ថៃ-អង្គការយូណេស្កូ

យូណេស្កូដាក់បញ្ចូលព្រៃដ៏ចម្រូងចម្រាសមួយរបស់ថៃ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

នៅថ្ងៃទី ២៧​កក្កដា ២០២១ នៅមុខទីស្នាក់ការ​របស់អង្គការ​យូណេស្កូ​ក្នុង​ទីក្រុង​បាងកក ជនជាតិដើមភាគតិចការ៉ែន ដែលប្រឆាំង​នឹង​ការបណ្តេញចេញពីដីភូមិ​ក្នុង​តំបន់ព្រៃ​កែងក្រចាន បាន​ធ្វើបាតុកម្ម​តវ៉ា​នឹង​ការសម្រេច​របស់អង្គការ​យូណេស្កូ ដែលបាន​សម្រេច​ដាក់​ព្រៃ​កែងក្រចានរបស់ថៃ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃចន្ទ​ទី ២៦​កក្កដា ២០២១
នៅថ្ងៃទី ២៧​កក្កដា ២០២១ នៅមុខទីស្នាក់ការ​របស់អង្គការ​យូណេស្កូ​ក្នុង​ទីក្រុង​បាងកក ជនជាតិដើមភាគតិចការ៉ែន ដែលប្រឆាំង​នឹង​ការបណ្តេញចេញពីដីភូមិ​ក្នុង​តំបន់ព្រៃ​កែងក្រចាន បាន​ធ្វើបាតុកម្ម​តវ៉ា​នឹង​ការសម្រេច​របស់អង្គការ​យូណេស្កូ ដែលបាន​សម្រេច​ដាក់​ព្រៃ​កែងក្រចានរបស់ថៃ​ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃចន្ទ​ទី ២៦​កក្កដា ២០២១ REUTERS - Sukree Sukplang

កែង ក្រចាន ព្រៃដ៏ចម្រូងចម្រាស​របស់​ប្រទេស​ថៃ ត្រូវបានអង្គការ​យូណេស្កូ​ដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃ​ចន្ទ ទី ២៦ កក្កដា​ បើទោះបី​ជា​មាន​ការព្រមាន​ពីការរំលោភសិទ្ធិមនុស្សទៅលើ​ជនជាតិ​ដើមភាគតិច ដែលរស់នៅក្នុង​តំបន់ព្រៃកែងក្រចានក្តី។ នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ​ ចាន់អូចា​វិញ បាន​សរសេរ​សារ​អបអរ​ស្វាគម​ការសម្រេចចិត្ត​របស់​អង្គការ​យូណេស្កូ និង​បាន​សន្យា​ការពារតំបន់​ព្រៃ​កែងក្រចាន​ ទៅតាម​បទដ្ឋាន​អន្តរជាតិ។

ផ្សាយពាណិជ្ជកម្ម

សម្រាប់រដ្ឋមន្រ្តីធនធានធម្មជាតិ និង​បរិស្ថានថៃ លោក វរយុទ្ធ ស៊ីល្បៈ អាឆា ការសម្រេច​របស់​ អង្គការ​យូណេស្កូ​ដើម្បីដាក់​តំបន់ព្រៃ កែងក្រចាន​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក គឺជា​អំណោយដ៏ធំ​មួយសម្រាប់ប្រជាជន​ថៃ។

ជាង​១០ឆ្នាំមកហើយ ប្រទេសថៃបាន​ព្យាយាមខ្លាំងណាស់ ដើម្បីសុំ​ដាក់បញ្ចូល​តំបន់ព្រៃ​កែងក្រចាន​ក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក។ តាម​រដ្ឋមន្រ្តីបរិស្ថានថៃ បន្ទាប់​ពី​ចំណាយពេល​អស់ ១៦ឆ្នាំ និង​ព្យាយាម​អស់ ៣លើក រាជរដ្ឋាភិបាល​ថៃ នៅទីបំផុតបាន​សម្រេច​ជោគជ័យ ព្រោះថា ​នៅក្នុង​កិច្ចប្រជុំ​ កាលពីថ្ងៃចន្ទ (លើកទី ៤៤) ​គណៈកម្មាធិការ​យូណេស្កូ ដែលមាន​សមាជិក ជា​អ្នកតំណាង​ប្រទេស​ចំនួន​២១ បានសម្រេច​​បោះឆ្នោត​យល់ព្រម (១២គាំទ្រ និង​៩ប្រឆាំង)​ឲ្យ​ដាក់បញ្ចូល​តំបន់ព្រៃ កែងក្រចាន​​របស់​ប្រទេស​ថៃ ទៅក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក។ តាម​ក្រសួងបរិស្ថានថៃ ប្រទេស​ចិន និង​រុស្ស៊ី ស្ថិតនៅក្នុង​ចំណោមប្រទេស​ដែល​គាំទ្រ​សំណើ​របស់​រាជរដ្ឋាភិបាលថៃ។

នៅក្នុង​សារហ្វេសប៊ុក​កាលពីថ្ងៃ​អង្គារ នាយករដ្ឋមន្រ្តី​ថៃ លោកប្រាយុទ្ធ ចាន់អូចា​បាន​អះអាងថា អំណើះតទៅ រដ្ឋាភិបាល​នឹង​ស្តារព្រៃ ជំរុញ​ការអភិវឌ្ឍន៍​ជីវភាពរស់នៅ និង​សិទ្ធិមនុស្ស​របស់​ប្រជាជន​ក្នុង​តំបន់​ព្រៃកែងក្រចាន។

ស្ថិតនៅ​ភាគខាងលិច ជាប់ព្រំដែន​​ភូមា និង​មានផ្ទៃដី​ទំហំ ៤៨០ ០០០ហិចតា  តំបន់​ព្រៃកែងក្រចាន មានរួមបញ្ចូលឧទ្យានជាតិ​ចំនួន ៣ និង​ជម្រកសត្វព្រៃ១កន្លែង។ នេះបើតាម​ការប្រកាស​របស់​អង្គការ​យូណេស្កូ កាលពីថ្ងៃ​ចន្ទ។

គណៈកម្មាធិការ​យូណេស្កូ​បាន​សម្រេច​ដាក់ព្រៃកែងក្រចាន ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក ដោយ​មិន​ខ្វល់ស្តាប់តាមការអំពាវនាវ​​របស់​ក្រុមអ្នកជំនាញ​ខាងផ្នែក​សិទ្ធិមនុស្ស ​និង​បើទោះបីមានការតវ៉ាប្រឆាំង​របស់​ប្រជាជនដើមភាគតិច​ការ៉ែន ដែលរស់នៅ​ក្នុង​តំបន់ព្រៃ​កែងក្រចាន។ នៅ​ថ្ងៃ​ចន្ទ សហគមន៍​ជនជាតិ​ដើមភាគតិច​ការ៉ែនដែល​បដិសេធមិនព្រម​ចាកចេញពីដីភូមិ តាម​ការបណ្តេញចេញរបស់អាជ្ញាធរ​ថៃ នាពេលកន្លងមក បានលើកគ្នា​តវ៉ា​នៅទីក្រុង​បាងកក ដើម្បី​​ប្រឆាំង​នឹង​ការដាក់តំបន់ព្រៃកែងក្រចានរបស់​ថៃ​ទៅ​ក្នុង​បញ្ជីបេតិកភណ្ឌពិភពលោក ព្រោះថា សំណើរបស់រដ្ឋាភិបាល​ថៃ គ្មានរាប់បញ្ចូល​ការអភិវឌ្ឍន៍ដែលមាន​ការចូលរួមពី​ជនជាតិដើមភាគតិចការ៉ែនដែល​ជាម្ចាស់ស្រុករស់នៅក្នុង​ព្រៃកែងក្រចាន។

យោងតាម​ការចុះផ្សាយ​របស់​​កាសែត​បាងកកប៉ុស្តដែលដកស្រង់​ផែនទី​របស់កងទ័ពថៃ សហគមន៍ជនជាតិដើម​ភាគតិច​ការ៉ែន មាន​វត្តមានរស់នៅក្នុង​ព្រៃកែងក្រចាន តាំងពី​ឆ្នាំ ១៩១២ ប៉ុន្តែ ឯកសារ​ដែលភាគីថៃ​បាន​ដាក់​ទៅ​គណៈកម្មាធិការ​យូណេស្កូ​ពិនិត្យ និង​បោះឆ្នោត កាលពីថ្ងៃ​ចន្ទ គ្មាននិយាយ​ពីវត្តមាន​របស់​ជនជាតិ​ដើមភាគតិច​ការ៉ែនក្នុង​ព្រៃ​កែងក្រចាននោះទេ។​

កាលពី​ថ្ងៃ​សុក្រ សប្តាហ៍មុន គណៈកម្មការ​សិទ្ធិមនុស្ស​របស់អង្គការ​សហប្រជាជាតិ​ធ្លាប់​បាន​ចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឲ្យ​យូណេស្កូ ពន្យារពេលកិច្ចប្រជុំ និង​បើកការស៊ើបអង្កេត​លើ​ករណី​រំលោភសិទ្ធិមនុស្សក្នុង​​តំបន់ព្រៃកែងក្រចានជាមុនសិន មុន​នឹង​ដាក់តំបន់ព្រៃ​ដ៏ចម្រូងចម្រាស​របស់ថៃ​ទៅក្នុង​​បញ្ជីបេតិកភណ្ឌពិភពលោក។ តាមសេចក្តីថ្លែងការណ៍​របស់​អ្នកជំនាញ​របស់​គណៈកម្មការសិទ្ធិមនុស្ស ជនជាតិដើមភាគតិច​ការ៉ែន នៅក្នុង​តំបន់ព្រៃ​កែងក្រចាន ​កំពុងរងគ្រោះ​ធ្ងន់ធ្ងរ​ដោយការរំលោភសិទ្ធិមនុស្ស ដូចជាការបណ្តេញចេញដីភូមិ ហើយនិងការចាប់ខ្លួន ក្នុងបទ​ឈ្លានពានដីឧទ្យានជាតិ។ តាម​អ្នកជំនាញសិទ្ធិមនុស្ស ជនជាតិដើមភាគតិចការ៉ែន៨០នាក់ ដែលរស់នៅក្នុង​ព្រៃ កែងក្រចានត្រូវ​បាន​អាជ្ញាធរថៃ​ចាប់ខ្លួន  នៅឆ្នាំនេះ នៅក្នុង​នោះ ២០នាក់ត្រូវ​ចោទប្រកាន់ពីការប្រព្រឹត្តបទឧក្រិដ្ឋ ក្នុងរឿងរំលោភឈ្លានពាន​ដីឧទ្យានជាតិ​ក្នុង​តំបន់ព្រៃកែងក្រចាន។

សូមបញ្ជាក់ដែរថា ដោយសារ​តែបញ្ហា​សិទ្ធិមនុស្ស អង្គការ​យូណេស្កូ ធ្លាប់បាន​សម្រេច​មិន​ដាក់ព្រៃកែងក្រចាន​ក្នុង​បញ្ជីបេតិកភណ្ឌ​ពិភពលោក ទៅតាម​ការស្នើសុំ​របស់​ថៃ កាលពី​ឆ្នាំ ២០១៦ និង​ឆ្នាំ ២០១៩៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI