ចិន-កូវីដ១៩

កូវីដ ៖ ចិនផ្តើម​ព្រួយ​បារម្ភ​នឹង “​ដែលតា” ក្រោយ​រកឃើញករណី​វិជ្ជមាន​ក្នុង​​ជា​ច្រើន​ខេត្ត

ចិន​កំពុង​ផ្តើម​ព្រួយ​បារម្ភ​នៅ​ចំពោះ​ការ​លេច​ឡើង​ជា​ថ្មី​ និង​ជា​បន្ត​បន្ទាប់​ករណី​វិជ្ជមាន​កូវីដ​
ចិន​កំពុង​ផ្តើម​ព្រួយ​បារម្ភ​នៅ​ចំពោះ​ការ​លេច​ឡើង​ជា​ថ្មី​ និង​ជា​បន្ត​បន្ទាប់​ករណី​វិជ្ជមាន​កូវីដ​ © STR / AFP)/ China OUT

ការរាតត្បាត​ចម្លង​កូវីដ​ ដោយ​មេរោគ​បំប្លែង​ខ្លួន​ប្រភេទ​ដែល​តា កំពុង​ធ្វើ​ឱ្យ​ចិន​ព្រួយបារម្ភ។ នៅ​ថ្ងៃ​សៅរ៍​នេះ អាជ្ញាធរ​សុខាភិបាល​ចិន បាន​ប្រកាស​រក​ឃើញ​តំបន់ផ្សេង​ទៀតជា​ច្រើន មាន​ផ្ទុះ​ករណី​ឆ្លង​កូវីដ​១៩ ក្នុង​នោះ​មាន​តំបន់​មួយ​មាន​ប្រជាជន​រស់​នៅ​ជាង​៣១​លាន​នាក់។ នេះ​ជា​រលក​ចម្លង​ថ្មី ដ៏​​​ខ្លាំងចម្បងង​នៅ​ចិន គិត​ចាប់​តាំង​ពីខែ​មេសា​២០២០​មក។

ផ្សាយពាណិជ្ជកម្ម

បើតាម​គណៈកម្មការ​សុខាភិបាល​ជាតិ មានករណី​ឆ្លង​ថ្មី ផ្ទុះ​ឡើង​នៅ​​ក្នុង​ខេត្តចំនួន​១៤  មានជា​អាទិ៍​ ​ខេត្ត​ហ្វូជៀន និងតំបន់​​ចុងឈីង ដោយ​រាប់ឃើញ​មាន​អ្នក​វិជ្ជមាន​នឹង​ ចំនួន ៥៥នាក់។ ជា​សរុប​ ចិន​រាប់​ឃើញ​មាន​ឆ្លង​ថ្មីចំនួន​៣២៨នាក់ គិត​ចាប់តាំង​ពី​ ​ ថ្ងៃ​ដែល​ចិន​រក​ឃើញ​អ្នក​វិជ្ជមាន​កូវីដ​១៩​ ជា​ថ្មី​ដំបូង នៅ​អាកាសយានដ្ឋាន​ណង់គីន ថ្ងៃ​ទី ២០កក្កដា​២០២១​។​ កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កក្កដា អាជ្ញាធរ​ចិន​បាន​ប្រកាស​រក​ឃើញ​មាន​ករណី​ឆ្លងមេរោគកូវីដបំប្លែងខ្លួន​ប្រភេទ​​ដែលតា ​នៅ​ក្នុង​ខេត្ត​ចំនួន​បួន និង​នៅ​ក្រុង​ប៉េកាំង។

ជា​សញ្ញា​នៃការ​ព្រួយ​បារម្ភ​ អាជ្ញាធរ​ចិន​​ដែលធ្លាប់​អះអាង​ថា​គ្រប់គ្រង​ស្ថានការណ៍​រាតត្បាត​កូវីដ​បាន​ទៅ​ហើយ​នោះ បាន​​​សម្រេច​ចាត់​វិធានការ​បិទ​ខ្ទប់តំបន់​​ភ្លាម។ ទីកន្លែង​សាធារណៈ កន្លែង​ទេសចរណ៍​ វប្បធម៌  ត្រូវ​បិទ​ទ្វារ​នៅ​ថ្ងៃ​សៅរ៍​ទី​៣១កក្កដា​នេះ ប្រជាពលរដ្ឋ​ជាង​៩លាននាក់​រស់​នៅក្នុង​ក្រុង​ណង់គីននៃ​ខេត្ត​ជៀនស៊ូ ត្រូវ​ជាប់​បម្រាម​បិទ​ខ្ទប់​ជា​ថ្មី​ឱ្យ​នៅ​តែ​ក្នុង​ផ្ទះ និង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​តេស្ត​កូវីដ​ចំនួន​បី​ដង។ ក្រុង​ទេសចរណ៍Zheangjiajie ​នៃ​ខេត្ត​Hunan ត្រូវ​បិទ​ខ្ទប់​តាំង​ពី​ថ្ងៃ សុក្រមក​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​ផ្លូវការ។ សង្កាត់​មួយ​នៃក្រុង​ប៉េកាំង ក៏ត្រូវ​បាន​បិទ​ខ្ទប់ តាំង​ពី​ថ្ងៃព្រហស្បតិ៍​មក ក្រោយ​ពី​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​ជាលើ​ក​ដំបូង​ភ្លាម។ ពលរដ្ឋ​នៅ​ប៉េកាំង​ត្រូវមានកាតព្វកិច្ច​​ពាក់​ម៉ាស់វិញ។

កូរ៉ូណាវីរុស​ត្រូវ​បាន​គេ​ឃើញ​នៅ​ខេត្ត​វ៉ូហាន ប្រទេស​ចិន កាលពី​ចុង​ខែ​ធ្នូ​ឆ្នាំ​២០១៩​ ប៉ុន្តែ​ដោយ​នយោបាយ​បិទ​ខ្ទប់ តាមដាន​-ដាក់​កំហិត​ការ​ធ្វើ​បំលាស់​ទី និង​ការ​ចាប់​ធ្វើ​ចត្តាឡីស័ក ចិន​អាច​គ្រប់គ្រង​ជំងឺរាតត្បាត​កូវីដ​១៩​បាន ហើយ​​ចាប់​ផ្តើម​រស់​នៅ​ដូច​ធម្មតា តាំង​ពី​​រដូវ​ផ្ការីក​ឆ្នាំ​២០២០​ និង​មាន​ករណី​ស្លាប់​ដោយ​កូវីដ​តែ​២នាក់​ប៉ុណ្ណោះ​គិត​ចាប់​តាំងពី​ខែមេសាឆ្នាំមុនមក។

ប៉ុន្តែ​មេរោគកូវីដ​បំប្លែងខ្លួន​ប្រភេទ​ដែលតា ចម្លង មិន​រើស​មុខ និង​ក្នុង​ល្បឿន​​លឿន​ខ្លាំង​ជាង​មេរោគ​ដើម​លេច​ឡើង​នៅវ៉ូហាន​ឆ្ងាយ​ណាស់។ ការ​ចម្លង​ដែល​តា ជាមេរៀន​​ប្រាប់​ពិភពលោក​ឱ្យ​បញ្ចេញ​សកម្មភាពយ៉ាង​រួសរាន់​បំផុត​ បើ​មិន​ចង់​ឃើញ​មានមេរោគកូវីដ​បំប្លែង​ខ្លួន​ថ្មី​កាន់​តែ​កាច​ កាន់​តែគ្រោះថ្នាក់។ នេះ​ជា​សេចក្តី​អំពាវនាវ​របស់​​អង្គការ​សុខភាព​ពិភពលោក។

បើ​តាម​ឯកសារ​ផ្លូវការ​អាមេរិក​វិញ ដែលតា មាន​សមត្ថភាព​ចម្លង​ខ្លាំង​ដូច​ជំងឺ​អុតស្វាយ និង​​បង្ក​ផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង​​ជាង​មេរោគកូវី​ដដើម។ អ្នក​បាន​​ឆ្លង​មេរោគកូវីដ​ប្រភេទ​ដែលតា ទោះបី​ជា​បាន​ចាក់​ថ្នាំ​បង្ការ​ហើយ​ ក៏​ដោយ ក៏ទំនង​ជា​អាច​ផ្ទុក​មេរោគឱ្យ​​នៅ​ម្តុំ​បំពង់ក និង​ច្រមុះក្នុង​បរិមាណ​ដ៏​ច្រើន ហើយ​​​អាច​ចម្លង​ទៅ​អ្នក​ផ្សេង​បាន​ដែរ។ វាមិនមែន​ជា​ករណី​កម្រទេ ដែល​អ្នក​ចាក់ថ្នាំប​ង្ការ​រួច​អាច​វិជ្ជមាន និងមាន​រោគ​សញ្ញា​កូវីដ​ទៀត​នោះ។ នេះ​បើ​​តាមឯកសារអាមេរិកដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI