តាលីបង់-អាហ្វហ្កានីស្ថាន

កងទ័ពអាហ្វហ្កានីស្ថានបញ្ជាឲ្យប្រជាជន​ចាកចេញពីទីក្រុង ដើម្បីខ្លួន​អាច​វាយប្រហារ​លើ​ពួកតាលីបង់

កងកម្លាំងទ័ពពិសេស​អាហ្វហ្កានីស្ថាន​ចូលប្រយុទ្ធតទល់​នឹង​ពួកតាលីបង់ នៅក្នុង​ទីក្រុង​ Lashkar Gah, ខេត្ត​Helmandនៅភាគខាងត្បូង អាហ្វហ្កានីស្ថាននៅថ្ងៃទី ៣​សីហា ២០២១
កងកម្លាំងទ័ពពិសេស​អាហ្វហ្កានីស្ថាន​ចូលប្រយុទ្ធតទល់​នឹង​ពួកតាលីបង់ នៅក្នុង​ទីក្រុង​ Lashkar Gah, ខេត្ត​Helmandនៅភាគខាងត្បូង អាហ្វហ្កានីស្ថាននៅថ្ងៃទី ៣​សីហា ២០២១ AP - Abdul khaliq

នៅថ្ងៃ​អង្គារទី​៣ សីហា កងទ័ពរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន​បានអំពាវនាវ​ឲ្យ​ប្រជាជន​ចាកចេញពី​ទីក្រុង Lashkar Gah ភាគខាងត្បូង ប្រទេស ដើម្បី បើកផ្លូវ​ឲ្យ​កងទ័ព​វាយប្រហារ​ទៅលើ​ពួកតាលីបង់ ដែល​បាន​ប្រជ្រៀតខ្លួន​ចូល​ក្នុង​ទីក្រុង នៅប៉ុន្មាន​ថ្ងៃនេះ។ បេសកកម្ម​អង្គការ​សហប្រជាជាតិ ប្រចាំ​អាហ្វហ្កានីស្ថាន បានទទូចសុំ​ឲ្យគេ​គិតគូរ​ពីអាយុជីវិត​របស់​ប្រជាជន​ស៊ីវិល ព្រោះថា ការប្រយុទ្ធគ្នា រវាង​កងទ័ព រដ្ឋាភិបាល និង​ពួកតាលីបង់ បាន​សម្លាប់​ប្រជាជនស៊ីវិល ៤០នាក់ នៅក្នុង​រយៈពេលតែ ២៤​ម៉ោង​ចុងក្រោយនេះ។

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​សារផ្សាយ​តាមវិទ្យុជាតិ លោក Sami Sadat មេបញ្ជាការជាន់ខ្ពស់​ប្រចាំ​តំបន់​ខាងត្បូង​អាហ្វហ្កានីស្ថាន​បាន​អំពាវនាវ​ឲ្យ​ប្រជាជន​ ចាកចេញ​ពីផ្ទះសម្បែង ឲ្យបាន​កាន់តែ​ឆាប់បំផុត ព្រោះថា កងទ័ព​នឹង​ការបើក​ការវាយប្រហារ ប្រយុទ្ធតទល់​យ៉ាងខ្លាំងក្លា​បំផុត​ជាមួយ​ពួកតាលីបង់។

ប្រជាជន​ នៅទីក្រុង Lashkar Gah​បាន​និយាយ​ប្រាប់​អ្នកកាសែត​របស់​ទីភ្នាក់ព័ត៌មាន​បារាំង AFP ថា ការប្រយុទ្ធ​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួកតាលីបង់​បាន​ចាប់រាលដាល​ចូលដល់​ក្នុង​ក្រុង។ ពួកតាលីបង់​មាន​វត្តមាន នៅគ្រប់​កន្លែង ក្នុងទីក្រុង​និង​ធ្វើដំណើរផ្លាស់ទី​ដោយប្រើម៉ូតូ។ បន្ថែមពីលើ​ការប្រយុទ្ធគ្នា​នៅតាមផ្លូវ កងទ័ពរដ្ឋាភិបាល​អាហ្វហ្កានីស្ថាន បាន​ចាប់​បើកការវាយប្រហារ​តាមផ្លូវអាកាស លើ​ផ្ទះជាង​២០ខ្នង​ដែលជា​ទីតាំង​លាក់ខ្លួន​របស់​ពួកតាលីបង់។

ការប្រយុទ្ធគ្នាខ្លាំង នៅក្នុង​រយៈពេល​៤ថ្ងៃ​ជាប់គ្នា​មកនេះ បានធ្វើ​ឲ្យ​ប្រជាជន​មួយចំនួន រត់ចាកចេញពីទីក្រុង ប៉ុន្តែ មួយចំនួន​ផ្សេងទៀត ត្រូវ​ជាប់គាំង នៅក្នុង​សមរភូមិប្រយុទ្ធ​របស់ពួកតាលីបង់ និង​កងទ័ព​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន។ សព្វថ្ងៃនេះ ទីក្រុង​ គ្មាន​ភ្លើង លែងមាន​ទំនិញអាហារ​លក់ ចំណែកហាងទាំងអស់​ត្រូវ​បិទទ្វារ។

នៅ​ក្នុង​សារទ្វីត កាលពី​ថ្ងៃ​អង្គារ បេសកកម្មរបស់​អង្គការ​សហប្រជាជាតិ​សម្រាប់​អាហ្វហ្កានីស្ថាន​បាន​សំដែង​ក្តីបារម្ភ​ពីការបាត់បង់​ជីវិត​ប្រជាជន​ស៊ីវិល នៅក្នុង​ការប្រយុទ្ធគ្នា​រវាង​កងទ័ព​រដ្ឋាភិបាល និង​ពួកតាលីបង់។ តាម​បេសកកម្ម​របស់​អង្គការ​សហប្រជាជាតិ មាន​ប្រជាជន​ស៊ីវិល ៤០នាក់ ស្លាប់ និង​១១៨​រងរបួស នៅក្នុង​រយៈពេល ២៤​ម៉ោង នៅក្នុង​ការប្រយុទ្ធគ្នា នៅ​ទីក្រុង Lashkar Gah ដែល​មាន​ប្រជាជន រស់នៅ​ជាង ២សែននាក់។ ពួកគេ​ទាំងនោះ រងគ្រោះ ដោយសារ​ការវាយប្រហារ​តាមផ្លូវគោក​របស់​ពួកតាលីបង់ផង និង​ត្រូវ​រងគ្រោះថ្នាក់ ដោយសារ​ការវាយប្រហារ​តាមផ្លូវអាកាស​របស់​កងទ័ពរដ្ឋាភិបាល​ផង។

នៅថ្ងៃ​ចន្ទ ស្ថានទូតអង់គ្លេស និង​អាមេរិក​ប្រចាំទីក្រុង​កាប៊ូល​បាន​ចោទប្រកាន់​ពួកតាលីបង់​ថា​អាច​ប្រព្រឹត្ត​បទឧក្រិដ្ឋកម្ម​សង្រ្គាម បន្ទាប់​ពី របាយការណ៍​របស់​គណៈកម្មការឯករាជ្យមួយ​បង្ហាញថា ពួកតាលីបង់​បាន​សម្លាប់​សងសឹក ប្រជាជន អ្នកទទួលខុសត្រូវ មន្រ្តី​រដ្ឋាភិបាល​អាហ្វហ្កានីស្ថាន ជាង៤០នាក់ នៅទីក្រុង Spin Boldak  ជាប់ព្រំដែន​ប៉ាគីស្ថាន ដែលក្រុមតាលីបង់​វាយដណ្តើម ចូល​កាន់កាប់ តាំង​ពី​ពាក់កណ្តាល​ខែ​កក្កដា។

ក្រៅពីទីក្រុង​Lashkar Gah ពួកតាលីបង់​ដែល​វាយដណ្តើម​គ្រប់គ្រង​ភូមិ តំបន់ដាច់ស្រយាលមួយភាគធំ​របស់អាហ្វហ្កានីស្ថាន បាន​ចូល​កាន់កៀក ទៅឡោមព័ទ្ធទីក្រុង​ធំ​សំខាន់ ពីរទៀត គឺ​Kandahar និង​Hérat។ ប៉ុន្តែ អាជ្ញាធរ​ខេត្ត​Hérat បានអះអាង​កាលពីថ្ងៃអង្គារ​ថា កងទ័ពរដ្ឋាភិបាល​ទើប​វាយបណ្តេញ​ពួកតាលីបង់​ចេញពី​តំបន់​ជុំវិញ ទីក្រុង នៅប៉ុន្មាន​ថ្ងៃ​ចុងក្រោយនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI