ចិន-មេរោគដែលតា

ប្រជាជន​ចិន​រាប់​លាន​នាក់​ត្រូវ​ស្ថិត​ក្រោម​ការ​បិទ​ខ្ទប់​ដោយ​សារ​រលក​ឆ្លង​នៃ​មេរោគ​ដែល​តា

ប្រទេសចិនកំពុងព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដបង្កឡើងដោយមេរោគបំប្លែងខ្លួនដែលតា។
ប្រទេសចិនកំពុងព្យាយាមទប់ស្កាត់ការឆ្លងរីករាលដាលកូវីដបង្កឡើងដោយមេរោគបំប្លែងខ្លួនដែលតា។ STR AFP

នៅក្នុង​ប្រទេសចិន​ ប្រជាជន​រាប់​លាន​នាក់​ត្រូវ​រស់នៅ​ក្រោម​វិធានការ​បិទខ្ទប់​នា​ថ្ងៃ​ចន្ទ ទី២ សីហានេះ​ ដោយសារតែ​ការ​ឆ្លង​រីក​រាល​ដាល​នៃ​មេរោគ​បំប្លែង​ខ្លួន​ដែលតា​។ ទន្ទឹមនេះ​ ដើម្បី​ទប់ស្កាត់​រលក​ឆ្លង​កូវីដ​ដ៏ធំ​ អាជ្ញាធរ​ចិន​ក៏បាន​សម្រេចផងដែរ​ ធ្វើ​តេស្ត​រក​កូវីដ​ទ្រង់ទ្រាយធំ​និង​ហាមឃាត់​ការ​ធ្វើដំណើរណា​ដែល​មិន​ចាំ​បាច់​​។

ផ្សាយពាណិជ្ជកម្ម

ប្រទេសចិន​នៅថ្ងៃចន្ទនេះ បាន​រាយការណ៍​ អំពី​ការ​ឆ្លង​កូវីដ​ក្នុង​ស្រុកថ្មី​ចំនួន​ ៥៥​ ករណី ​ស្របពេលដែល​ការ​ឆ្លង​រីករាលដាលនៃជំងឺកូវីដ​បង្កឡើង​ដោយ​មេរោគដែលតា​ បាន​ឆ្លង​យ៉ាង​លឿន​ចូលទៅដល់ក្រុងជាង​ ២០ និងខេត្តជាង ១២​។

នៅតាមទីក្រុងធំៗជាច្រើន​ រួមទាំង​ក្រុងប៉េកាំងផង​ ខណៈ​តម្រូវ​ប្រជាជន​ ឲ្យស្នាក់​នៅតែ​ក្នុង​ផ្ទះ​ ក្រោម​បម្រាម​បិទ​ខ្ទប់​ជា​ថ្មី​ អាជ្ញាធរចិន​ក៏បាន​ចាប់ផ្តើម​យុទ្ធនាការ​ធ្វើតេស្ត​រកកូវីដ​ផងដែរ​លើ​ប្រជាជន​ចំនួនរាប់លាននាក់​។

ក្នុង​ទីក្រុងស៊ូចូវ (Zhuzhou) នៃ​ខេត្ត​ហ៊ូណាន​ ​ រដ្ឋអំណាចមូលដ្ឋាន​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ប្រជាជន​ជាង​ ១ លាន ២ សែននាក់​ ត្រូវ​ស្ថិត​នៅក្រោម​វិធានការ​បិទខ្ទប់​យ៉ាងតឹងរឹង​ នៅរយៈពេលបី​ថ្ងៃខាងមុខ​។ ហើយការ​ធ្វើតេស្ត​ និង​កម្មវិធី​ចាក់​ថ្នាំវ៉ាក់សាំង​នៅទូទាំងក្រុង​ ក៏ត្រូវ​ចាប់ផ្តើមធ្វើផងដែរ​។ រដ្ឋ​អំណាច​ក្រុង​ស៊ូចូវ បាន​និយាយថា​ ការ​ឆ្លង​រីករាលដាលកូវីដ​បង្កឡើងដោយ​មេរោគបំប្លែងខ្លួន​ដែលតា​ នៅតែមាន​សភាពធ្ងន់ធ្ងរ​ និង​ស្មុគស្មាញ​។

ចំណែក​ ប៉េកាំង​ ដែលជាទីក្រុង​ទទួលបាន​ជោគជ័យ​ក្នុងការ​គ្រប់គ្រងកូវីដ​ និង​អាច​បើក​សេដ្ឋកិច្ច​ឲ្យដំណើរ​វិញបាននោះ ​ ក៏កំពុងប្រឈម​នឹង​រលកឆ្លងកូវីដ​ជាថ្មីដែរ​។ សង្កាត់​មួយ​ក្នុង​ក្រុង​ប៉េកាំងត្រូវ​បាន​បិទ​ខ្ទប់​តាំង​ពី​ថ្ងៃព្រហស្បតិ៍​សប្តាហ៍មុន​ក្រោយ​ពី​រក​ឃើញ​ករណី​វិជ្ជមាន​កូវីដ​ជាលើ​ក​ដំបូង​ភ្លាម​។ ហើយប្រជាជន​នៅ​ប៉េកាំង​ក៏ត្រូវ​ចាប់​មានកាតព្វកិច្ច​ពាក់​ម៉ាស់វិញដែរ។

ទីក្រុង​ទេសចរណ៍​ចៀងជាជី​ (Zheangjiajie) ដែលស្ថិតនៅក្បែរ​ក្រុងស៊ូចូវ​ ករណី​ឆ្លង​កូវីដបាន​ផ្ទុះឡើង​កាលពីខែមុន​ក្នុង​ចំណោម​អ្នកទៅ​រោងល្ខោន​ ហើយបន្ទាប់មកទៀត​ រលក​ឆ្លង​ក៏​បន្ត​រីករាលដាល​ធំឡើង​។ ដើម្បី​ទប់ស្កាត់​ខ្សែចម្លងមេរោគរាតត្បាតនេះ​ អាជ្ញាធរ​បាន​ចាប់​ក្រុង​អ្នក​ស្រុកទាំងអស់​ចំនួន​ប្រមាណ ១ លាន ៥ សែននាក់ឲ្យស្នាក់នៅតែក្នុងផ្ទះ ចាប់តាំងពីថ្ងៃសុក្រ​ ទី៣០ កក្កដាមក​។

មន្រ្តីចិន​ នាខណៈនេះ​កំពុងខំស្វះស្វែង​រកជាបន្ទាន់​នូវ​ប្រជាជន​ដែលទើបតែ​ធ្វើ​ដំណើរ​មកពី​ក្រុង​ណានជីង​ ឬ ចៀងជាជី​ជាទីដែល​មាន​ករណី​ឆ្លង​ថ្មី​ផ្ទុះ​ឡើង​។ ក្រៅពីនេះ​ អាជ្ញាធរចិន​ក៏​បាន​ជំរុញផងដែរ​ កុំឲ្យអ្នកទេសចរ​ធ្វើដំណើរទៅកាន់​តំបន់​ដែល​មាន​ការ​ឆ្លង​រីករាលដាល​កូវីដ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI