ភូមា

ភូមា៖គ្រូពេទ្យអំពាវនាវរកជំនួយបរទេសដើម្បីប្រឈមទប់នឹងកំណើនករណីឆ្លងកូវីដ១៩

នៅភូមា គ្រូពេទ្យអំពាវនាវរកជំនួយបរទេសដើម្បីប្រឈមទប់នឹងកំណើនករណីឆ្លងកូវីដ១៩
នៅភូមា គ្រូពេទ្យអំពាវនាវរកជំនួយបរទេសដើម្បីប្រឈមទប់នឹងកំណើនករណីឆ្លងកូវីដ១៩ AFP - STR

ប្រទេស​ភូមា​កំពុង​ប្រឈម​នឹង​សន្ទុះ​កំណើន​ករណី​ឆ្លង​កូវីដ១៩ គួរ​ឲ្យ​ព្រួយ​បារម្ភ។ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ចំនួន​ករណី​ឆ្លង​ថ្មី​មាន​ជាង ៥ ០០០ករណី​ក្នុង​មួយ​ថ្ងៃ ពោល​ច្រើន​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​ដើម​ខែ​ឧសភា​ដែល​មាន​មិន​ដល់ ៥០ករណី​ផង​ក្នុង​មួយ​ថ្ងៃ។ ចំណែក​ចំនួន​អ្នក​ស្លាប់​សរុប​ផ្លូវការ​គិត​ត្រឹម​ថ្ងៃ​ពុធ ទី២១ កក្កដា​មាន​ចំនួន ៥ ០០០នាក់។ តែ​តួលេខ​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​តិច​ជាង​ការ​ពិត។ នៅ​ចំពោះ​មុខ​សន្ទុះ​កំណើន​ករណី​ឆ្លង​ថ្មី​ពេល​នេះ ភូមា​កំពុង​ខ្វះ​សព្វ​គ្រប់ មាន​គ្រែ​នៅ​មន្ទីរពេទ្យ ខ្យល់អុកស៊ីសែន ប្រដាប់​ធ្វើ​តេស្តិ៍​កូវីដ រួម​ទាំង​វ៉ាក់សាំង​បង្ការ​កូវីដ។ ទន្ទឹម​គ្នា​នេះ និង​តាំង​ពី​ក្រោយ​រដ្ឋប្រហារ​ថ្ងៃទី១ កុម្ភៈ​មក មាន​ក្រុម​គ្រូពេទ្យ​មួយ​ភាគ​ធំ​បាន​ធ្វើ​កូដកម្ម​មិន​ទៅ​ធ្វើ​ការ​ដោយ​បាន​ចូលរួម​ជាមួយ​ក្រុម​បាតុករ​ដើម្បី​ប្រឆាំង​របបសឹក។ តែ​មាន​ក្រុម​គ្រូពេទ្យ​ធ្វើ​កូដកម្ម​ខ្លះ​បាន​បន្ត​ជួយ​ព្យាបាល​អ្នក​ជំងឺ​ដោយ​លួចលាក់។ បញ្ហា​នៅ​ត្រង់​ថា ក្រុម​គ្រូពេទ្យ​ទាំង​នេះ​កំពុង​ខ្វះ​ខាត​គ្រប់បែប​យ៉ាង និង​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

« យើង​ត្រូវ​ការ​ជំនួយ​ពី​បរទេស ព្រោះ​របបសឹក​កំពុង​ធ្វេសប្រហែស​លើ​បញ្ហា​សុខភាព​របស់​ប្រជាជន​ភូមា។ យើង​ត្រូវ​ការ​ខ្យល់​អុកស៊ីសែន ថ្នាំពេទ្យ ហើយ​នៅ​ក្នុង​តំបន់​មួយ​ចំនួន​របស់​ភូមា យើង​ក៏​ត្រូវ​ការ​ស្បៀងអាហារ​ដែរ។ នៅ​ក្នុង​រលកឆ្លង​កូវីដ១៩ លើកទី១ និង​លើកទី២ រដ្ឋាភិបាល​មុន​គ្រប់គ្រង​បាន​ល្អ​ណាស់​ដោយ​ផ្គត់ផ្គង់​តម្រូវការ​ផ្នែក​សុខាភិបាល​ដល់​ប្រជាជន​ជាង​ពាក់​កណ្តាល។ ជា​អកុសល​នៅ​ក្រោម​របបសឹក យើង​មាន​ថ្នាំវ៉ាក់សាំង​បង្ការ​កូវីដ១៩ មិន​គ្រប់គ្រាន់​ទេ។

នៅ​តាម​​មណ្ឌល​ធ្វើ​ចត្តាឡីស័ក គឺ​អត់​មាន​អី​ទាំង​អស់ អត់​មាន​គ្រែ អត់​មាន​ភួយ មុង និង​អត់​មាន​ទាំង​ខ្នើយ។ របបសឹក​មិន​បាន​ជួយ​ផ្គត់ផ្គង់​ដល់​តម្រូវ​ការ​របស់​មន្ទីរពេទ្យ​ឡើយ ដូច​ជា​សម្ភារៈបរិក្ខារពេទ្យ និង​ខ្យល់​អុកស៊ីសែន។ កាល​ពី​សប្តាហ៍​កន្លង​ទៅ មិត្ត​រួម​ការងារ​ជាមួយ​ខ្ញុំ​ចំនួន ២នាក់​ដែល​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩ ត្រូវ​បាន​ក្រុម​ទាហាន​ឃាត់​ខ្លួន។ មាន​គ្រូពេទ្យ ៥នាក់​ក្នុង​ទីក្រុង​រ៉ង់ហ្គូន និង​៤នាក់​ក្នុង​ទីក្រុង​ម៉ន់ដាឡៃ​ត្រូវ​បាន​របបសឹក​ចាប់​ខ្លួន។

ស្ថានការណ៍​គឺ​ដុនដាប។ ដោយសារ​តែ​របបសឹក យើង​កំពុង​រង់ចាំ​ចំនួន​អ្នក​ស្លាប់​ជា​ច្រើន​នាក់​នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​កូវីដ១៩ នា​ប៉ុន្មាន​សប្តាហ៍​ខាង​មុខ ឬ​នៅ​ខែ​ខាង​មុខ។ យើង​ត្រូវ​ការ​ជំនួយ។ សូម​មេត្តា​ជួយ​ភូមា​ផង »

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI