ចិនកាត់ទោសមហាសេដ្ឋីម្នាក់ ដែលរិះគន់រដ្ឋាភិបាល ឲ្យ​ជាប់ពន្ធនាគារ ​១៨ឆ្នាំ

មហាសេដ្ឋី​ លោក ស៊ិន ដាវូ (Sun Dawu)​  មានកេរ្តី៍​ឈ្មោះ​ខ្លាំង​ខាង​ឧស្សាហកម្ម​កសិកម្ម ។ រូបថត ឆ្នាំ​២០១៩
មហាសេដ្ឋី​ លោក ស៊ិន ដាវូ (Sun Dawu)​  មានកេរ្តី៍​ឈ្មោះ​ខ្លាំង​ខាង​ឧស្សាហកម្ម​កសិកម្ម ។ រូបថត ឆ្នាំ​២០១៩ Noel Celis AFP/Archivos

តុលាការ​ចិន នៅថ្ងៃទី​២៨កក្កដា បាន​សម្រេច​កាត់ទោស​មហាសេដ្ឋី​ចិន​ម្នាក់​ ឲ្យ​ជាប់​ពន្ធនាគារ ១៨ឆ្នាំ ចំពោះ​បទល្មើស​ជាច្រើន​ករណី។ ក៏ប៉ុន្តែ ​មេធាវី​ការ​ពារ​ មហាសេដ្ឋីរូបនេះ បាន​បញ្ជាក់ថា « តុលា​ការកាត់​​ក្តីមិនត្រឹមត្រូវ ហើយ​រំលោភបំពានសិទ្ធ​របស់​ជន​ជាប់ចោទ » ។ មហាសេដ្ឋីចិន រូបនេះ ត្រូវ​គេ​ស្គាល់​ថា ជាអ្នក​មាន​លុយម្នាក់​ ដែល​តែងតែ​រិះគន់​រដ្ឋអំណាច​និង​មន្ត្រី​​មូលដ្ឋាន ចំពោះ​ចំណាត់​ការ​មិន​ល្អ​មួយ​ចំនួន​ នាពេលកន្លងទៅ​។​

ផ្សាយពាណិជ្ជកម្ម

មហាសេដ្ឋី​ លោក ស៊ិន ដាវូ (Sun Dawu)​  មានកេរ្តី៍​ឈ្មោះ​ខ្លាំង​ខាង​ឧស្សាហកម្ម​កសិកម្ម ។ ​បង្កើត​ជំនួញ​ចិញ្ចឹម​មាន់ និងជ្រូក​ នៅឆ្នាំ​១៩៨៤ លោក​​ចេះតែ​កាក់កប រហូត​ពង្រីក​មុខរបប​ផ្នែកសុខាភិបាល និង​ទេសចរណ៍។ ជំនួញ​ចេះតែមាន​លាព ក្រុមហ៊ុនរបស់​​លោក​ បាន​បង្កើត​សាលារៀន​ និង​មន្ទីរពេទ្យ បន្ថែមទៀត។​ កេរ្តិ៍​ឈ្មោះសេដ្ឋីរូបនេះ ​ល្បីរន្ទឺ​ពាសពេញប្រទេស​ ពិសេស​​តំបន់​ភាគខាងជើងប្រទេសចិន។

​មហាសេដ្ឋីវ័យ​៦៧ឆ្នាំ​និងក្រុមគ្រួសារ​​ ​ត្រូវ​កម្លាំង​សមត្ថកិច្ចចិន ​ចាប់ឃុំខ្លួន នៅចុង​ឆ្នាំ​២០២០ បន្ទាប់​មាន​ជម្លោះ​ក្តីក្តាំ រឿង​ដីធ្លីកសិកម្ម​មួយ​កន្លែង​ នៅ​ក្នុង​​ខេត្ត​ហឺប៉ី។ តុលាការ​​ចិន ថ្ងៃទី​២៨កក្កដា បាន​​កាត់​ទោស​រូបលោក ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៨ឆ្នាំ ហើយ​ពិន័យ​ជាប្រាក់បន្ថែម ចំនួន​ ៣,១១លាន​យ៉ន់ ប្រហែលស្មើ​នឹង​ ៤០៥ ០០០ អឺរ៉ូ​។ លោកសេដ្ឋី​ចិន​នេះ បាន​ជាប់​បទ​ចោទ​ជាច្រើន​ករណី ដូចជា បទល្មើស​ចម្រាញ់រ៉ែខុសច្បាប់, កាន់កាប់​ដីកសិកម្ម​ខុសច្បាប់, ប្រមូលផ្តុំ​គ្នា​បង្កការរាំងស្ទះ​ដល់​ស្ថាប័ន​រដ្ឋ ឬ​បទពិរុទ្ធ​ បង្កចលាចល​ ជាដើម។​

លោក​មហាសេដ្ឋី​ ធ្លាប់​មាន​ទំនាស់​នឹង​ផ្លូវ​ច្បាប់​ម្តង​ហើយ កាល​ពី​ឆ្នាំ​២០១៣ ដែល​កាលណោះ លោក​ត្រូវតុលាការ​កាត់ទោស​ដាក់ពន្ធនាគារ ​ ៤ឆ្នាំ ពី​បទ​ប្រមូល​មូលនិធិ​សម្រាប់​ក្រុមហ៊ុន ដោយខុសច្បាប់ គ្មាន​ការអនុញ្ញាត​ពី​ធនាគារកណ្តាល​ចិន។ ប៉ុន្តែ ទោស​កាលនោះ ត្រូវ​ព្យួរ។

​មុន​ពេល​ចាប់​ខ្លួន ​នៅចុង​ឆ្នាំ​២០២០ មហាសេដ្ឋីចិន ស៊ិន ដាវូ ធ្លាប់​បាន​រិះគន់​អាជ្ញាធរ​ចិន ចំពោះ​​ចំណាត់ការ​ជំងឺ​កូវីដ នៅពេល​ដែល​មេរោគ​នេះ​រាតត្បាត​ ពី​ដំបូងៗឡើយ​​។ ​​នាពេល​កន្លងទៅ  លោកក៏ធ្លាប់​រិះគន់​អាជ្ញធរ​ចិន ដែល​ចាត់​ការ​មិន​បាន​ត្រឹមត្រូវ ជុំវិញ​រឿង​សម្លាប់​ជ្រូ​ក​រាប់​លាន​ក្បាល ព្រោះតែ​ជំងឺ​ផ្តាសាយ​ជ្រូក។

ជាទូទៅ លោកសេដ្ឋីចិននេះ​ ត្រូវ​គេ​ចាត់ទុកថា ជាមនុស្ស​មាត់​ឆៅ និយាយ​ត្រង់ និងជាអ្នក​​រិះគន់​ចំណុច​ប្រហោង​របស់​រដ្ឋ​អំណាច​។ ការកាត់ទោស​លោកសេដ្ឋីកសិកម្ម​ នៅពេលនេះ ជា​ការ​សំពង​ព្រនង់បន្ថែមទៀត ចំពោះ​អ្នកមានលុយ នៅក្នុងវិស័យ​​​​ឯកជន​ ដែល​ប្រឆាំង ឬ​រិះគន់​ ប្រព័ន្ធដឹកនាំកុម្មុយនីស្ត​ចិន​៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI