ហ្វីលីពីន-សហរដ្ឋអាមេរិក

សមុទ្រចិនខាងត្បូង៖ ​ហ្វីលីពីន​ត្រលប់ទៅ​ចាប់ដៃ​ជាមួយ​សម្ព័ន្ធមិត្ត​អាមេរិក

រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin ចាប់ដៃ​ជាលើកទី១ ជាមួយ​ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅអំឡុង​ទស្សនកិច្ច​របស់លោក​នៅ​ហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ទី ២៩​កក្កដា ២០២១
រដ្ឋមន្រ្តីការពារជាតិអាមេរិកលោក Lloyd Austin ចាប់ដៃ​ជាលើកទី១ ជាមួយ​ប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte នៅអំឡុង​ទស្សនកិច្ច​របស់លោក​នៅ​ហ្វីលីពីននៅថ្ងៃព្រហស្បតិ៍ទី ២៩​កក្កដា ២០២១ via REUTERS - MALACANANG PRESIDENTIAL PHOTO

ប្រធានាធិបតីហ្វីលីពីន លោក​ឌុយទែរតេ បាន​ប្តូរចិត្ត ត្រលប់​មក​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាមេរិកឡើងវិញ។ នេះបើតាម​ការប្រកាស​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​ហ្វីលីពីន នៅក្នុង​ឱកាស​ទស្សនកិច្ច​របស់​ប្រមុខការពារ​ជាតិ អាមេរិក លោក ឡយ អូស្តីន នៅទីក្រុង​ម៉ានីល នៅថ្ងៃ​សុក្រនេះ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សន្និសីទរួម​ជាមួយ​សមភាគីអាមេរិក នៅថ្ងៃសុក្រនេះ រដ្ឋមន្រ្តីការពារ​ហ្វីលីពីន លោក Delfin Lorenzana បាននិយាយ​ថា បន្ទាប់ពី ពិភាក្សា​ជាមួយ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍ លោក​ប្រធានាធិបតី​ហ្វីលីពីន ឌុយទែរតេ​បាន​ប្តូរជំហរ ដោយ​សម្រេច​ដក​យកមកវិញ លិខិត​សម្រាប់​កិច្ចព្រមព្រៀងស្តីពី​វត្តមាន​ទ័ពអាមេរិក​នៅ​ហ្វីលីពីន។​

លោកប្រធានាធិបតី​ឌុយទែរតេ​ធ្លាប់​បាន​ប្រាប់​អាមេរិក កាលពី​ខែ កុម្ភៈ​ឆ្នាំមុនថា លោក​គ្រោង​នឹង​បិទបញ្ចប់​កិច្ចព្រមព្រៀង​យោធា​ជាមួយ​អាមេរិក ពោល​គឺ នៅបន្ទាប់​ពី​លោក​ឌុយទែរតេ ខឹង​រដ្ឋបាល​អាមេរិកដែល​​បដិសេធ​មិន​ផ្តល់​ទិដ្ឋាការ​ដល់​មេប៉ូលិស​ហ្វីលីពីន ដែលអាមេរិក​ចោទប្រកាន់​ថា មាន​ជាប់ទាក់ទង​​នឹងសង្រ្គាមបង្ហូរឈាម​ទៅលើ​អ្នកជួញដូរថ្នាំញៀន នៅហ្វីលីពីន។

តាមការប្រកាស​របស់​រដ្ឋមន្រ្តីការពារ​ជាតិ​ហ្វីលីពីន កិច្ចព្រមព្រៀង​ស្តីពី​វត្តមានទ័ព​អាមេរិក​នៅហ្វីលីពីន​បាន​ចាប់មាន​សុពលភាព ជាផ្លូវការឡើងវិញ។ បង្កើតឡើង​នៅ​ឆ្នាំ ១៩៩៨ កិច្ចព្រមព្រៀង​ស្តីពី​វត្តមានទ័ពអាមេរិក​នៅ​ហ្វីលីពីន អនុញ្ញាត​ឲ្យ​អាមេរិក​ចូលរួម​ធ្វើ​សមយុទ្ធ​ជាមួយ​ហ្វីលីពីន និង​ផ្តល់ជំនួយ​យោធាដល់​សម្ព័ន្ធមិត្ត​ហ្វីលីពីនសម្រាប់​ការប្រយុទ្ធប្រឆាំង​នឹង​ក្រុមភេរវនិយម​។

កិច្ចព្រមព្រៀង​យោធា​អាមេរិក​ហ្វីលីពីនត្រូវបាន​គេ​ឃើញ​ថា ជា​កំពែង​សម្រាប់​ទប់ទល់​ការពង្រីកឥទ្ធិពល​របស់​ចិន នៅក្នុង​តំបន់។ ​ក្នុង​សន្និសីទ​កាសែត​កាលពីថ្ងៃ​សុក្រ រដ្ឋមន្រ្តីការពារ​ជាតិ​អាមេរិក លោក​អូស្តីន បាន​ថ្លែងស្វាគម​ការសម្រេចចិត្ត​របស់​ប្រធានាធិបតី​ឌុយទែរតេ។ តាមប្រមុខការពារ​ជាតិ​អាមេរិក សម្ព័ន្ធភាពអាមេរិក ហ្វីលីពីន ​ដ៏រឹងមាំ និង​ខ្លាំង​ នៅតែ​ដើរតួសំខាន់ សម្រាប់​សន្តិសុខ ស្ថិរភាព និង​ភាពជឿនលឿន​នៅតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។

សម្រាប់​អ្នកជំនាញ ហ្វីលីពីន​បាន​​ប្តូរជំហរ លែងដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​ស្តីពីវត្តមានទ័ព​អាមេរិកនៅហ្វីលីពីន នៅបន្ទាប់​ពីហ្វីលីពីន​កំពុង​ជួបភាពតានតឹង​ជាមួយ​ប្រទេស​ចិន នៅ​សមុទ្រ​ចិនខាងត្បូង។

ជាប់ឆ្នោត ចូលកាន់តំណែង​ជា​ប្រធានាធិបតីហ្វីលីពីន​នៅ​ឆ្នាំ ២០១៦ លោក​​ឌុយទែរតេ ធ្លាប់​ព្យាយាម​ចង់​បែរ​ ដោះដៃចេញពី​សម្ព័ន្ធមិត្ត​អាមេរិក ដើម្បីងាកទៅរកប្រទេស​ចិន។ ប៉ុន្តែ នៅក្រោម​សម្ពាធ​ក្នុង​ស្រុក ហើយនិង​ខឹង​ប្រទេស​ចិន​ដែលនៅតែ​បន្តរំលោភ​ចូល​ក្នុង​ដែនទឹក​របស់​ហ្វីលីពីន ដូចជា ការ​បញ្ជូន​កប៉ាល់រាប់រយ ទៅ​បោះយុថ្កាក្នុង​តំបន់ទឹកហ្វីលីពីន លោក​ប្រធានាធិបតីឌុយទែរតេ​​​បាន​ប្រកាស ​ជំហរ​តឹងរ៉ឹង​​ជាមួយ​ចិន ដោយ​ថា គេ​មិនអាច​ចរចា តថ្លៃ អធិបតេយ្យភាពដែនទឹក​របស់​ហ្វីលីពីននោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI