ្មាន​វិធី​ណា​មួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​អាកាសធាតុ​ដោយ​គ្មាន​កិច្ចសហប្រតិបត្តិការ​ទាំង​ស្រុង និង​ភាព​ជា​អ្នកដឹកនាំ​នៃ​ប្រទេស​មួយ​ដែល​ជា​អ្នក​បញ្ចេញ​ឧស្ម័នផ្ទះកញ្ចក់​ច្រើន​ជាង​គេ​ក្នុង​លោក​នា​ពេល​សព្វថ្ងៃ​ទេ » នេះ​ជា​ការ​បញ្ជាក់​បន្ថែម​របស់​លោក​ឃែរី។

យោង​តាម​ប្រេសិតពិសេស​អាមេរិក​ទទួល​បន្ទុក​បញ្ហា​អាកាសធាតុ​រូប​នេះ​ដដែល បើ​គ្មាន​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះកញ្ចក់​គ្រប់គ្រាន់​ពី​សំណាក់​ចិន​ទេ នោះ​គេ​ពិត​ជា​មិន​អាច​សម្រេច​បាន​នូវ​គោលដៅ​ក្នុង​ការ​កម្រិត​សីតុណ្ហភាព​មិន​ឲ្យ​លើស​ពី ១,៥អង្សារ​លើ​ភពផែនដី​បាន​ឡើយ។ គួរ​បញ្ជាក់​ថា រដ្ឋបាល​អាមេរិក​របស់​ប្រធានាធិបតី​លោក​ចូ បៃដិន​បាន​បញ្ជាក់​ពី​ការ​ចង់​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ចិន​នៅ​ក្នុង​សំណុំរឿង​ប្រឈម​ក្នុង​លោក ដូច​ជា​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ឡើង​កម្តៅ​លើ​ភពផែនដី ការ​គ្រប់គ្រង​វិបត្តិ​ជំងឺ​កូវីដ១៩ ឬ​មួយ​ក៏​ការ​រំសាយ​គ្រឿងសព្វាវុធ។

នៅ​ថ្ងៃ​ប៉ុន្មាន​ខាង​មុខ លោក​បៃដិន​នឹង​បញ្ជូន​អនុរដ្ឋមន្រ្តី​ការបរទេស​លោកស្រី Wendy Sherman ឲ្យ​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ចិន។ ក្រសួង​ការបរទេស​អាមេរិក​បាន​ប្រកាស​ក្នុង​ថ្ងៃ​ពុធ ទី២១ កក្កដា​ថា លោកស្រី Wendy នឹង​ចូល​ជួប​ថ្នាក់ដឹកនាំ​ចិន ក្នុង​នោះ​ក៏​នឹង​មាន​កិច្ចសន្ទនា​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​ចិន​លោក​វ៉ាង យី​ម្នាក់​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI