អាហ្វហ្កានីស្ថាន-តាលីបង់

ពួកតាលីបង់​សម្រុក​វាយប្រហារ​លើ​ទីក្រុង​គន្លឹះ​របស់​អាហ្វហ្កានីស្ថាន

ក្បួនរថយន្តរបស់​កងទ័ព​អាហ្វហ្កានីស្ថាន​នក្រោយ​ប្រយុទ្ធជាមួយ​​ពួកតាលីបង់​ចាប់ខ្លួន នៅ​ក្បែរ​ទីក្រុង​Kandahar នៅថ្ងៃទី ១៣​កក្កដា ២០២១
ក្បួនរថយន្តរបស់​កងទ័ព​អាហ្វហ្កានីស្ថាន​នក្រោយ​ប្រយុទ្ធជាមួយ​​ពួកតាលីបង់​ចាប់ខ្លួន នៅ​ក្បែរ​ទីក្រុង​Kandahar នៅថ្ងៃទី ១៣​កក្កដា ២០២១ REUTERS - Danish Siddiqui

បើក​ការវាយប្រហារ​ពី​គ្រប់ទិស និង​ដណ្តើម​កាន់កាប់​បាន​ទឹកដី​មួយផ្នែក របស់អាហ្វហ្កានីស្ថាន ក្រុមឧទ្ទាម​តាលីបង់ បាន​ចាប់ផ្តើម​ឡោមព័ទ្ធ​ទីក្រុង​គន្លឹះ​ធំៗ​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ នៅយប់​ថ្ងៃសៅរ៍ ឈាន​ចូល​ដល់​ថ្ងៃ​អាទិត្យទី ១​សីហានេះ ព្រលានយន្តហោះ​របស់​ទីក្រុង​ធំទី​២​របស់​អាហ្វហ្កានីស្ថាន​បានរងការបំផ្លាញ ដោយសារ គ្រាប់រ៉ុកកែត​របស់​ពួកតាលីបង់។

ផ្សាយពាណិជ្ជកម្ម

ការហោះហើរ​ចេញចូល នៅ​ព្រលាន​យន្តហោះ នៅ​ទីក្រុងKandahar ភាគខាងត្បូង​អាហ្វហ្កានីស្ថាន ត្រូវ​ផ្អាកទាំងស្រុង បន្ទាប់ពី ផ្លូវចុះចត​តែមួយ ត្រូវ​បំផ្លាញ ដោយសារ គ្រាប់រ៉ុកកែត របស់​ពួកតាលីបង់ កាលពី​យប់ថ្ងៃ​សៅរ៍។ តាម​អ្នកគ្រប់គ្រង​ព្រលាន​យន្តហោះ លោក​Massoud Pashtun គេ​កំពុង​ចាប់ជួសជុល​ផ្លូវយន្តហោះ ឡើងវិញ នៅ​ថ្ងៃអាទិត្យនេះ។

អ្នកនាំពាក្យ​របស់​ពួកតាលីបង់ Zabiullah Mujahid បាន​និយាយ​ប្រាប់ទីភ្នាក់ងារ​ព័ត៌មាន​Reutersថា  ក្រុមខ្លួន​សំដៅ​វាយប្រហារ​លើ​ព្រលាន​យន្តហោះ Kandahar ព្រោះ​សត្រូវ (កងទ័ពរដ្ឋាភិបាល) បាន​ប្រើ​ជា​ទីតាំង​សម្រាប់​បើកការវាយប្រហារ​តាមផ្លូវអាកាស​លើ​ក្រុមខ្លួន។ព្រលាន​យន្តហោះ នៅ​Kandahar មាន​ផងដែរ មូលដ្ឋានទ័ពអាកាស​របស់​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ដែល​ជាប្រភព​ផ្គត់ផ្គង់ សព្វាវុធ និង​កម្លាំងទ័ព​វាយប្រហារ​ទៅលើ​ពួកតាលីបង់។

ចាប់ផ្តើម​វាយប្រហារ ដោយ​មិន​បង្អង់ដៃ ទៅលើ​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន នៅ​៣ខែ​មកនេះ ក្រុមតាលីបង់ ដែល​ដណ្តើមគ្រប់គ្រង ទឹកដី ដាច់ស្រយាល​មួយភាគធំ​របស់​ប្រទេស ចាប់ផ្តើម វាយឡោមព័ទ្ធ​ទីក្រុងធំៗ សំខាន់ៗ​របស់អាហ្វហ្កានីស្ថាន។

ក្រៅពី​Kandahar ទីក្រុង​ធំទី​២​របស់​អាហ្វហ្កានីស្ថាន ក្រុមតាលីបង់​កំពុង​វាយចូលកៀក​ទីក្រុងHérat ទីក្រុង​ធំទី៣ (មានប្រជាជន ៦សែននាក់) និង​ទីក្រុងសំខាន់​របស់​ខេត្ត​Helmand ដែលជាប់​ទីក្រុងKandahar។

ក្រុមតាលីបង់​សំដៅវាយប្រហារ​ចង់បាន​ទីក្រុង​Kandahar ដែលក្រុមនេះធ្លាប់​យកជា​ទីតាំរដ្ឋាភិបាល ក្នុងអំឡុង​អំណាច​គ្រប់គ្រង​អាហ្វហ្កានីស្ថាន​ពី​ឆ្នាំ​១៩៩៦ ដល់​ឆ្នាំ ២០០១។

ប្រសិន​បើ​Kandahar ទីក្រុង​ធំទី​២​របស់​អាហ្វហ្កានីស្ថាន​ធ្លាក់​ក្នុង​ដៃ​របស់ក្រុមឧទ្ទាម​តាលីបង់ នោះ គឺ​ជា​គ្រោះមហន្តរាយ​ដ៏ធំ សម្រាប់ រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ វា​នឹង​ប៉ះពាល់ ជាពិសេស ដល់​ទឹកចិត្ត​ប្រយុទ្ធ​របស់​កងទ័ព​អាហ្វហា្កនីស្ថាន ដែលចាប់ផ្តើម​ធ្លាក់ចុះ​រួចហើយ នៅក្រោយ​កងទ័ព​បរទេស កងទ័ព​អាមេរិក ដកខ្លួន​ចេញ​ពី​អាហ្វហ្កានីស្ថាន។

បើក្រុមតាលីបង់​អាច​វាយដណ្តើម​យកបាន​ទីក្រុង​ធំៗ​របស់​អាហ្វហ្កានីស្ថាន នោះនឹង​មាន​ចំណោទសួរ ចំបង ពី​សមត្ថភាព​ការពារ​ប្រទេស​របស់​កងទ័ព​រដ្ឋាភិបាល នៅ​ចំពោះមុខ​ក្រុមតាលីបង់ ដែលបង្ហាញ​កាន់តែច្បាស់​ពី​មហិច្ឆតាចង់​ដណ្តើមគ្រប់គ្រង​អំណាច នៅអាហ្វហ្កានីស្ថាន តាមរយៈ​ការប្រយុទ្ធ ជាជាង ការចរចា​តាមផ្លូវ​នយោបាយ ដែល​សហគមន៍​អន្តរជាតិ ធ្លាប់សង្ឃឹម និង​ត្រួសត្រាយឲ្យ​រហូតមក។

សម្រាប់​អ្នកជំនាញ សង្រ្គាម​២០ឆ្នាំ​របស់​អាមេរិក នៅអាហ្វហ្កានីស្ថាន នៅ​បំផុត បានបិទបញ្ចប់ ទៅ​ដោយ​ការវិលត្រលប់​របស់​ពួកតាលីបង់ ដែល​បាន​ប្រកាស​រួចហើយថា នឹង​អនុវត្ត​ច្បាប់អ៊ីស្លាម​តឹងរ៉ឹងឡើងវិញ នៅអាហ្វហ្កានីស្ថាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI