អាហ្វហ្កានីស្ថាន-តាលីបង់

អាហ្វហ្កានីស្ថាន៖​ កងទ័ព​អាមេរិក នឹង​បន្ត​​វាយ​ប្រហារ​តាមផ្លូវ​អាកាស បើ​​​ក្រុម​តាលីបង់​នៅតែបន្ត​​ប្រយុទ្ធ

លោក​មេបញ្ជាការកងទ័ពអាមេរិក ប្រចាំអាហ្វហ្កានីស្ថាន​ Kenneth McKenzie ធ្វើសន្និសីទកាសែត នៅក្រុងកាប៊ូល ថ្ងៃទី ២៥ កក្កដា ២០២១
លោក​មេបញ្ជាការកងទ័ពអាមេរិក ប្រចាំអាហ្វហ្កានីស្ថាន​ Kenneth McKenzie ធ្វើសន្និសីទកាសែត នៅក្រុងកាប៊ូល ថ្ងៃទី ២៥ កក្កដា ២០២១ REUTERS - STAFF

សហរដ្ឋអាមេរិក កំពុងតែសម្រុកដកទ័ពចេញពីអាហ្វហ្កានីស្ថាន ដែលធ្វើ​ឲ្យ​ក្រុម​តាលីបង់ ឆក់ឱកាសវាយ​ប្រយុទ្ធ ដណ្តើមបានដែនដី​មួយ​ចំនួនធំ ពីកងទ័ព​ជាតិអាហ្វហ្កានីស្ថាន​។​ ប្រឈមនឹងគ្រោះថ្នាក់ នៃការវិលត្រលប់មកកាន់អំណាច របស់​ក្រុមតាលីបង់នេះ លោក​មេបញ្ជាការ​កងទ័ពអាមេរិក ប្រចាំនៅ​អាហ្វហ្កានីស្ថាន បានបញ្ជាក់ប្រាប់​កាលពី​រសៀល​ ថ្ងៃទី​២៥កក្កដា​ថា ដរាប​ណា​ក្រុមតាលីបង់ នៅតែបន្តវាយ​ប្រយុទ្ធ នោះកងទ័ព​អាមេរិក នឹងនៅតែបន្ត​វាយ​ប្រហារតាម​ផ្លូវអាកាស។​

ផ្សាយពាណិជ្ជកម្ម

កងទ័ពអាកាសអាមេរិក ដែលនៅសេសសល់​នៅអាហ្វហ្កានីស្ថាន បាន​បន្ថែមការវាយ​ប្រហារ ទំលាក់គ្រាប់ ទៅលើ​ក្រុមតាលីបង់ យ៉ាងសកម្មបំផុត នាប៉ុន្មានថ្ងៃចុងក្រោយនេះ។ លោក Kenneth McKenzie មេបញ្ជាការកងទ័ពអាមេរិក ប្រចាំអាហ្វហ្កានីស្ថាន បាន​អះអាងថា កងទ័ពអាមេរិក បាន​ត្រៀមរួចហើយ ថានឹង​បន្តប្រតិបត្តិការវាយ​ប្រហារតាមផ្លូវអាកាស ដើម្បីជួយ​កងទ័ព​ជាតិអាហ្វហ្កានីស្ថាន​ ដរាបណា ក្រុមតាលីបង់នៅតែបន្តវាយប្រយុទ្ធ។

លោក​មេបញ្ជាការអាមេរិករូបនេះ បាន​បន្ថែមថា លោកចង់​និយាយដោយត្រង់ ប្រាប់ទៅ​​កងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថាន ថាក្នុងរវាងប៉ុន្មានថ្ងៃទៅមុខ ស្ថានការណ៍អាចនឹងលំបាកខ្លាំងណាស់ ព្រោះ​ក្រុមតាលីបង់ កំពុងតែសម្រុកវាយ​ដណ្តើម គ្រប់គ្រងដែនដី​នៅអាហ្វហ្កានីស្ថាន។ ក៏ប៉ុន្តែ ជ័យ​ជំនះរបស់ក្រុមតាលីបង់ មិនមែនយើងចៀសមិន​បាននោះ​ទេ ប្រសិន​បើយើង​បន្ត​ប្រឹងប្រែង​ប្រយុទ្ធ។

គួរបញ្ជាក់ថា ក្រុមតាលីបង់បាន​សម្រុកវាយ​ប្រហារ ចាប់តាំងពី​ខែឧសភាមក ខណៈដែល​អាមេរិក ចាប់ផ្តើមដកទ័ពចេញពីអាហ្វហ្កានីស្ថាន។ ដែនដី​ជនបទ ដាច់ស្រយាល និងបណ្តោយ​ព្រំដែនមួយភាគធំ ត្រូវបានធ្លាក់ទៅក្នុង​ដៃក្រុមតាលីបង់។ កងទ័ពរដ្ឋាភិបាលអាហ្វហ្កានីស្ថាន នៅកាន់កាប់ តែតំបន់ប្រជុំជនទីរួមខេត្តធំៗ និងបណ្តោយ​​ផ្លូវសំខាន់ៗ តែប៉ុណ្ណោះ។ ការវាយ​ប្រយុទ្ធ ប៉ុន្មានថ្ងៃនេះ នៅតំបន់ក្រុងកង់ដាហារ បានរុញច្រាន​ប្រជាជន​ប្រមាណ ១៥ម៉ឺននាក់ ឲ្យ​រត់ភៀសខ្លួន ចោលផ្ទះសម្បែង។

គួរកត់សំគាល់ថា ជោគជ័យ​របស់ក្រុមតាលីបង់ បានធ្វើ​ឲ្យ​មាន​ការព្រួយ​បារម្ភ ថាក្រុមនេះ អាចនឹងឈានមកគ្រប់​គ្រង​​​អំណាច​ទាំងស្រុង នៅអាហ្វហ្កានីស្ថាន ធ្វើឲ្យ​​លទ្ធផល​​នៃការធ្វើ​​សង្គ្រាម​ ប្រមាណ២០​ឆ្នាំ​របស់កងទ័ពអាមេរិក ត្រូវ​រលាយ​​ក្លាយ​ជាផេះ​។ លោកចូ បៃដិន ធ្លាប់​បាន​បញ្ជាក់ថា បើទោះបី​កងទ័ពអាមេរិក ត្រូវដកចេញ តែ​អាេមរិក នឹង​នៅតែ​បន្ត​ជួយទំនុក​បម្រុង ជួយ​​ប្រជាជន​អាហ្វហ្កានីស្ថាន។ យ៉ាងណាក៏ដោយ ការប្រកាសរបស់មេបញ្ជាការកងទ័ពអាមេរិក​ ថាអាចនឹង​បន្ត​វាយប្រហារលើ​ក្រុមតាលីបង់នេះ គេមិនបាន​បញ្ជាក់ថា រហូតដល់ពេលណា ហើយ​ក្នុងក្របខណ្ឌអ្វីនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI