តម្លៃវ៉ាក់សាំងបង្ការកូវីដ

ក្នុង​កាលៈទេសៈ​ដែលមេរោគកូវីដ​បំប្លែងខ្លួន ឆ្លងរាតត្បាតពិភពលោក តម្លៃវ៉ាក់សាំង​កើនឡើងក្រឺតៗ

គ្រូពេទ្យ​ចាក់វ៉ាក់សាំង​បង្ការកូវីដ​Moderna នៅប្រទេស​ប៉ាគីស្ថាន ថ្ងៃទី ៦​កក្កដា ២០២១
គ្រូពេទ្យ​ចាក់វ៉ាក់សាំង​បង្ការកូវីដ​Moderna នៅប្រទេស​ប៉ាគីស្ថាន ថ្ងៃទី ៦​កក្កដា ២០២១ AP - K.M. Chaudary

នៅពេល​ពិភពលោក​កំពុង​ប្រឈម​នឹង​រលកឆ្លងថ្មី នៃ​មេរោគបំប្លែងខ្លួន​កូវីដ “ដែលតា” ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង អាមេរិកាំង ដូចជា Pfizer ដែលរួមគ្នា​ជាមួយ​មន្ទីរពិសោធន៍​អាល្លឺម៉ង់ BioNtech និងក្រុមហ៊ុន​Moderna បាន​អះអាង ថា ថ្នាំបង្ការកូវីដ​១៩ នឹង​ឡើង​ថ្លៃជាងមុន ដើម្បី ឆ្លើយតប​ទៅនឹង​លក្ខខណ្ឌ បច្ចេកទេស និង​គុណភាព​វ៉ាក់សាំង​សម្រាប់​ទប់ទល់មេរោគបំប្លែងខ្លួន​កូវីដ ដូចជា “ដែលតា”។ នេះបើតាម​ការចុះផ្សាយ​របស់​កាសែតសេដ្ឋកិច្ច Financial Times។ រដ្ឋលេខាធិការរដ្ឋបារាំង​ទទួល​បន្ទុកកិច្ចការ​អឺរ៉ុប​បាន​បញ្ជាក់​ព័ត៌មាននេះ នៅក្នុង​បទសម្ភាសន៍​មួយ ជាមួយ​វិទ្យុបារាំង​អន្តរជាតិ កាលពី​ថ្ងៃ​ចន្ទ​ទី ២​សីហា។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​ការចុះផ្សាយ កាលពី​ថ្ងៃ​អាទិត្យ កាសែត​ Finacial Times​បាន​សរសេរ​ថា ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង ដូចជា Pfizer និង​Moderna នឹង​ដំឡើង​ថ្លៃ​វ៉ាក់សាំង​បង្ការកូវីដ នៅក្នុង​ក្របខ័ណ្ឌ​ផ្គត់ផ្គង់​វ៉ាក់សាំង សម្រាប់​សហភាពអឺរ៉ុប។

តាម​កាសែត​សេដ្ឋកិច្ចខាងលើ នៅក្នុង​កិច្ចសន្យា​លក់​ឲ្យ​សហភាពអឺរ៉ុប វ៉ាក់សាំង បង្ការកូវីដ​របស់​ក្រុមហ៊ុន​Pfizer នឹងឡើង​ថ្លៃ ៤អឺរ៉ូ ពី ១៥,៥ទៅ ១៩,៥អឺរ៉ូ ចំណែក​ថ្នាំបង្ការកូវីដ​របស់​ក្រុមហ៊ុន​អាមេរិកាំង Moderna នឹងឡើង​ថ្លៃ ពី ១៩ ទៅ ២៥,៥អឺរ៉ូ។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ កាលពី​ថ្ងៃ​ចន្ទ រដ្ឋលេខាធិការរដ្ឋបារាំង ទទួលបន្ទុក​កិច្ចការអឺរ៉ុប លោក​Clément Beaune បាន​និយាយ​ប្រាប់ឲ្យគេ​ប្រយ័ត្នប្រយែង​ពីការចុះផ្សាយ​តម្លៃវ៉ាក់សាំង ព្រោះថា អ្វីៗ​កំពុង​ស្ថិតនៅក្នុង​ដំណាក់កាល ចរចា នៅឡើយ ពោល​គឺ គេ​នៅមិនទាន់​ដឹងតម្លៃ​ពិតប្រាកដ ចុងក្រោយនោះទេ។

យ៉ាងណាក៏ដោយ ​លោក​Beaune ទទួល​ស្គាល់​ថា តម្លៃវ៉ាក់សាំង នៅក្នុង​កិច្ចសន្យា​ផ្គត់ផ្គង់ នាពេលខាងមុខ ប្រាកដ​ជាឡើងថ្លៃ ព្រោះ ភាគីអឺរ៉ុប​បាន​ទាមទារ ដាក់លក្ខខណ្ឌ​មួយចំនួន​ជាមួយ​ក្រុមហ៊ុន ដូចជា អនាគត វ៉ាក់សាំង​បង្ការកូវីដ​ត្រូវ​មាន​ប្រសិទ្ធិភាព សម្របខ្លួន ជាមួយ​មេរោគបំប្លែងខ្លួន មួយផ្នែក​ធំ​នៃ​ផលិតកម្ម​ថ្នាំបង្ការកូវីដ ត្រូវ​ធ្វើឡើង​នៅទឹកដី​អឺរ៉ុប។ លើសពីនោះ ក្រុមហ៊ុន​ត្រូវ​ផ្គត់ផ្គង់ ឲ្យទៀងទាត់ពេលវេលា ឬ​ត្រូវ​ប្រឈម​នឹង​ការបង់សង​ថ្លៃខូចខាត ក្នុង​ករណី​យឺតយ៉ាវ ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង។

ការសិក្សា​មួយចំនួន​ដែល​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP បាន​បង្ហាញ​ថា វ៉ាក់សាំង របស់​ក្រុមPfizer និង​Moderna ដែលផលិត​តាមបច្ចេកវិទ្យាថ្មី mRNA មាន​ប្រសិទ្ធិភាពខ្ពស់ ទៅលើ​មេរោគបំប្លែងខ្លួន “ដែលតា” ដែល​មាន​វត្តមានដំបូង​នៅឥណ្ឌា។

គេ​វាយតម្លៃថា ជាមួយ​នឹង​ការកើន ឡើងវិញ​នៃ​ករណីឆ្លងជំងឺកូវីដ ដែល​បង្កឡើង​ដោយ​មេរោគបំប្លែងខ្លួន កូវីដ  និង​ការបង្កើន​យុទ្ធនាការ​ចាក់វ៉ាក់សាំង នៅទូទាំងពិភពលោក បរិមាណ​លក់​វ៉ាក់សាំង​បង្ការកូវីដ របស់​ក្រុមហ៊ុន​Pfizer រួមជាមួយ​មន្ទីរពិសោធន៍អាល្លឺម៉ង់ BioNtech និង​ក្រុមហ៊ុន​Moderna ស្ទុះឡើងលឿនខ្លាំងដែរ នៅ​ឆ្នាំនេះ។

នៅក្នុង​ឱកាស​បង្ហាញ​លទ្ធផល​ហិរញ្ញវត្ថុ កាលពី​ថ្ងៃ​ពុធ​សប្តាហ៍មុន អគ្គនាយកក្រុមហ៊ុន​Pfizer បាន​អះអាងថា រួមជាមួយ មន្ទីរពិសោធន៍ អាល្លឺម៉ង់ BioNtech ក្រុមហ៊ុន​មាន​កិច្ចសន្យា​ទិញ​វ៉ាក់សាំង​សរុប ២ពាន់លាន​ដូស។ កិច្ចសន្យា​ទិញ​ចុងក្រោយ មានពីខាង​អាមេរិក ដែលបាន​កុម្ម៉ង់​ទិញ​វ៉ាក់សាំង បន្ថែម ២០០លានដូស​ទៀត សម្រាប់​ប្រជាជន​អាមេរិកាំង។

ក្នុង​កាលៈទេសៈ​ដែល​ជំងឺកូវីដ​នៅតែ​រាតត្បាតពិភពលោក ពីមួយខែ ទៅ មួយខែ កុងទ័រ​ប្រាក់ចំណូល​របស់​ក្រុមហ៊ុន ដែល​បាន​មកពីការលក់វ៉ាក់សាំង​បង្ការកូវីដ កាន់តែ វិលខ្ញាល់ ជាពិសេស ក្រុមហ៊ុន​អាមេរិកាំង Pfizer ដែល​ឃើញ​ប្រាក់ចំណូលប្រចាំឆ្នាំ របស់ខ្លួន ដែលបានមកពី​វ៉ាក់សាំង កើនឡើង​ដល់ ជាង ៣៣ពាន់លាន​ដុល្លារ។ នៅ​ខែ ឧសភា ក្រុមហ៊ុន Moderna បាន​បង្ហាញ ប្រាក់ចំណូល ដែល​បានមក​ពីការលក់វ៉ាក់សាំង​ប្រមាណ ១៩​ពាន់លាន​ដុល្លារ ចំណែក​ក្រុមហ៊ុនអាមេរិកាំង បាន​ព្យាករថា ខ្លួន​អាច​រកចំណូល​ជាង ២,៥ពាន់លាន​ដុល្លារ សម្រាប់​ការលក់វ៉ាក់សាំង នៅ​ឆ្នាំ​២០២១៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI