ម៉ាឡេស៊ី

ម៉ាឡេស៊ី ៖ អតីត​នាយករដ្ឋមន្ត្រី​មហាធៀរ និង​លោក​អាន់វ៉ា ត្រលប់មកចាប់​ដៃ​គ្នា ដើម្បី​ទម្លាក់​នាយករដ្ឋមន្ត្រី​ថ្មី

តំណាង​រាស្ត្រ​ម៉ាឡេស៊ី ដឹកនាំ​ដោយ​លោក​ មហាធៀរ មហាម៉ាត់ និង​លោកអានវ៉ា អ៊ីប្រាហ៊ីម ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង។ ថ្ងៃទី ២ សីហា ២០២១
តំណាង​រាស្ត្រ​ម៉ាឡេស៊ី ដឹកនាំ​ដោយ​លោក​ មហាធៀរ មហាម៉ាត់ និង​លោកអានវ៉ា អ៊ីប្រាហ៊ីម ធ្វើ​បាតុកម្ម​ទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​លាលែង​ពី​តំណែង។ ថ្ងៃទី ២ សីហា ២០២១ AP - FL Wong

​លោក មហាធៀរ មហាម៉ាត់ និង​លោក អានវ៉ា អ៊ីប្រាហ៊ីម ដែល​ធ្លាប់​ជា​គូប្រជែង​នយោបាយ​នឹង​គ្នាតាំង​ពីយូរមកហើយ បាន​សម្រេច​ទុកដាក់ជម្លោះ​រវាង​គ្នា​មួយ​ឡែក​សិន។ នៅ​ថ្ងៃ​ចន្ទទី ២ សីហា​២០២១​នេះ បុរស​ខ្លាំង​របស់​ម៉ាឡេស៊ី​ទាំងពីរ បាន​​ងាកមកកាន់​ដៃ​គ្នា ដឹកនាំ​ធ្វើ​បាតុកម្ម​​ ប្រឆាំង​នឹងការបិទ​ប្រជុំសភា និង​ទាមទារ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ ម៉ូយីដឌីន យ៉ាស៊ីន ចុះ​ចេញតំណែង​។

ផ្សាយពាណិជ្ជកម្ម

​សម័យប្រជុំសភា ថ្ងៃ​ចុងក្រោយ​ថ្ងៃចន្ទ​ទី​២សីហា ​ត្រូវ​បាន​លុប​ចោល​ទៅវិញ​ ដោយ​ហេតុ​តែ​រកឃើញករណី​វិជ្ជមានកូវីដ​ក្នុង​ចំណោម​តំណាងរាស្ត្រ។ ប៉ុន្តែ​ក្រុមប្រឆាំង​និង​ក្រុមប្រជែង បាន​ចោទ​លោក​នាយករដ្ឋមន្ត្រី​ម៉ូយីដឌីន យ៉ាស៊ីន​ ថា​កំពុង​ប្រើ​កូវីដ​​ជា​លេស ដើម្បីកុំ​ឱ្យ​សភា​បោះឆ្នោត​ដក​ទំនុក​ចិត្ត​​ពី​រដ្ឋាភិបាល​លោក​ទាន់។

ប្រឈម​នឹង​ស្ថានភាព​បែប​នេះ លោក​មហាធៀរ មហាម៉ាត់ ដែល​ធ្លាប់​ជា​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​ដល់​ទៅ​ពីរ​ដង និង​លោក​អានវ៉ា អ៊ីប្រាហ៊ីម ដែល​ជា​អ្នក​នយោបាយ​ដ៏​មាន​ឥទ្ធិពលម្នាក់ដែរ​នោះ បាន​សម្រេច​ចុះ​ថ្នល់ នាំមុខ​​សមាជិក​សភា​ជាងមួយ​​រយ​នាក់​ ដើរ​ដង្ហែក្បួន​បាតុកម្ម សំដៅ​ទៅ​សភា​។ បាតុករតំណាងរាស្ត្រ ​ដែល​ស្រែក​ទាមទារឱ្យ​នាយករដ្ឋមន្ត្រី​ ម៉ូយីនឌីនយ៉ាស៊ីន ចុះ​ចេញ​ពីតំណែង ត្រូវ​រារាំង​ដោយ​ប៉ូលិស និង​បំបែកហ្វូង​ដោយ​សន្តិវិធី មុនទៅ​ដល់​រដ្ឋ​សភា។

“ប្រជាពលរដ្ឋ​ថ្កោលទោស​ហើយ នៅ​តែ​មិន​បដិសេធ​មិន​ចុះចេញពី​តំណែង​ទៀត” ! នេះ​ជា​ប្រសាសន៍​របស់លោក​មហាធៀរ។ ចំណែកលោកអានវ៉ា​វិញ​បាន​ប្រកាស​ថា “រដ្ឋាភិបាលបច្ចុប្បន្ន​ បាត់ភាព​​ជា​អ្នកដឹកនាំប្រទេស​​ស្រប​ច្បាប់​ទៀត​ហើយ​ ព្រោះ​ពុំមាន​សំឡេង​គាំទ្រ​ភាគ​ច្រើន​នៅក្នុង​សភាទៀត​ទេ”។

សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ម៉ាឡេស៊ី​ដឹកនាំ​ដោយ​លោកនាយក​រដ្ឋមន្ត្រី​ ម៉ូយីដឌីន យ៉ាស៊ីន រង​សម្ពាធ​កាន់​តែខ្លាំងឡើងៗ។ បន្ទាប់​ពី​រង​ការ​ស្តី​បន្ទោស​ពី​ព្រះ​មហាក្សត្រ​ថា​បានបន្លំសភា ប្រជាពលរដ្ឋម៉ាឡេស៊ី​ជាច្រើនបានចុះធ្វើ​បាតុកម្មទាមទារ​ឱ្យ​នាយករដ្ឋមន្ត្រី​ចុះចេញ​ពី​តំណែង។ បាតុកម្មកាលពី​​​ថ្ងៃ​សៅរ៍​ទី ៣១​កក្កដា ជា​ករណី​ដ៏​កម្រ​មួយ​ស្រាប់​ទៅ​ហើយ ហើយ​ការ​ដែរ​អតីត​នាយករដ្ឋមន្ត្រី មហាធៀរ​និង​លោកអានវ៉ា កាន់​ដៃ​គ្នា​ចូល​ធ្វើ​បាតុកម្ម​ និង​គាំទ្រ​បាតុកម្ម​ដែរ ជា​រឿង​គួរឱ្យ​ភ្ញាក់ផ្អើល​មួយ​ទៀត ព្រោះ​បុរសខ្លាំង​ទាំងពីរ​ធ្លាប់ជា​គូប្រជែង​​នយោបាយ​តាំង​តឹង​នឹង​គ្នា​ខ្លាំងណាស់។

នៅ​ឆ្នាំ​១៩៩០​ ក្នុង​អាណត្តិ​ជា​នាយករដ្ឋមន្ត្រី​ជា​លើក​ដំបូង លោក​មហាធៀរ មហាម៉ាត់ ធ្លាប់​បាន​ដក​លោកអានវ៉ា ពី​រដ្ឋាភិបាល ព្រមទាំង​បាន​ចាប់​ទៅ​ឃុំ​ឃាំង ពី​បទ​ប្រព្រឹត្ត​អំពើ​អនាចារ​ផ្លូវ​ភេទ​​ជាមួយ​បុរស និង​ចោទ​ប្រកាន់​ថា​បាន​រំលោភ​អំណាច​ទៀត។ បុរសខ្លាំង​ទាំង​ពីរបានចង​សម្ព័ន្ធ​ភាព​គ្នា​​វិញ រហូត​បាន​ទទួលជោគជ័យ​ជាប្រវត្តិសាស្ត្រ​​ក្នុង​សម័យ​​បោះឆ្នោត​សភា នៅឆ្នាំ​២០១៨។ឈ្នះ​ឆ្នោត​រួច​ក៏​ឈ្លោះ​គ្នា​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI