បារាំង-ជប៉ុន

នៅតូក្យូ លោក​ម៉ាក្រុង ឆ្លៀត​ជួប​​ជាមួយ​​នាយករដ្ឋមន្ត្រី​ជប៉ុន ព្រមទាំង​អ្នកជំនួញ​ធំៗ​របស់ជប៉ុន

លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga  ទទួលស្វាគមន៍​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron នៅវិមាន​ Akasaka ក្រុងតូក្យូ ថ្ងៃទី២៤ កក្កដា ២០២១
លោកនាយករដ្ឋមន្ត្រីជប៉ុន Yoshihide Suga ទទួលស្វាគមន៍​លោក​ប្រធានាធិបតី​បារាំង Emmanuel Macron នៅវិមាន​ Akasaka ក្រុងតូក្យូ ថ្ងៃទី២៤ កក្កដា ២០២១ AP - Franck Robichon

លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង គឺជាប្រមុខរដ្ឋបរទេស តែម្នាក់គត់ ដែលបាន​ចូលរួម​ជាអធិបតី ក្នុងកម្មវិធីសម្ភោធបើកការប្រកួត កីឡាអូឡាំពិកទីក្រុងតូក្យូ កាលពីយប់ថ្ងៃសុក្រ ទី​២៣កក្កដា។ បន្ទាប់ពីកម្មវិធីនេះ លោក​ម៉ាក្រុង បានឆ្លៀតជួប ជាមួយនឹង​លោក​នាយករដ្ឋមន្ត្រីជប៉ុន ព្រមទាំង​ប្រធានក្រុមហ៊ុនធំៗរបស់ជប៉ុន មួយចំនួន​ផងដែរ ដើម្បី​លើកឡើង ពីចំណងសហការ​ផ្នែកសេដ្ឋកិច្ច និងការទូត។

ផ្សាយពាណិជ្ជកម្ម

នៅព្រឹកថ្ងៃសៅរ៍ ទី​២៤កក្កដា លោក​ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ត្រូវបាន​លោក​ យ៉ូស៊ីហ៊ីតេ ស៊ូហ្កា នាយករដ្ឋមន្ត្រីជប៉ុន ទទួលជួប​សំណេះសំណាល នៅវិមាន Akasaka កណ្តាលទីក្រុងតូក្យូ ជាទីដែលការប្រកួតកីឡាអូឡាំពិក កំពុង​ប្រព្រឹត្តិធ្វើទៅ។

នៅលើទំព័រ Twitter លោក​ម៉ាក្រុង បានអួតសរសេរថា ទំនាក់ទំនងរវាង បារាំងនិងជប៉ុន គឺជាទំនាក់ទំនង​ « ដ៏ល្អពិសេស »។ នៅក្នុងបរិបទ ប្រយុទ្ធប្រឆាំងនឹងកូវីដ​១៩ បារាំង និងជប៉ុន នឹងរួមសហការគ្នា ដើម្បីផ្តល់​សន្ទុះសេដ្ឋកិច្ច នាយុគសម័យថ្មី។

សូមបញ្ជាក់ថា ប្រមុខដឹកនាំទាំង២រូប មិនបាន​ធ្វើសន្និសីទកាសែតទេ នៅក្រោយ​ជំនួបនេះ។ ប៉ុន្តែភាគីទាំង២ បានចេញលិខិតប្រកាសរួមគ្នាមួយ ដោយ​បាន​លើកឡើង ពីភាពចាំបាច់ ក្នុងការការពារ តំបន់ឥណ្ឌូប៉ាស៊ីហ្វិក សេរី បើកចំហរ និងរួមបញ្ចូលគ្នា ដោយ​ឈរលើ​មូលដ្ឋាន​នីតិរដ្ឋ។ ខ្លឹមសារ នៃ​សេចក្តីប្រកាសនេះ​ បានសំដៅ​ដោយ​ប្រយោល ទៅលើការពង្រីកឥទ្ធិពល​កាន់តែខ្លាំងឡើងរបស់ចិន ទាំងផ្នែក យោធា សន្តិសុខ និង​សេដ្ឋកិច្ច នៅក្នុងតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

បន្ថែមពីនេះ លោក​ម៉ាក្រុង និង​ ស៊ូហ្កា បាន​លើកឡើងផងដែរ អំពីការពង្រឹងចំណងសហការ ដើម្បីប្រយុទ្ធប្រឆាំង នឹងការកើនឡើងកំដៅផែនដី។ ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ វាមិនមែន​​ជាឧបសគ្គ​លំបាកនោះទេ តែមេដឹកនាំទាំង២ ចាត់ទុកថា វាគឺជាឱកាសថ្មី ក្នុង​ការ​រិះគិត បង្កើត​ការងារឲ្យ​កាន់តែច្រើន​។

បន្ទាប់ពីជួប​លោក​នាយករដ្ឋមន្ត្រីជប៉ុន លោក​ម៉ាក្រុង ក៏បាន​ជួប​ជាមួយថៅកែក្រុមហ៊ុនធំៗ របស់ជប៉ុន​ផងដែរ ដូចជាលោក Makoto Uchida នាយកក្រុមហ៊ុន Nissan លោក Hiroshi Mikitani នាយកក្រុមហ៊ុនលក់ទំនិញអនឡាញ Rakuten ព្រមទាំងលោក Akio Toyoda នាយកក្រុមហ៊ុន​Toyota ផងដែរ។ មិនមានការប្រកាសពីគម្រោង​វិនិយោគថ្មីមែន តែវិមានប្រធានាធិបតីបារាំងអះអាងថា លោក​ម៉ាក្រុងបានពិភាក្សា​ ជាមួយ​ថៅកែក្រុមហ៊ុនជប៉ុន អំពីគម្រោងមួយចំនួន ដែលស្ថិតក្នុងការសម្ងាត់​នៅឡើយ។

ដោយឡែក វិមាន​ប្រធានាធិបតី​បារាំង បានបញ្ជាក់ថា ​លោកម៉ាក្រុង បាន​និយាយជាមួយ​លោក នាយករដ្ឋមន្រ្តីជប៉ុន ទាក់ទិននឹងករណី បុរសជនជាតិបារាំង​ម្នាក់ឈ្មោះ Vincent Fichot។ ជនជាតិបារាំងម្នាក់នេះ កំពុង​បង្អត់អាហារខ្លួន​ឯង ចំនួន​២សប្តាហ៍មកហើយ នៅទីក្រុងតូក្យូ ដើម្បីជាការ​តវ៉ាទាមទារ ឲ្យ​អាជ្ញាធរជប៉ុនដោះស្រាយបញ្ហា ដែលអតីតភរិយាខ្លួន ជាជនជាតិជប៉ុន បាន​ចាប់ពង្រត់កូន២នាក់ កាលពីឆ្នាំ​២០១៨។ គួរបញ្ជាក់ថា នៅជប៉ុន ពុំមានច្បាប់ចែងកំណត់ឲ្យច្បាស់​ អំពីការបែងចែងគ្នា ក្នុងការមើលថែរកូន ក្នុងករណីលែងលះគ្នាទេ។ ​ករណីចាប់ពង្រត់កូន តែងតែកើតមានជាញឹកញាប់ នៅជប៉ុន។ លោក​នាយករដ្ឋមន្ត្រីជប៉ុន បានអះអាងប្រាប់ភាគីបារាំង ថា នឹងធ្វើអន្តរាគមន៍ ដើម្បីស្វែងរកដំណោះស្រាយ​ដោយ​សមស្រប ឈានទៅបិទបញ្ចប់រឿងរ៉ាវព្រាត់ប្រាសគ្រួសារនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI