ម៉ាឡេស៊ី ៖ បាតកុរ​ ទាមទារ​នាយករដ្ឋមន្ត្រី​ចុះចេញពីតំណែង

បាតុករ​ទាមទារ​ឲ្យ​លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចុះ​ចេញ​ពីតំណែង។​
បាតុករ​ទាមទារ​ឲ្យ​លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចុះ​ចេញ​ពីតំណែង។​ AP - FL Wong

ប្រទេស​ម៉ាឡេស៊ី ថ្ងៃ​សៅរ៍ ទី៣១កក្កដា មាន​បាតុករ​ជាច្រើន​នាក់ ធ្វើ​បាតុកម្ម​នៅ​កណ្តាល​ក្រុង​  Kuala Lumpur​។ ពួក​គេ​ប្រឆាំង​នឹង​ចំណាត់​ការ​របស់​រដ្ឋអំណាច​ម៉ាឡេស៊ី ដែល​ចាត់ការមិនបាន​ល្អ ជុំវិញ​យន្តការទប់​ស្កាត់​កូវីដ​១៩។ មិនតែប៉ុណ្ណោះ បាតុករ​ទាមទារ​ឲ្យ​លោកនាយករដ្ឋមន្ត្រី ចុះ​ចេញ​ពីតំណែង។​

ផ្សាយពាណិជ្ជកម្ម

ជាបាតុកម្ម​ ល្មើស​នឹង​បំរាម​អាជ្ញាធរ!​ នៅ​កណ្តាលក្រុង បាតុករ​រាប់រយនាក់ ក្នុងសម្លៀកបំពាក់​ខ្មៅ ពាក់ម៉ាស់ និងរក្សាគម្លាត​ល្មម​ផង បាន​លើកបដាប្រឆាំង​ និងស្រែក​ទាមទារឲ្យ​លោកនាយករដ្ឋមន្ត្រី មូយីដឌីន យ៉ាស៊ីន (Muhyiddin Yassin) ចុះពីតំណែង​ប្រមុខរដ្ឋាភិបាល​។ តាម​បាតុករ គឺ​ «រដ្ឋាភិបាល​គិតតែពី​ប្រយោជន៍​សេដ្ឋកិច្ច តែបំផ្លាញ​ប្រជាធិតេយ្យ។​» អ្នក​ខ្លះ ក៏សរសេរបដាថា «រដ្ឋាភិបាល​បរាជ័យ» និងថា​ «រាស្ត្រ​កំពុងស្រេក​​ឃ្លាន»​ ជាដើម​។​

ក្រុម​អ្នក​រៀបចំបាតុកម្ម ថា​​ចំនួន​បាតុករ អាចមានច្រើន​រាប់រយពាន់នាក់ តែ​បើ​តាម​ប៉ូលីស ថាមានតែ​ប្រហែលជា​​៤០០នាក់ប៉ុណ្ណោះ​។​ កម្លាំងសមត្ថកិច្ច​​បញ្ជាក់ប្រាប់​បណ្តាញសារព័ត៌មាន​ថា ចំពោះ​បាតុករ​ដែល​រំលោភបំពាន​នឹង​បំរាម​របស់​អាជ្ញាធរ គឺក្រុម​ប៉ូលីស​នឹង​ស៊ើប​ចាប់​ខ្លួន​មក​សួរ​ចម្លើយ។​

ចំណែក​នៅតាម​បណ្តាផ្ទះប្រជាជន ក៏មាន​ទង់ សខ្មៅ បក់​រវិចៗ​តាម​មាត់​បង្អួច​ដែរ ​ដើម្បី​ជាការគាំទ្រ​ដល់​ហ្វូង​បាតុករ​។ និមិត្ត​សញ្ញា​ពណ៌ ស បង្ហាញប្រាប់ថា ពួក​គេ​កំពុង​តែ​ស្រេកឃ្លាន​អាហារ ហើយពណ៌ ​ខ្មៅ គឺ​សំដៅថា អ្នក​កាន់​អំណាចរដ្ឋ ​ត្រូវ​ចុះ​ចេញពី​តំណែង​។​

ឡើង​កាន់តំណែង ​នៅខែមីនា​ឆ្នាំ២០២០ នាយករដ្ឋមន្ត្រីបច្ចុប្បន្ន ពុំ​មែន​ទទួល​តំណែង​ដោយសារការ​បោះឆ្នោត​ត្រឹមត្រូវពី​ប្រជាពលរដ្ឋ​ទេ។ លោក​ទទួលតំណែងពីការជ្រើសតាំងតាម​​ការ​ព្រមព្រៀង​របស់​ពហុ​បក្ស ដើម្បី​បង្កើត​រដ្ឋាភិបាល​ និងក្រោយពី​រដ្ឋាភិបាលចាស់ ​មាន​រឿង​អាស្រូវ​ពុករលួយ។ រដ្ឋាភិបាល​ចម្រុះ​នេះ ក៏​កំពុងតែ​ត្រូវ​ដួល​រលំ​ដែរ ព្រោះ​សម្ព័ន្ធភាព​បក្ស​ ត្រូវ​រង្គោះរង្គើរ និងបក្សខ្លះ​ដកខ្លួន​ចេញ​។​

៦ខែហើយ ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី ប្រកាសដាក់ប្រទេស​ក្នុងភាព​អាសន្ន​ជាតិ។ វិធានការ​នេះ ត្រូវ​ផុត​កំណត់​ត្រឹមថ្ងៃ​អាទិត្យទី១សីហា​​នេះហើយ​​​ តែ​វិធានការ​បិទប្រទេស គឺនៅតែ​បន្ត​អូស​បន្លាយ​។​

ប្រឈម​នឹង​ជំងឺ​កូវីដ​ជាច្រើន​ខែ​​ មាន​យុវជន​ម៉ាឡេស៊ី​ជាច្រើន​នាក់ ​​ខ្លះ​រៀនចប់​មាន​សញ្ញាបត្រ តែគ្មាន​ការងារ​ធ្វើ។ អ្នកខ្លះទៀត បានសម្រេចចិត្ត​សម្លាប់​​ខ្លួន។​ នារីបាតុករ​ម្នាក់​បាន​ប្រាប់​អ្នក​សារព័ត៌មា​ន ​ថា រវាង​៨ម៉ោង​ម្តង មាន​យុវជនម៉ាឡេស៊ី​ម្នាក់​ធ្វើ​អត្តឃាត ពីព្រោះតែ​រូប​គេ​អស់សង្ឃឹម​នឹង​វិបត្តិ​នយោបាយ ការអត់​ការងារធ្វើ ហើយ​វិបត្តិផ្លូវចិត្ត ​ក្នុងសម័យ​កូវីដ​។​

តាម​ទីភ្នាក់ងារ​ព័ត៌មាន​បារាំងAFP ប្រជារាស្ត្រ​ម៉ាឡេស៊ី​ ចំនួនប្រមាណ ​១លាន​១សែននាក់​ បាន​ឆ្លង​មេរោគកូវីដ​ ហើយ​ក្នុងនោះ មាន​ស្លាប់ ជាង ៨ពាន់​ ៨រយនាក់​​ ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI