ឥណ្ឌា-ទឹកជំនន់

អ្នក​ស្លាប់​ដោយ​ជំនន់​ទឹក​ភ្លៀង​នៅ​ឥណ្ឌា​កើន​ដល់​១២៧​នាក់​និង​រាប់​សិប​នាក់​បាត់​ខ្លួន

នៅឥណ្ឌា ទឹកជំនន់ និងគ្រោះបាក់ដីបង្កឡើងដោយទឹកភ្លៀងមូសុង បានសម្លាប់មនុស្ស ១២៧ នាក់ និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យ ទី២៥ កក្កដា ឆ្នាំ២០២១។
នៅឥណ្ឌា ទឹកជំនន់ និងគ្រោះបាក់ដីបង្កឡើងដោយទឹកភ្លៀងមូសុង បានសម្លាប់មនុស្ស ១២៧ នាក់ និងបណ្តាលឲ្យមនុស្សរាប់សិបនាក់ផ្សេងទៀតបាត់ខ្លួន គិតត្រឹមថ្ងៃអាទិត្យ ទី២៥ កក្កដា ឆ្នាំ២០២១។ INDRANIL MUKHERJEE AFP/Archivos

នៅឥណ្ឌា​ ទឹកជំនន់​និង​គ្រោះបាក់ដី​បង្កឡើង​ដោយ​ទឹកភ្លៀង​មូសុង​បាន​សម្លាប់មនុស្ស​ ១២៧ នាក់​និង​បណ្តាលឲ្យ​មនុស្ស​រាប់សិប​នាក់ផ្សេងទៀត​បាត់ខ្លួន​ គិត​ត្រឹមថ្ងៃ​អាទិត្យ​ ទី២៥​ កក្កដា​ ឆ្នាំ២០២១​។ នេះ​ បើ​ផ្អែក​លើ​របាយការណ៍​ចុង​ក្រោយ​ផ្តល់ឲ្យ​ពី​ខាង​អាជ្ញាធរ​ឥណ្ឌា​។

ផ្សាយពាណិជ្ជកម្ម

តំបន់​ឆ្នេរ​ភាគខាង​លិចរបស់ឥណ្ឌា​ត្រូវបាន​ជន់លិច​ដោយ​ភ្លៀងខ្លាំង​ ចាប់តាំងពី​ថ្ងៃព្រហស្បតិ៍​ ទី២២​ កក្កដា​ ហើយ​នាយកដ្ឋាន​ឧតុនិយមឥណ្ឌា​បាន​ទាញសញ្ញាអាសន្នថា​ ទឹកភ្លៀង​នឹង​ធ្លាក់មក​ទៀតខ្លាំង​នៅប៉ុន្មានថ្ងៃ​ខាងមុខ​។

នៅក្នុង​រដ្ឋ​មាហារ៉ាស្ត្រា (Maharashtra) មាន​មនុស្ស​ ១១៧ នាក់​បានស្លាប់​ ក្នុងនោះ​មាន​ជាង​ ៤០ នាក់​ស្លាប់​នៅក្នុងគ្រោះបាក់ដីដ៏ធំមួយ​ នៅឯភូមិតាលីយដែល​ស្ថិត​នៅចម្ងាយ​ប្រមាណ​ ២៥០ គីឡូម៉ែត្រ​ភាគអាគ្នេយ៍នៃទីក្រុងមុមបៃ​ (Mumbai)។

ចំណែក​នៅ​ភូមិ​ប៉ូសារឹ​ (Posare) ចម្ងាយ​ ២១០​ គីឡូម៉ែត្រ​ខាងត្បូង​ទីក្រុង​មុមបៃ​ ក្រុម​ការងារ​ធ្វើការ​ឆ្លើយតប​នឹង​គ្រោះ​មហន្តរាយជាតិឥណ្ឌា​បានឲ្យដឹងថា​ មាន​សាកសព​ចំនួន៤​ ត្រូវ​បានគេរកឃើញ​កាលពីយប់ថ្ងៃសៅរ៍​។ ក្រៅពីនេះ​ មាន​អ្នកជំងឺចំនួន​៨នាក់​នៅឯមន្ទីរ​ពេទ្យ​សម្រាកព្យា​បាល​កូវីដ​មួយកន្លែង​ក៏បានស្លាប់បាត់បង់ជីវិតដែរ​ បន្ទាប់ពី​ថាមពល​ផ្គត់ផ្គង់​តទៅបំពង់​ជំនួយខ្យល់ដង្ហើម​ត្រូវបានកាត់ផ្តាច់​។

នៅផ្នែកខ្លះ​នៃរដ្ឋមាហារ៉ាស្ត្រា​ ទឹកលិចឡើងដល់កម្ពស់​ជិត ៦ម៉ែត្រ​កាលពីថ្ងៃព្រហស្បតិ៍​ ក្រោយ​​ភ្លៀង​បាន​ធ្លាក់ខ្លាំង​ឥត​ឈប់​ក្នុង​រយៈ​ពេល​តែ ​២៤​ម៉ោង។ តែបន្ទាប់ពីមកនោះ​ កម្រិតទឹក​បានចាប់ផ្តើមស្រកទៅវិញ​។

នៅខណៈពេលនេះ​ ភ្នាក់ងារ​ជួយសង្គ្រោះឥណ្ឌា​កំពុងធ្វើការ​នៅត្រង់ចំណុច​ដែល​មាន​ដីភក់​ជ្រៅ​កប់ខ្លាំង​ដល់ចង្កេះ​ ដើម្បី​ស្វែង​រក​មនុស្ស​ចំនួនប្រមាណ​ ១០០ នាក់​ដែល​កំពុង​បាត់ខ្លួន ដោយ​មាន​ជំនួយបន្ថែម​ពីក្រុម​អ្នក​ជីករាវរកមនុស្ស​។

តាមពិតទៅ​ គ្រោះ​ទឹក​ជំនន់​និងការ​បាក់ដី​គឺជា​រឿង​កើតឡើងធម្មតា​ទៅហើយ​ នៅឥណ្ឌា​ក្នុងខែកក្កដានេះ ពីព្រោះវាថា​ស្ថិតនៅក្នុងរដូវវស្សា​​ (ចាប់ពី​ខែមិថុនា​ដល់ខែកញ្ញា)​ ដែលមានភ្លៀងធ្លាក់ច្រើន។ ក៏ប៉ុន្តែ​ ជំនន់ទឹកភ្លៀងនៅឆ្នាំនេះ​កំណាចជាងមុនខ្លាំង​ដោយសារ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។ សីតុណ្ហភាព​ទឹក​ដែលកាន់​តែ​ឡើង​បណ្តាល​ឲ្យ​ខ្យល់ខាង​លើ​កាន់តែ​ក្តៅ​និង​មាន​សំណើម​កាន់តែច្រើន​បង្កឲ្យ​ភ្លៀងធ្លាក់ខ្លាំង​។ នេះបើតាម​ការអះអាង​របស់ក្រុមអ្នកជំនាញ​។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ​ ផលប៉ះពាល់​បណ្តាលមក​ពី​ការប្រែប្រួល​អាកាសធាតុ​គឺស្តែង​ឲ្យឃើញកាន់តែច្បាស់ណាស់​។ គ្រោះ​ទឹកជំនន់​ដ៏កំណាច​ដែល​បាន​កើតឡើងនៅអឺរ៉ុប​ ចិន​ និង​ផ្នែកផ្សេងទៀត​នៃពិភពលោក​គឺស្រដៀងនឹងអ្វី​ដែលកំពុងកើតឡើង​នៅឥណ្ឌា​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI