ថៃ-វិបត្តិកូវីដ

ថៃទាញសញ្ញាអាសន្នពីការខ្វះគ្រែសម្រាប់ព្យាបាលអ្នកជំងឺកូវីដ

បុគ្គលិកពេទ្យ​បន្ថែម​ម៉ាស៊ីន​ថតX-rayនៅ​មន្ទីរពេទ្យដែលបង្កើតថ្មី​សម្រាប់​ដាក់ជំងឺកូវីដ នៅក្នុង​បន្ទាយទាហាន​ក្នុង​ក្រុង​បាងកក ថ្ងៃទី ២ ខែ​កក្កដា ២០២១
បុគ្គលិកពេទ្យ​បន្ថែម​ម៉ាស៊ីន​ថតX-rayនៅ​មន្ទីរពេទ្យដែលបង្កើតថ្មី​សម្រាប់​ដាក់ជំងឺកូវីដ នៅក្នុង​បន្ទាយទាហាន​ក្នុង​ក្រុង​បាងកក ថ្ងៃទី ២ ខែ​កក្កដា ២០២១ AP - Sakchai Lalit

ក្រសួងសុខាភិបាល​ថៃ បាន​ទាញសញ្ញាអាសន្ន​ពី​ការខ្វះគ្រែ នៅតាម​មន្ទីពេទ្យ និង​ មណ្ឌល​ចត្តាឡីស័ក​សម្រាប់​ដាក់អ្នកជំងឺកូវីដ។ តាមការប្រកាស​របស់​ក្រសួងសុខាភិបាល​ថៃ នៅថ្ងៃ​ព្រហស្បតិ៍ ក្នុងរយៈពេលតែ ២៤​ម៉ោង គេរាប់ឃើញ​អ្នកឆ្លងកូវីដថ្មី ចំនួន ១៧ ៦៦៩ និង​មាន​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ ចំនួន ១៦៥នាក់។ នេះ​ជាតួលេខ​ដ៏ច្រើន​បំផុត ​ដែល​ប្រទេស​ថៃ មិនធ្លាប់​ជួបប្រទះ ចាប់តាំង​ពីជំងឺកូវីដ រាតត្បាត​ប្រទេស នៅដើមឆ្នាំ​២០២០។

ផ្សាយពាណិជ្ជកម្ម

ប្រឈម​នឹង​រលកទី៣​នៃជំងឺកូវីដ ដែល​បង្ក​ដោយ​មេរោគបំប្លែងខ្លួន ដែលតា ប្រទេស​ថៃ​មាន​ចំនួន​ករណីឆ្លងថ្មី និង​អ្នកស្លាប់​ដោយសារ​ជំងឺកូវីដ កើនឡើង លឿនខ្លាំង នោះបើទោះបី​រដ្ឋាភិបាល​ចេញវិធានការ​រឹតត្បិតនៅក្នុង​ខេត្ត​ជុំវិញបាងកក និង​បម្រាមគោចរ នៅពេលយប់ក្តី។

នៅថ្ងៃ​ព្រហស្បតិ៍ ក្រសួងសុខាភិបាល​ថៃ បាន​ប្រកាស​តួលេខអ្នកឆ្លងកូវីដ ប្រមាណ ១៧ ៦៦៩នាក់ ក្នុង​រយៈពេល​តែ​២៤ម៉ោង។ ចំណែក​អ្នកស្លាប់​មាន​ចំនួន ១៦៥នាក់។ ជាចំនួន​ដ៏ច្រើនបំផុត ដែល​ធ្វើ​ឲ្យ​ប្រទេស​ថៃ មាន​មនុស្ស​ស្លាប់​ដោយសារ​ជំងឺកូវីដ សរុប ៤៥៦២នាក់។

ការកើនឡើង ក្នុង​សន្ទុះដ៏លឿន នៃ​ចំនួន​ករណីអ្នកឆ្លងកូវីដ​ថ្មី កំពុង​ទៅដាក់​សម្ពាធ​ប្រព័ន្ធ​សុខាភិបាល​របស់​ប្រទេស​ថៃ។ នៅ​ក្នុង​សន្និសីទ​កាសែត កាលពី​ថ្ងៃ​ព្រហស្បតិ៍ អគ្គនាយក​នៃ​នាយកដ្ឋាន​សេវាវេជ្ជសាស្រ្ត​របស់ក្រសួងសុខាភិបាល​ថៃ លោក ស៊ុំស័ក្ត អក្ខស៊ីន បាន​បញ្ជាក់​ត្រង់ៗថា មន្ទីរពេទ្យ​គ្មាន​គ្រែគ្រប់គ្រាន់​សម្រាប់​ព្យាបាល​អ្នកជំងឺកូវីដ។ នៅតាម​មន្ទីរពេទ្យ​ធំៗ បន្ទប់សង្រ្គោះបន្ទាន់ ត្រូវចាល់ដោយ​អ្នកជំងឺកូវីដ ព្រោះ​ត្រូវ​ទទួល​ព្យាបាលអ្នកជំងឺ លើសសមត្ថភាព​ដែលខ្លួន​មាន។

ជាក់ស្តែង បើតាម​លោក ស៊ុំស័ក្ត អក្ខរស៊ីន មន្ទីរពេទ្យ​នៅ​ទីក្រុង​បាងកក​មាន​សមត្ថភាព ទទួល​អ្នកជំងឺថ្មី ប្រមាណ​១ពាន់​នាក់ ក្នុង​មួយថ្ងៃ ប៉ុន្តែ នៅ​ថ្ងៃ​ព្រហស្បតិ៍តែមួយថ្ងៃនេះ ចំនួន​អ្នកកូវីដ​ថ្មី ដែលត្រូវ​ចូលព្យាបាល​នៅ​មន្ទីរពេទ្យ មាន​ដល់​ទៅ ៤០០០នាក់។

តាម​មន្រ្តីសុខាភិបាល​ថៃ​ដដែល បើទោះបីជា​រដ្ឋាភិបាល ណែនាំ​ឲ្យ​គេ​ធ្វើ​ចត្តាឡីស័ក នៅតាម​ផ្ទះ សម្រាប់អ្នកដែល​មិនធ្លាក់ខ្លួនឈឺ​ធ្ងន់ធ្ងរ ប៉ុន្តែ គេ​នៅតែ​ប្រឈម​បញ្ហា​ផ្គត់ផ្គង់​ថ្នាំព្យាបាល​សម្រាប់អ្នកជំងឺនៅតាមផ្ទះ។ លើសពីនោះ មណ្ឌលចត្តាឡីស័ក​របស់​ទីក្រុង​បាងកក ចាប់ផ្តើម​ពេញ អស់កន្លែង​សម្រាប់ទទួលអ្នកថ្មី។

នៅ​ថ្ងៃ ពុធ អាជ្ញាធរ​ថៃ បាន​ប្រែក្លាយ ឃ្លាំងដាក់ទំនិញ នៅ​ព្រលានយន្តហោះ​ដនមឿង​ទៅ​ជា​មន្ទីរពេទ្យ សម្រាប់​ដាក់គ្រែ ទទួល​អ្នកជំងឺ​មិនសូវធ្ងន់ ចំនួន ១៨០០នាក់។ ប៉ុន្តែ បើតាម អគ្គនាយក​នាយកដ្ឋាន​សេវាវេជ្ជសាស្រ្តថៃ បើទោះបី​ជា​គេ​បន្ថែមគ្រែ និង សុំ​ឲ្យ​មន្ទីរពេទ្យ​ឯកជន​ថៃ បើក​បន្ទប់សង្រ្គោះបន្ទាន់ សម្រាប់ ទទួល​យក​អ្នកជំងឺកូវីដ ក៏​គេ​នៅតែ​មិនអាច​មានគ្រែគ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​នឹង​លំហូរ​ដ៏គំហុក​នៃ​ចំនួន​អ្នកជំងឺកូវីដ ​សព្វថ្ងៃ​នេះទេ។

ទោះ​ថៃ មាន​ចំនួន អ្នកឆ្លងថ្មី កើនឡើង​ខ្លាំង នៅ​ថ្ងៃ​ព្រហស្បតិ៍ ប៉ុន្តែ អាជ្ញាធរ​នៅតែ​មិនទាន់​ដឹងថា តើ​កំរិតកំពូល​នៃចំនួន​អ្នកឆ្លងច្រើនបំផុត នៅកើតឡើង​នៅពេល​ណានោះទេ។

ធ្លាប់​ធូរស្រាល​អស់​ជាង​១ឆ្នាំ គិតចាប់តាំង​ពី​មានវិបត្តិកូវីដ​នៅ​ដើម​ឆ្នាំ ២០២០ ថៃ បាន​ជួប​រលកទី ៣ នៅ​ខែ មេសា​ឆ្នាំនេះ ដោយសារ​ករណីផ្ទុះឆ្លងខ្លាំង ដោយសារ​ពិធីបុណ្យជប់លៀង ដែលមានជាប់ទាក់ទង​នឹង​អ្នកនយោបាយ​ថៃ។ នាយករដ្ឋមន្រ្តី​ថៃ លោកប្រាយុទ្ធ ចាន់អូចា បាន​រងការរិះគន់ ក្នុងរឿង​គ្រប់គ្រង​វិបត្តិកូវីដ​មិនបាន​ល្អ និង​ការដំណើរការ​ចាក់វ៉ាក់សាំង​ដ៏​យឺតយ៉ាវ។ រដ្ឋាភិបាល​ថៃ​មាន​គម្រោង​ចាក់វ៉ាក់សាំង​ដល់​ប្រជាជន​របស់ខ្លួន ឲ្យ​បាន ៥០លាននាក់ ពីពេលនេះ រហូតដល់​ចុងឆ្នាំ ២០២១នេះ ប៉ុន្តែ គិតមកដល់​ពេលនេះ មាន​តែ ប្រជាជន ជាង ៥ភាគរយ (៥,៦%) នៃ​ប្រជាជនសរុបជាង ៦៦លាននាក់ ដែល​បាន​ទទួល​វ៉ាក់សាំង ពេញលេញ គ្រប់២ដូស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI