វូហាន-មេរោគកូវីដ

មេរោគកូវីដបំប្លែងខ្លួន ”ដែលតា”​រាលដាល​ទៅដល់​វូហាន ប្រភពដើមនៃមេរោគកូវីដ១៩

ប្រជាជននៅទីក្រុង​វូហាន​សម្រុក​ទិញទំនិញ នៅថ្ងៃ​ចន្ទទី ២​សីហា បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​ហ៊ូពេ ដែលមាន​ទីក្រុង​វូហាន​សម្រេចរឹតបន្តឹង​ជាថ្មី ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ
ប្រជាជននៅទីក្រុង​វូហាន​សម្រុក​ទិញទំនិញ នៅថ្ងៃ​ចន្ទទី ២​សីហា បន្ទាប់ពី​អាជ្ញាធរ​ខេត្ត​ហ៊ូពេ ដែលមាន​ទីក្រុង​វូហាន​សម្រេចរឹតបន្តឹង​ជាថ្មី ដើម្បី​ទប់ស្កាត់ការឆ្លងរាលដាលមេរោគកូវីដ AP

១ឆ្នាំ​ក្រោយស្ងប់ស្ងាត់ រស់នៅធម្មតា ដោយសារ​គ្មាន​មេរោគរាតត្បាត​កូវីដ ទីក្រុង​វូហាន ដែល​ជា​ប្រភព កើតចេញដំបូង​នៃ​មេរោគកូវីដ ត្រូវ​ត្រលប់​ទៅក្នុង​សភាពតានតឹង រឹតត្បិត​សាជាថ្មី។ នៅថ្ងៃ​អង្គារនេះ អ្នកទទួលខុសត្រូវ​ក្រុង​វូហាន​បាន​ប្រកាស​ធ្វើតេស្ត​រក​មេរោគកូវីដ នៅក្នុង​ចំណោម​ប្រជាជន​ទូទាំងក្រុង ដែលមាន​ចំនួន ១១លាននាក់ គឺ​បន្ទាប់ពីគេ​រកឃើញ​ករណីឆ្លងថ្មី ចំនួន ៣ករណី​កាលពី​ថ្ងៃ​ចន្ទ។

ផ្សាយពាណិជ្ជកម្ម

បន្ទាប់ពី​សាបរលាប បាត់ខ្លួន អស់ជាង​១ឆ្នាំ​ពីទីក្រុង​វូហាន មេរោគកូវីដ១៩ បាន​ត្រលប់​មក​ឆ្លងរាតត្បាត​នៅ​វូហាន ប្រភពដើមដំបូង​នៃមេរោគ​ដែលបាន​សម្លាប់មនុស្ស​ជាង ៤លាននាក់ នៅទូទាំង​ពិភពលោក។

បន្ទាប់ពីរកឃើញ ​ករណី​ឆ្លងមេរោគកូវីដ ចំនួន ៣ករណី កាលពី​ថ្ងៃ​ចន្ទ អាជ្ញាធរ​ក្រុង​វូហាន​បាន​សម្រេច នៅថ្ងៃអង្គារ ធ្វើតេស្ត រកមេរោគកូវីដ នៅទូទាំងក្រុង ដែលមាន​ប្រជាជន​រស់នៅ​សរុប​១១លាននាក់។

វត្តមានឆ្លងរាលដាល​មេរោគកូវីដ បាន​បំផ្លាញ​ភាពស្ងប់សុខ របស់​ក្រុង​វូហាន ដែល​ទើប​បង្ហាញ​មោទនភាព ពី​ការវិលត្រលប់​ទៅរស់នៅក្នុង​ជីវិតធម្មតា នៅក្រោយ ជំងឺឆ្លងកូវីដ ត្រូវ​បាន​គ្រប់គ្រង​ទាំងស្រុង​នៅ​ប្រទេសចិន។ ប្រទេស​ចិន ដែល​អះអាង គ្រប់គ្រងបាន​ទាំងស្រុង ជំងឺឆ្លងរាតត្បាតកូវីដ តាំង​ពីពាក់កណ្តាល​ឆ្នាំមុន បាន​ចាប់ផ្តើម​សកម្មភាព​សេដ្ឋកិច្ច រស់នៅ ធម្មតា ឡើងវិញ។ ប៉ុន្តែ ចាប់តាំងពី​ ខែ កក្កដា វូហានក៏ដូចជា ខេត្ត​ក្រុង របស់​ប្រទេស​ចិន​ជាង ៣០​កំពុង​ជួបរលកថ្មី នៃ​ជំងឺកូវីដ ដែល​បង្កឡើង​ដោយ​មេរោគបំប្លែងខ្លួន​ដែលតា។

នៅថ្ងៃ​អង្គារនេះ ចិន​បាន​រកឃើញ​ករណី​ឆ្លងថ្មី ចំនួន ៦១ករណី នៅទូទាំងប្រទេស ដែលធ្វើ​ឲ្យ​ចិន​មានអ្នកឆ្លងកូវីដថ្មី​ចំនួន ៤៧៥នាក់ គិត​ចាប់តាំង​ពី ពាក់កណ្តាល​កក្កដា។ ជាចំនួន​ឆ្លងដ៏តិចតួច បើប្រៀបធៀប​នឹង​ប្រទេស​ដទៃទៀត នៅក្នុង​ពិភពលោក ដែល​កំពុងប្រឈម​នឹង​រលកថ្មី នៃ​ជំងឺកូវីដ​បង្កឡើង​ដោយ​មេរោគបំប្លែងខ្លួន​ដែលតា។ ប៉ុន្តែ ដោយសារ​បញ្ហា​ប្រជាសាស្រ្ត ការផ្លាស់ទី​របស់​ប្រជាជនចិន​រាប់រយលាននាក់  រដ្ឋអំណាចចិន​បាន​ ​ប្រុងប្រយ័ត្នខ្ពស់ ដើម្បី​ទប់ស្កាត់​ការចម្លងរាលដាល តាំងពីដំបូងទី ដោយ​បាន​ សម្រេចចាត់វិធានការ​តឹង​ដូចឆ្នាំមុន ដូចជា​បិទទីក្រុង ដាក់មនុស្ស​រាប់លាន​ឲ្យនៅក្នុង​ផ្ទះ និងហាម​ការធ្វើដំណើរ ឆ្លងខេត្តក្រុង បើសិន​គ្មានកិច្ចការចាំបាច់។

ដូចប្រជាជន​ចិន ប្រជាជន​អូស្ត្រាលី រាប់លាន​នាក់ បាន​រស់នៅក្រោមវិធានការ​បិទខ្ទប់​ប្រទេស រហូត​ដល់ចុងខែ សីហា។ នៅថ្ងៃ​ចន្ទ ទាហាន​អូស្ត្រាលី​ត្រូវ​ពង្រាយ​នៅទីក្រុង​ស៊ីដនី ដើម្បី​ធានា​ការគោរព​វិធានការ​បិទខ្ទប់ប្រទេស ដើម្បី កាត់ផ្តាច់ ខ្សែចម្លងមេរោគកូវីដបំប្លែងខ្លួន​ “ដែលតា”។ មេរោគដែលតា ជាដើមហេតុ​ផងដែរ ធ្វើ​ឲ្យ​ករណី​ឆ្លងថ្មី កើនឡើង ក្នុង​សន្ទុះលឿន នៅក្នុង​បណ្តាប្រទេស​ដែលកំពុង​ឈានមុខ ខ្លាំង​ក្នុង​យុទ្ធនាការ​ចាក់វ៉ាកសាំង​បង្ការជំងឺកូវីដ។

នៅអាមេរិក ចំនួន​ករណីឆ្លងថ្មី បានកើនឡើង ឡើងវិញ នៅពេល មេរោគកូវីដ រាលដាល​ទៅក្នុងតំបន់ដែល​សំបូរ​រស់នៅ​ដោយ​ អ្នកដែល​មិនព្រម​ទៅ​ចាក់វ៉ាក់សាំង ដូចជា​នៅ​រដ្ឋ​តិចសាស់ និង​រដ្ឋ​Florida។ នៅអាល្លឺម៉ង់ អាជ្ញាធរអះអាងថា នឹង​ចាប់ផ្តើម​ចាក់វ៉ាក់សាំង​ដូស​ទី​៣​សម្រាប់​ក្រុមមនុស្ស​ចាស់ បន្ទាប់ពីរកឃើញ ថា ប្រព័ន្ធ​ការពារ របស់​អ្នកចាក់វ៉ាក់សាំង បាន​២ដូស​បាន​ចាប់​ធ្លាក់ចុះខ្សោយ គ្មាន​ប្រសិទ្ធិភាព គ្រប់គ្រាន់​សម្រាប់​ទប់ទល់​មេរោគ “ដែលតា”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI