ប៉េកាំងទាមទារឱ្យអាមេរិកឈប់បង្កាច់បង្ខូចឈ្មោះចិន និងឈប់មើលចិនជាសត្រូវ
ចុះផ្សាយនៅថ្ងៃ៖
អនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោកស្រី Wendy Sherman បានអញ្ជើញទៅដល់ក្រុង Tianjin ប្រទេសចិនកាលពីថ្ងៃអាទិត្យទី ២៥កក្កដា និងត្រូវជួបសន្ទនាជាមួយសមភាគីចិន លោក ចៀ ហ្វឹង Xie Feng នៅថ្ងៃចន្ទទី ២៦កក្កដានេះ។ នេះជាជំនួបជាន់ខ្ពស់ការបរទេសចិន-អាមេរិកលើកដំបូង គិតចាប់តាំងពីលោកចូបៃដិន បានចូលកាន់តំណែងមក។ ក្នុងជំនួបនេះ ប៉េកាំងបានទាមទារឱ្យអាមេរិកឈប់បង្កាច់បង្ខូចចិន។
មហាអំណាចពិភពលោកចិននិងអាមេរិក នៅតែមើលមុខគ្នាចំលើសំណុំរឿងជាច្រើន តាំងពី សំណុំរឿងសិទ្ធិមនុស្ស បច្ចេកវិទ្យា ពាណិជ្ជកម្ម ឬបញ្ហាហុងកុង... ដំណើរមកដល់និងជំនួបលើកដំបូងរបស់អ្នកទទួលខុសត្រូវការទូតអាមេរិកលំដាប់ទីពីរជាមួយសមភាគីចិនលើទឹកដីចិនប្រព្រឹត្តទៅដោយតានតឹងបំផុត និងដោយគ្មានអញ្ជើញអ្នកសារព័ត៌មានណាម្នាក់ឱ្យចូលរួមទេ។
លោកអនុរដ្ឋមន្ត្រីការបរទេសចិន បានចោទប្រកាន់និងទម្លាក់កំហុសទាំងអស់ទៅអាមេរិក ថាជាអ្នកធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរធ្លាក់ក្នុងភាពទ័លច្រក នាពេលនេះ។ សហរដ្ឋអាមេរិកត្រូវតែឈប់បង្កាច់បង្ខូចចិន ឈប់ចោទថាចិនជាចក្រភពចោរអ៊ីនធ័រនែត ចក្រភពអាក្រក់ និងឈប់សំឡឹងមើលចិនជាសត្រូវ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់លោកអនុរដ្ឋមន្ត្រីចិន ដោយបានបញ្ជាក់ថាទៀត អាមេរិកត្រូវតែប្តូរផ្លាស់គំនិតខុសឆ្គង និងនយោបាយដ៏គ្រោះថ្នាក់់នេះចេញ។
សូមបញ្ជាក់ថា តាំងពី ចូលកាន់តំណែងនៅសេតវិមានមក លោកចូបៃដិនពុំបានប្តូរផ្លាស់នយោបាយលើកទណ្ឌកម្មពាណិជ្ជកម្មពីប៉េកាំងទេ តែបានថែមទាំងទៅបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តឱ្យមកផ្តុំកម្លាំងប្រជាធិបតេយ្យជាធ្លុងមួយប្រឆាំងនឹងចិនដែលកាន់តែផ្តាច់ការ និងកំណាចឡើងៗ។
ការប្រកាន់នយោបាយប្រឈមតតាំងនឹងចិនគ្រប់វិស័យរបស់វ៉ាស៊ីនតោន និងធ្វើសហប្រតិបត្តិការលើវិស័យណាដែលអាចសហការបាន ជានយោបាយឆ្លៀតឱកាសនិងជាអន្ទាក់នៃការប្រកួតប្រជែងប៉ុណ្ណោះ។ យុទ្ធសាស្ត្រអាមេរិកបែបនេះ សម្រាប់ប្រជាជនចិនគឺជាការប៉ុនប៉ងបន្ទុចបង្អាក់ និងបង្ក្រាបចិន។ នេះជាការអះអាងបន្ថែមរបស់លោក ចៀ ហ្វឹង ទៅកាន់សមភាគីអាមេរិក។
គេពុំឃើញមានសេចក្តីថ្លែងការណ៍របស់លោកស្រីអនុរដ្ឋមន្ត្រីការបរទេសអាមេរិកចេញផ្សាយ ក្រោយជំនួបភ្លាម។ តាមគម្រោង ជំនួបនេះជាឱកាសដែលវ៉ាស៊ីនតោន ត្រូវបញ្ជាក់អំពីជំហរនយោបាយ និងអំពីអ្វីដែលភាគីម្ខាងៗចង់បានពីទំនាក់ទំនងល្អចិន-អាមេរិក។ កម្មវត្ថុចំបងមួយទៀត គឺការរៀបចំជំនួបកំពូលរវាងលោកស៊ីជីនពីង និងលោកចូបៃដិន នៅថ្ងៃខាងមុខ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ