វៀតណាម-កូវីដ១៩

វៀតណាម​សម្រេច​បិទ​ខ្ទប់​ក្រុង​ហាណូយ​ដោយ​សារ​រលក​ឆ្លង​កូវីដ​ស្ទុះ​ឡើង​ខ្លាំង

ដើម្បីទប់ស្កាត់កូវីដ រដ្ឋាភិបាលវៀតណាមនៅថ្ងៃសៅរ៍ ទី២៤ កក្កដានេះបានសម្រេចចាប់ក្រុងប្រជាជនចំនួនប្រមាណ ៨ លាននាក់ដែលរស់នៅក្នុងទីក្រុងហាណូយ។
ដើម្បីទប់ស្កាត់កូវីដ រដ្ឋាភិបាលវៀតណាមនៅថ្ងៃសៅរ៍ ទី២៤ កក្កដានេះបានសម្រេចចាប់ក្រុងប្រជាជនចំនួនប្រមាណ ៨ លាននាក់ដែលរស់នៅក្នុងទីក្រុងហាណូយ។ AP - Hieu Dinh

កាលពី​ពីរ​សប្តាហ៍មុន​ ទីក្រុង​ហូជីមិញ​របស់​វៀតណាម​ត្រូវ​បាន​បិទ​ខ្ទប់​ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូវីដ​។ ដូចគ្នានេះដែរ​ ក៏ព្រោះតែ​ករណីឆ្លងកូវីដ​នៅ​តែ​បន្ត​កើន​ឡើង​គួរ​ឲ្យព្រួយបារម្ភ​ រដ្ឋាភិបាល​វៀតណាម​នៅថ្ងៃសៅរ៍​ ទី២៤​ កក្កដានេះ​ បាន​សម្រេច​ចាប់​ក្រុង​ប្រជាជន​ចំនួន​ប្រមាណ​ ៨​ លាន​នាក់​ដែលរស់​នៅក្នុង​ទី​ក្រុង​ហាណូយ​។

ផ្សាយពាណិជ្ជកម្ម

រដ្ឋាភិបាល​វៀតណាម​បានសម្រេច​បិទខ្ទប់ទីក្រុងធំៗ​រួមមានជាអាទិ៍​ ក្រុង​ហូជីមិញ​ និង​ហាណូយ​ដើម្បីទប់ស្កាត់​រលកឆ្លងជំងឺកូវីដ១៩​ដែល​កំពុងផ្ទុះ​ខ្លាំង​គួរ​ឲ្យបារម្ភ​។ អាជ្ញាធរ​វៀតណាម​បានរាយការណ៍ថា​មាន​អ្នក​ឆ្លងកូវីដថ្មីជាង​ ៧ ពាន់ នាក់ត្រូវ​បាន​រក​ឃើញ​នៅទូទាំងប្រទេស​កាលពីថ្ងៃសុក្រម្សិលមិញ​។ ៧ ពាន់នាក់នេះ​គឺជា​ចំនួន​បំបែក​កំណត់​ត្រាលើក​ទីបី​នៃការឆ្លងប្រចាំថ្ងៃ​ក្នុង​មួយ​សប្តាហ៍​។

នៅត្រង់ចំណុចកណ្តាលនៃរដ្ឋធានីហាណូយ​ដែល​ធ្លាប់តែមានសភាពអ៊ូអរ​ ឥឡូវនេះប្រែ​ក្លាយ​ជាស្ងាត់ជ្រងំ​ ដោយ​ហាងលក់ទំនិញនានាត្រូវបិទទ្វារអស់​ នៅ​ពេល​ដែល​វិធានការ​បិទខ្ទប់​ក្រុងចូលជាធរមានមក​។

បន្ទាប់ពី​ទទួល​បាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រង​ជំងឺកូវីដ១៩​ កាលពីឆ្នាំទៅមិញ​រួចមក​ ប្រទេស​វៀតណាម​ បាន​ជួប​រលកឆ្លងកូវីដយ៉ាងខ្លាំងជាថ្មី​ចាប់​តាំងពី​ចុង​ខែ​មេសា​មក។ រលកឆ្លងកូវីដដ៏ខ្លាំងនេះ​បានបង្ខំឲ្យប្រជាជន​វៀតណាម​មួយភាគបី​នៃ​ប្រជាជន​សរុបទាំងអស់​ ឬស្មើនឹង​ចំនួនប្រមាណជា ៣៣ លាន​នាក់​ត្រូវស្នាក់នៅតែក្នុងផ្ទះ​ទៅតាម​បទ​បញ្ជា​របស់​អាជ្ញាធរ​។

យ៉ាងណាក៏ដោយ​ នៅពេលនេះ​ការឆ្លង​រីករាលដាលកូវីដ​បាន​បង្ហាញសញ្ញា​ថយ​ចុះ​មក​វិញ​ខ្លះហើយ នៅក្នុងតំបន់​មួយ​ចំនួន​នៃ​ប្រទេសវៀតណាម​។ តែទោះជាបែបនេះក្តី​ រដ្ឋ​អំណាច​វៀតណាម​នៅមិនទាន់ហ៊ាន​បន្ធូរដៃ​នៅឡើយនោះទេ​។ ជាក់ស្តែង​ដូចជា​នៅ​ទី​ក្រុង​ហូជីមិញ​ជាដើម​ ដើម្បីទប់ស្កាត់​រលកឆ្លងកូវីដដ៏អាក្រក់​ រដ្ឋាភិបាលវៀតណាម​បាន​សម្រេច​បន្តបិទខ្ទប់​នៅទីក្រុងហូជីមិញរហូតដល់ខែ​សីហាខាងមុខ​។

គួរជ្រាបថា​ គិតមកទល់នឹងពេលនេះ​ អ្នកឆ្លងកូវីដ​សរុប​ទាំងអស់​ទៅក្នុង​ប្រទេស​វៀតណាម​មានចំនួន​ ៨៦ ៩៥៧ នាក់​ និងមានស្លាប់យ៉ាងហោច​ ៣៧០ នាក់​។ ក្រៅតែពីបានដាក់​ចេញ​នូវវិធានការបិទខ្ទប់ក្រុងធំៗ​ រដ្ឋាភិបាលវៀតណាម​ក៏បាន​ព្យាយាម​បង្កើន​ការ​ចាក់​វ៉ាក់សាំង​បង្ការកូវីដ​ជូនប្រជាជនផងដែរ​ដើម្បីទប់ស្កាត់កូវីដ​។

គួរជ្រាបទៀតថា វៀតណាម​ទទួល​បានវ៉ាក់សាំង​ចំនួនជាង​ ១០លាន ២ សែនដូស​ និង​បាន​ចាក់​វ៉ាក់សាំង​ជូន​ប្រជាជនខ្លួន បានប្រមាណ​ ៤ លាន ៤ សែននាក់​។ ក៏ប៉ុន្តែ មាន​ប្រជាជនវៀតណាម​ចំនួន​តិចជាង​ ៣៣ ម៉ឺន ៥ពាន់នាក់​ បាន​ទទួលការចាក់​ថ្នាំវ៉ាក់សាំង​ប្រឆាំង​កូវីដចំនួនពីរដូស​ បើគិតត្រឹមថ្ងៃទី ២៤ កក្កដា ឆ្នាំ២០២១ នេះ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI