ហុងកុង-សិទ្ធិសេរីភាព

ប្រជាជន​ហុងកុង​កាន់​តែ​ច្រើន​ចាក​ចេញ​ទៅ​កសាង​អនាគត​ថ្មី​នៅ​បរទេស

ដោយអស់សង្ឃឹមនឹងការតស៊ូដើម្បីសិទ្ធិសេរីភាព និងដោយភ័យខ្លាចពីអនាគតនៅក្រោមការត្រួតត្រារបស់ចិនប៉េកាំង ប្រជាជនហុងកុងកាន់តែច្រើន បាននាំគ្នាចាកចេញ ដើម្បីកសាងជីវិតថ្មីនៅបរទេស។
ដោយអស់សង្ឃឹមនឹងការតស៊ូដើម្បីសិទ្ធិសេរីភាព និងដោយភ័យខ្លាចពីអនាគតនៅក្រោមការត្រួតត្រារបស់ចិនប៉េកាំង ប្រជាជនហុងកុងកាន់តែច្រើន បាននាំគ្នាចាកចេញ ដើម្បីកសាងជីវិតថ្មីនៅបរទេស។ ISAAC LAWRENCE AFP

នៅក្នុង​ដែនដី​ហុងកុង​ ដោយ​អស់​សង្ឃឹម​នឹង​ការ​តស៊ូ​ដើម្បី​សិទ្ធិ​សេរីភាព​និង​ដោយ​ភ័យ​ខ្លាច​ពី​អនាគត​នៅ​ក្រោម​ការ​ត្រួតត្រា​របស់​ចិន​ប៉េកាំង​ ប្រជាជន​ហុងកុង​កាន់តែច្រើន​ ​នាំ​គ្នា​ចាកចេញ​ ដើម្បី​កសាង​ជីវិតថ្មី​នៅ​បរទេស​។ ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ អង់គ្លេស​ត្រូវ​គេ​មើល​ឃើញថា​គឺជា​គោលដៅ​ធំជាង​គេ​មួយ​របស់​ប្រជាជន​ហុងកុង​។

ផ្សាយពាណិជ្ជកម្ម

ពីរ​ដង​ក្នុងមួយថ្ងៃ​ អាកាសយានដ្ឋានហុងកុង​មាន​ពោរពេញ​ទៅដោយ​សំឡេង​យំខ្សឹបខ្សួល​និង​សំឡេង​លាគ្នា​រវាង​សាច់ញាតិ​ដែល​មានបងប្អូន​ត្រូវចាកចេញ​ទៅ​ផ្តើម​ជីវិតថ្មីនៅ​ឯ​បរទេស​ ជាពិសេសក្នុង​ប្រទេសអង់គ្លេស​។ ជើងហោះហើរពីហុងកុង​ទៅកាន់​ទីក្រុងឡុងដ៍​ ជាធម្មតា​មាន​ពីរជើង​គឺមួយ​នៅពេលរសៀល​ និង​មួយទៀតនៅ​ពេលល្ងាច​។

ប្រជាជនហុងកុង​កាន់តែច្រើន​បានសម្រេច​ចាកចេញ​ពីស្រុកកំណើត​ដោយសារ​តែពួកគេមិន​សប្បាយចិត្ត​ចំពោះ​ស្ថានការណ៍​ដែល​បាន​នឹងកំពុងកើតឡើងនៅក្នុងទឹកដីកំណើត​ និង​គ្មាន​សង្ឃឹម​ថានឹង​អាចទទួលបានសិទ្ធិសេរីភាព​ដូចមុនទៀតនោះទេ​។

ជាកស្តែង​ បុរស​ហុងកុង​វ័យ​ ៤៣ ឆ្នាំ​ម្នាក់​ដែលមានអាជីពជាអ្នកកាសែតបាន​ប្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន AFP ថាគាត់បានចាប់ផ្តើមរៀបចំផែនការ​ចាកចេញពីហុងកុង នៅ​ពេល​គាត់បានឃើញវីដេអូបង្ហាញពីសកម្មភាព​ប៉ូលិស​វាយដំក្រុមអ្នកគាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅក្នុងរថភ្លើងក្រោមដីមួយកន្លែងក្នុងអំឡុងពេលនៃការតវ៉ាកាលពី ២ ឆ្នាំមុន។​

បន្ទាប់មកទៀត ច្បាប់សន្តិសុខជាតិថ្មីមួយដែលតាក់តែងដោយចិន​និងដែលត្រូវបានយក​ទៅ​ដាក់ឲ្យ​អនុវត្តនៅ​ហុងកុង​ ដើម្បី​បង្ក្រាប​ក្រុមអ្នកប្រឆាំង​ ក្រុមអ្នកតស៊ូដើម្បី សិទ្ធិ​សេរីភាព។ បោះបង់​ចោលការងារនៅហុងកុង​ ហើយចាប់ផ្តើម​ជីវិតថ្មី​នៅលើទឹកដី​បរទេស​មិនមែន​ជា​រឿង​ងាយស្រួល​នោះ​ទេ ក៏ប៉ុន្តែអ្នកកាសែតរូបនេះ​ត្រូវបង្ខំចិត្តធ្វើដូច្នោះព្រោះតែមើលឃើញថាស្ថានការណ៍​នៅហុងកុងកាន់តែយ៉ាប់យ៉ឺនទៅៗ។ នេះបើតាមសម្តី​លោក​ប្រាប់​ AFP ដដែល​។

រដ្ឋាភិបាលហុងកុង គ្មានស្ថិតិអំពីចំនួនប្រជាជន​ដែល​ចាកចេញជាអចិន្ត្រៃយ៍នោះទេ។ ក៏ប៉ុន្តែភស្តុតាងជាក់ស្តែងបង្ហាញថាការចាក់ចេញកំពុងកើនឡើង។ យោងតាមតួលេខ​ជន​អន្តោប្រវេសន៍ លំហូរចេញរបស់ប្រជាជនហុងកុង​បានកើនឡើងជាលំដាប់ ​ជាពិសេស​ស្ទុះឡើងខ្លាំង​ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ជាមធ្យម មានប្រជាជនហុងកុងប្រមាណ ១ ៥០០ នាក់​បានធ្វើដំណើរតាម​អាកាស​យាន​ដ្ឋាន​ជារៀងរាល់ថ្ងៃ ក្នុងខែកក្កដា ពោលគឺកើនឡើងពីចំនួន ៨០០ នាក់ ​សម្រាប់ឆមាស​ទីមួយ​នៃឆ្នាំ២០២១នេះ។​

ប្រជាជនហុងកុងជាច្រើន បានកំណត់គោលដៅទៅកសាងអនាគតថ្មី​នៅអង់គ្លេស ដែលជា​ប្រទេសអតីតអាណានិគមរបស់ហុងកុង ព្រោះថារដ្ឋាភិបាលអង់គ្លេសអនុញ្ញាត​ឲ្យអ្នក​ប្រជាជន​ហុងកុង​ដែល​កាន់​លិខិតឆ្លងដែន​អង់គ្លេស​ និង​សាច់ញាតិរបស់​ពួកគេទៅតាំង​ទីលំ​នៅទីនោះបាន។

អង់គ្លេសរំពឹងថាប្រជាជនហុងកុងប្រមាណ ៣០ ម៉ឺននាក់​នឹងផ្លាស់ទៅក្នុងប្រទេសខ្លួននារយៈពេល ៣ ឆ្នាំខាងមុខ។ ចំណែកមេដឹកនាំហុងកុងលោកស្រីការី ឡាំវិញ ហាក់មិន​អើពើនឹងការចាកចេញរបស់ប្រជាជននេះឡើយ។ លោកស្រីការី ឡាំ បានលើកឡើងថាអ្នក​ដែល​បានសម្រេចចិត្ត​ចាកចេញ​នោះ គឺជាជម្រើសផ្ទាល់ខ្លួនរបស់ពួកគេ និងអនាគត​ទីក្រុង​ហុងកុងគឺភ្លឺស្វាងណាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI